ព័ត៌មានជាតិ
លោកស្រី ភឿង សកុណា៖ ទិវាអាស៊ាន ជាឱកាសឆ្លុះបញ្ចាំងពី បេតិកភណ្ឌវប្បធម៌
ក្នុងពិធីអបអរសាទរទិវាអាស៊ានលើកទី៥៦ នៅរាត្រី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ទិវាអាស៊ាន គឺជាឱកាសមួយដើម្បីឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ ហើយកម្ពុជាមានមោទនភាពក្នុងការរួមចំណែកដល់ការកសាងវប្បធម៌ដ៏សម្បូរបែបរបស់អាស៊ាន។

លោកស្រី ភឿង សកុណា បានបញ្ជាក់ពីសារៈសំខាន់ នៃវប្បធម៌ដែលជាធាតុសំខាន់ នៃអត្តសញ្ញាណ និងសហគមន៍អាស៊ានថា វប្បធម៌មិនត្រឹមតែជាប្រភព នៃមោទនភាព និងសេចក្តីរីករាយសម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញ នៃទំនាក់ទំនងសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ លោកស្រី មានប្រសាសន៍ថា អាស៊ាន គឺជាផ្ទះ នៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងចម្រុះ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏យូរអង្វែង។ រីឯវប្បធម៌គឺជាបេះដូង នៃសង្គម ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអត្តសញ្ញាណ និងធ្វើឱ្យជីវិតរស់នៅមានភាពប្រសើរឡើង។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះមានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាផ្ទះដែលមានបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យជាច្រើន រួមទាំងប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងជាកន្លែងសម្គាល់វប្បធម៌ដ៏សំខាន់បំផុតមួយនៅក្នុងពិភពលោក។ បេតិកភណ្ឌវប្បធម៌អរូបីដ៏អស្ចារ្យ ដូចជាតន្ត្រី របាំ សិល្បៈទស្សនីយភាព សិប្បកម្ម ទម្រង់សិល្បៈប្រពៃណី និងការបញ្ចេញមតិផ្សេងទៀត គឺជាសក្ខីភាពបញ្ជាក់ពីភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់ប្រជាជនកម្ពុជា។ ទាំងអស់នេះគឺជាការបង្ហាញពីអត្តសញ្ញាណ តម្លៃ សេចក្តីប្រាថ្នា ក៏ដូចជាប្រវត្តិសាស្រ្តរបស់កម្ពុជា។


លោកស្រី ភឿង សកុណា មានប្រសាសន៍បន្តថា ជារួម សម្បត្តិវប្បធម៌អាស៊ាន មិនត្រឹមតែជាកេរដំណែលពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបំផុសគំនិតសម្រាប់បច្ចុប្បន្ន និងអនាគតផងដែរ។ សម្បត្តិវប្បធម៌អាស៊ានបានលើកកម្ពស់ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមកក្នុងចំណោមមនុស្សនៅក្នុងសហគមន៍អាស៊ាន។ ទន្ទឹមនឹងនោះ សម្បត្តិវប្បធម៌អាស៊ាន បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតប្រាក់ចំណូល និងឱកាសការងារសម្រាប់សហគមន៍មូលដ្ឋាន។ ដូច្នេះ ត្រូវការពារបេតិកភណ្ឌវប្បធម៌ពីគ្រោះមហន្តរាយធម្មជាតិ ការគំរាមកំហែងដែលបង្កឡើងដោយមនុស្ស ដូចជា ការលួច ការបំផ្លិចបំផ្លាញ ឬការជួញដូរខុសច្បាប់ ជាដើម។

គួររម្លឹកថា អាស៊ាន ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដែលមានសមាជិកចំនួន ១០ប្រទេស រួមមានប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សង្ហបុរី ថៃ ឡាវ ព្រុយណេ កម្ពុជា មីយ៉ាន់ម៉ា និងរៀតណាម៕
អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


