ព័ត៌មានជាតិ
តើស្ថាប័នជាតិណាខ្លះ ទទួលខុសត្រូវលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា?
ច្បាប់ស្តីពីផ្លូវថ្នល់ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃ ០៣ ខែមេសា ឆ្នាំ ២០១៤ ក្នុងគោលបំណងគ្រប់គ្រងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
ក្នុងច្បាប់បានលើកពីការពាក់ព័ន្ធនៃក្រសួងរដ្ឋចំនួនពីរគឺក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍជនបទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលទទួលខុសត្រូវរាល់សកម្មភាពលើការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា។
បើតាមច្បាប់ស្តីពីផ្លូវថ្នល់ ក៏បែងចែកពីសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអភិវឌ្ឍជនបទ និងរដ្ឋបាលថ្នាក់ក្រោមទៅតាមការទទួលខុសត្រូវ៖
១- ក្រសួងសាធារណការនិងដឹកជញ្ជូន មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ។
២- ក្រសួងអភិវឌ្ឍន៍ជនបទ មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវជនបទ និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ។
៣- រដ្ឋបាលថ្នាក់ក្រោមជាតិ មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវរាជធានី ផ្លូវក្រុង ផ្លូវទីប្រជុំជននានាក្នុងខេត្ត ដែលត្រូវបានកសាងជួសជុលថែទាំ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងថវិកាដែលបានកៀរគរពីប្រភពផ្សេងទៀត និងផ្លូវផ្សេងទៀតតាមការផ្ទេរមុខងារពីក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្លូវផ្សេងទៀតក្រោយពីមានការសម្រេចឯកភាពពីរាជរដ្ឋាភិបាល។

ផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាបែងចែកតាមប្រភេទមាន៖ ១- ផ្លូវល្បឿនលឿន ២- ផ្លូវជាតិ ៣- ផ្លូវខេត្ត ៤- ផ្លូវជនបទ ៥- ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានាក្នុងខេត្ត និងប្រភេទផ្លូវផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល។
ផ្លូវល្បឿនលឿន
សំដៅដល់ផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នាឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬមានផ្លូវប្រសព្វតិចបំផុតក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍អត់ឈប់ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឲ្យយានយន្តចេញនិងចូលផ្លូវល្បឿនលឿន។
ផ្លូវជាតិសំដៅដល់ផ្លូវដែលមានចរាចរណ៍ច្រើន៖
ក- ផ្លូវភ្ជាប់ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងនៃខេត្តនីមួយៗនៅទូទាំងប្រទេស។
ខ- ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយទៀត។
គ- ផ្លូវភ្ជាប់ចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវជាតិ។
ឃ- ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយ។
ង- ផ្លូវបែកចេញពីផ្លូវជាតិ ឬផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយឆ្ពោះទៅកាន់តំបន់សំខាន់ៗដូចជា កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់មានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត។
ច- ផ្លូវសំខាន់ៗរបស់ជាតិ មានចរាចរណ៍ច្រើនដែលកំណត់ដោយរាជរដ្ឋាភិបាល តាមសំណើរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។

ផ្លូវខេត្តសំដៅដល់ផ្លូវដែលមានចរាចរណ៍មធ្យម៖
ក- ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ទីរួមស្រុកខណ្ឌ។
ខ- ផ្លូវបែកចេញពីផ្លូវជាតិឆ្ពោះទៅកាន់ផ្លូវខេត្ត។
គ- ផ្លូវបែកចេញពីផ្លូវខេត្តឬផ្លូវក្រុង ឆ្ពោះទៅកាន់ទីរួមស្រុកខណ្ឌ។
ឃ- ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ផ្លូវខេត្ត ។
ង- ផ្លូវបែកចេញពីផ្លូវខេត្ត ឆ្ពោះទៅកាន់ផ្លូវខេត្ត។
ច- ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុងឬផ្លូវទីប្រជុំជននានាក្នុងខេត្តទៅកាន់តំបន់សំខាន់ៗ ដូចជា កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋាន ទេសចរណ៍ ច្រកទ្វារព្រំដែនទ្វេភាគី តំបន់មានសក្តានុពលសេដ្ឋកិច្ចមធ្យមផ្សេងទៀត។
ផ្លូវជនបទសំដៅដល់៖
ក- ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ក្រុងទីរួមស្រុកខណ្ឌ ទីប្រជុំជនឃុំ សង្កាត់ និងទៅភូមិ។
ខ- ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ។
គ- ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ទៅទីប្រជុំជនឃុំ សង្កាត់។
ឃ-ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំ សង្កាត់ ទៅទីប្រជុំជនឃុំ សង្កាត់។
ង- ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំ សង្កាត់ ទៅភូមិ។
ច- ផ្លូវដែលភ្ជាប់ពីភូមិទៅភូមិ។
ឆ- ផ្លូវក្នុងភូមិ។
ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានាក្នុងខេត្ត
សំដៅដល់ផ្លូវថ្នល់ដែលស្ថិតនៅក្នុងបរិវេណភូមិសាស្ត្ររដ្ឋបាលរាជធានីខេត្តដោយរួមមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើង។
រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិក្នុងការគ្រប់គ្រងនិងចាត់ចែងផ្លូវថ្នល់ក្នុងសមត្ថកិច្ចរបស់ខ្លួន។ រាល់ការធ្វើផែនការ ការអភិវឌ្ឍផ្លូវថ្នល់ ការសិក្សា គម្រោងប្លង់ ដែលទាមទារបច្ចេកទេសខ្ពស់ រដ្ឋបាលថ្នាក់ក្រោមជាតិអាចសុំការឯកភាពពីក្រសួងសាធារណការនិងដឹកជញ្ជូន ឬក្រសួងអភិវឌ្ឍន៍ជនបទទៅតាមជំនាញរបស់ក្រសួង និងត្រូវគោរពតាមបទប្បញ្ញត្តិបច្ចេកទេស បទប្បញ្ញត្តិនគរូបនីយកម្ម និងបេតិកភណ្ឌ និងស្របតាមបទប្បញ្ញត្តិនៃច្បាប់៕

-
KPT+៤ ម៉ោង មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
នាយ ក្រឹម ចេញមុខមកបញ្ជាក់ ក្រោយផ្ទុះការរិះគន់រឿងភេទទី៣