ព័ត៌មានអន្ដរជាតិ
អ្នកវិភាគអន្តរជាតិបារម្ភថា ការលូកដៃកាន់តែជ្រៅរបស់អាល្លឺម៉ង់ អាចបញ្ឆេះសង្គ្រាមលោកលើកទី៣
អាល្លឺម៉ង់ ចាប់ផ្តើមចេញមុខចេញមាត់ខ្លាំងឡើងៗ ជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី តាមរយៈការផ្តល់ជំនួយយោធា ជាពិសេសចុងក្រោយបំផុតនេះ ឈានដល់ការបើកដៃឲ្យទីក្រុងកៀវ ប្រើអាវុធលោកខាងលិច បាញ់ចូលជ្រៅក្នុងដីរុស្ស៊ីទៀតផង។

មិនត្រឹមប៉ុណ្ណឹង ជាមួយនឹងការផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅឲ្យទីក្រុងកៀវ, អាល្លឺម៉ង់កំពុងបញ្ឆេះកំហឹងរុស្ស៊ី ធ្វើឲ្យទីក្រុងមូស្គូក្តៅស្លឹកត្រចៀក ដល់ថ្នាក់អ្នកវិភាគអន្តរជាតិចេញមុខព្រមានថា ការលូកដៃកាន់តែជ្រៅរបស់ទីក្រុងបែរឡាំង អាចពង្រីកភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែឆេះសន្ធោសន្ធៅ ឈានដល់ផ្ទុះសង្គ្រាមលោកលើកទី៣ទៀតផង។
អ្នកវិភាគភូមិសាស្ត្រនយោបាយនិងសន្តិសុខបូលីវី លោក Jose Hugo Moldiz Mercado បានប្រាប់ សារព័ត៌មាន Sputnik កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែឧសភាឆ្នាំ២០២៥ថា ការសម្រេចចិត្តរបស់អធិកាបតីអាល្លឺម៉ង់ Friedrich Merz ផ្គត់ផ្គង់មីស៊ីល Taurus ទៅឲ្យទីក្រុងកៀវ នឹងពង្រីកជម្លោះរុស្ស៊ី-អ៊ុយក្រែន រីករាលពេញទ្វីបអឺរ៉ុបទាំងមូល ឈានដល់បញ្ឆេះឲ្យមានសង្គ្រាមលោកថ្មីមួយទៀត។
លោក Hugo Moldiz និយាយថា «ការអនុញ្ញាតរបស់អធិការបតីអាល្លឺម៉ង់ ឲ្យអ៊ុយក្រែនវាយចូលទឹកដីរុស្ស៊ី គឺជាការជ្រៀតជ្រែករបស់អាល្លឺម៉ង់ដោយប្រយោលពីទស្សនៈវិស័យយោធា និងការជ្រៀតជ្រែកដោយផ្ទាល់ពីទស្សនៈនយោបាយដែលមានគោលបំណងពង្រីកជម្លោះឲ្យរីករាលដាលដល់ទ្វីប ហើយវាច្បាស់ណាស់ថា ជាហានិភ័យដ៏ធំមិនត្រឹមតែសម្រាប់អឺរ៉ុបឬអឺរ៉ាស៊ីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ»។

ទន្ទឹមនោះ ពាក់ព័ន្ធមីស៊ីល Taurus នេះដែរ រុស្ស៊ីព្រមានរួចហើយថា ប្រសិនបើអ៊ុយក្រែន ពិតជាយកមីស៊ីលដែលផ្តល់ឲ្យដោយទីក្រុងបែរឡាំងប្រភេទនេះ ទៅបាញ់ចូលដីរបស់ខ្លួនមែន ទីក្រុងមូស្គូ ក៏ប្រហែលជានឹងវាយប្រហារប្រទេសអាល្លឺម៉ង់ ផងដែរ។
ការគំរាមនេះចេញពីមាត់លោក Andrey Kartapolov ដែលជាប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរុស្ស៊ីនៅក្នុងបទសម្ភាសជាមួយគេហទំព័រ Life.ru កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែឧសភាឆ្នាំ២០២៥។
លោកនិយាយថា៖ «យើងត្រៀមគ្រប់យ៉ាងរួចអស់ហើយ ប្រសិនបើអាល្លឺម៉ង់ ហ៊ានបញ្ជូនមីស៊ីលនេះទៅឲ្យអ៊ុយក្រែនមែន។ អ៊ុយក្រែន មិនចេះប្រើមីស៊ីលនេះទេលុះត្រាតែមានទ័ពអាល្លឺម៉ង់មកជួយធ្វើប្រតិបត្តិការ ដូច្នេះមានន័យថា ទីក្រុងបែរឡាំងនឹងក្លាយជាភាគីចូលដៃដោយផ្ទាល់នៅក្នុងសង្គ្រាមនេះហើយ។ យើងត្រៀមខ្លួនដើម្បីស្ទាក់ចាប់មីស៊ីល Taurus, វាយប្រហារកន្លែងបាញ់បង្ហោះ, អ្នកបញ្ជាបាញ់ ហើយបើចាំបាច់ យើងនឹងវាយប្រហារប្រទេសដែលបញ្ជូនមីស៊ីលនេះមកតែម្តង»។

Taurus KEPD 350 គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីអាកាស ដែលបង្កើតឡើងដោយក្រុមហ៊ុន Taurus Systems GmbH។ មីស៊ីលប្រភេទនេះ ត្រូវបានរចនាឡើងផ្តោតសំខាន់សម្រាប់ការវាយប្រហារច្បាស់ៗ ប្រឆាំងនឹងគោលដៅចូលជ្រៅនៅក្នុងទឹកដីសត្រូវ។
វាមានប្រវែង៥.១ម៉ែត្រ, ប្រវែងស្លាប២.១ម៉ែត្រ, ទម្ងន់ ១ ៤០០គីឡូក្រាម, អាចបំពាក់ក្បាលគ្រាប់បំផ្ទុះពីរដំណាក់ MEPHISTO ទម្ងន់៤៨០គីឡូក្រាម (ធំជាង Storm Shadow)។
Taurus KEPD 350 អាចហោះបានចន្លោះពី៥០០ទៅ៦០០គីឡូម៉ែត្រ ហើយចំពោះតម្លៃវិញ មីស៊ីលនេះមួយគ្រាប់ថ្លៃប្រហែល ១,០៨០,០០០ ដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី គំរាមវាយអាល្លឺម៉ង់ តែម្តង បើអ៊ុយក្រែន បាញ់មីស៊ីល Taurus ចូលដីខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


