Connect with us

ព័ត៌មានជាតិ

លោក កើត ឆែ ណែនាំមន្ត្រីចំណុះរដ្ឋបាលរាជធានី ត្រូវមានឥរិយាបថ បម្រើសេវាល្អ រហ័ស

បានផុស

នៅ

លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំដល់មន្ត្រីចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ទាំងអស់ត្រូវមានឥរិយាបថល្អ និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ និងទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ជឿទុកចិត្តមកលើមន្ត្រីរដ្ឋបាលរាជធានី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ខណៈលោក អញ្ជើញជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងវគ្គបណ្តុះបណ្តាល ស្ដីពី “ការបណ្ដុះផ្នត់គំនិត និងឥរិយាបថវិជ្ជមានរបស់បុគ្គលិកក្នុងការបំពេញការងារ” នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺជាការចែករំលែកអំពីវិធីសាស្ត្រ នៃការបណ្ដុះផ្នត់គំនិតវិជ្ជមាន ក្នុងទីកន្លែងបំពេញការងារ ជូនដល់ បុគ្គលិក-មន្ត្រីរាជការទាំងអស់ ឱ្យខិតខំបំពេញតួនាទី-ភារកិច្ចរបស់ខ្លួន កាន់តែល្អប្រសើរឡើងៗ សក្តិសមជា ប្រតិបត្តិករសេវាសាធារណៈ និងជាមន្ត្រី ពោរពេញដោយគុណសម្បត្តិ ចំនួន​៤យ៉ាង គឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការ វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។

អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បន្តថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោករំពឹងថា សិក្ខាកាមនឹងទទួលបាននូវធាតុចូលបន្ថែមអំពីវិធីសាស្ត្រ និង របៀបរបបនៃការគ្រប់គ្រងអង្គភាព និងបុគ្គលិក-មន្ត្រីរាជការ ក្រោមឱវាទ សំដៅធ្វើធានានូវប្រសិទ្ធភាពការងារ និងសុខដុមនីយកម្ម ក្នុងអង្គភាព។ វគ្គបណ្តុះបណ្តាលនេះ នឹងរួមចំណែកផ្តល់ជូនបុគ្គលិក-មន្ត្រីរាជការទាំងអស់ នូវអានុភាព ថាមពល ភាពស្វាហាប់ គំនិតវិជ្ជមាន និងឆន្ទៈខ្ពស់ ក្នុងការបំពេញការងាររបស់ខ្លួន ព្រោះ បុគ្គលិក-មន្ត្រីរាជការ គឺជាកោសិការបស់ស្ថាប័ន និងទ្រទ្រង់ដង្ហើម ស្ថាប័ន ឱ្យដំណើរការទៅប្រកបដោយចីរភាព ស្ថិរភាព និងនិរន្តរភាព។

លោក កើត ឆែ មានប្រសាសន៍បន្ថែមថា សា្ថប័នមួយដំណើរការទៅបាន លុះត្រាតែថ្នាក់ដឹកនាំ ជាបុគ្គលដែលមានសមត្ថភាព សុខភាព និងព្រហ្មវិហារធម៌ រីឯបុគ្គលិក ត្រូវជាបុគ្គលដែលមានចំណេះដឹង ជំនាញ ខិតខំតស៊ូ សំភីការងារ និងត្រូវគោរពនូវរាល់អនុសាសន៍ និង ការណែនាំរបស់ថ្នាក់ដឹកនាំ នោះទើបយើងអាចទទួលបាននូវ “សុខដុមនីយកម្ម”។ លោកសូមឱ្យមន្ត្រីដែលទទួលការផ្តល់សេវា ត្រូវតែមានលក្ខណៈទន់ភ្លន់ចំពោះប្រជាពលរដ្ឋ នៅពេលពួកគាត់មកទទួលសេវា ហើយការផ្តល់សេវានេះ ត្រូវតែលឿន ដើម្បីឱ្យពួកគាត់ជឿទុកចិត្តមកលើមន្ត្រីរដ្ឋបាលរាជធានី៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម