នយោបាយ
ក្រសួងការបរទេសច្រានចោលការចោទប្រកាន់ដែលថាទូតខ្មែរគំរាមសមាជិកសភាជប៉ុន
ក្រសួងការបរទេសកម្ពុជាបានច្រានចោលនូវការផ្សព្វផ្សាយដែលថាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនលោក ទុយ រី ផ្ញើលិខិតគំរាមកំហែងដល់សមាជិកសភាជាន់ទាបជប៉ុនលោក SAKAGUCHI Naoto ដោយថាក្នុងលិខិតដែលផ្ញើចេញនោះ «គ្មានពាក្យណាមួយដែលបង្កប់នូវការគំរាមកំហែងទេ» ហើយបានផ្ញើតាមច្រកការទូតដែលបង្ហាញពីការឱ្យតម្លៃចំពោះសមាជិកសភាជប៉ុនដែរ។

ក្នុងលិខិតបំភ្លឺចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានភ្ជាប់ជាមួយលិខិតបំភ្លឺរបស់ឯកអគ្គរាជទូតកម្ពុជាដែលបកស្រាយផ្ញើជូនលោក SAKAGUCHI បន្ទាប់ពីលោកបានឡើងថ្លែងពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
ក្នុងលិខិតបកស្រាយនោះបានលើកឡើងថាការថ្លែងរបស់លោក SAKAGUCHI នៅសភាជាន់ទាបអាចមានការភ័ន្តច្រលំ ខ្វះភស្ភុតាង និងមានហេតុផលនយោបាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការពិត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគាំទ្រប្រជាធិបតេយ្យ និងការគាំពារសិទ្ធមនុស្ស។
ក្នុងលិខិតនោះបានបញ្ជាក់ជូនសមាជិកសភាជាន់ទាបជប៉ុនពី ហេតុផលនៃការរំលាយគណបក្សសង្គ្រោះជាតិ ការបោះឆ្នោតឆ្នាំ២០១៨ ការបន្តវេនរបស់អ្នកដឹកនាំជំនាន់ក្រោយ ការអភិវឌ្ឍន៍និងសន្ដិភាព ករណីរបស់អតីតប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី បញ្ហាទាក់ទងនឹងសេរីភាពសារព័ត៌មាន និងទំនាក់ទំនងកម្ពុជា-ជប៉ុន។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាលិខិតរបស់ឯកអគ្គរាជទូតកម្ពុជាគ្មានពាក្យណាមួយបង្កបនូវការគំរាមកំហែងឡើយ។
ក្នុងសេចក្ដីបំភ្លឺនោះបញ្ជាក់ថា៖ «ការពន្យល់បកស្រាយបំភ្លឺអំពីជំហរពីការពិតជាក់ស្ដែងស្ដីពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ហើយនិងជាសំណូមពរតាមបែបលក្ខណៈការទូត ដោយមិនមានបង្កប់នូវន័យគំរាមកំហែង និងប៉ះពាល់ដល់កិត្តិយសរបស់ឯកឧត្តម SAKAGUCHI Naoto ទេ»។
បើតាមក្រសួងការបរទេសលិខិតបកស្រាយរបស់អគ្គរាជទូតខ្មែរនេះត្រូវបានជនអគតិមួយចំនួនបានយកទៅបកប្រែបំផ្លើសធ្វើជាអាជីវកម្មនយោបាយបង្កឱ្យមានការយល់ច្រលំ ដោយក្រសួងចាត់ទុកថាជាសកម្មភាពមួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា បង្កឱ្យមានការយល់ច្រឡំធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជាជប៉ុន។
កម្ពុជាបានបញ្ជាក់ជាថ្មីថាកម្ពុជាផ្ដល់តម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ គោរពគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហារួមគ្នា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


