Connect with us

ព័ត៌មានជាតិ

NEA នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២៣ នៅខែវិច្ឆិកា ខាងមុខ រំពឹងនាំយកឱកាសការងាររាប់ម៉ឺនកន្លែងសម្រាប់យុវជន

បានផុស

នៅ

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គ្រោង​នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១០-១១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នៅ​អគារ​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដោយមាន​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (UYFC) រាជធានី​ភ្នំពេញ​, សមាគម​វាយនភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) និង​គាំទ្រ​ដោយ​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ដ៏​ធំ​នេះ នឹង​អាច​ទាក់ទាញ និង​កៀរគរ​អ្នកចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ និង​នាំមក​នូវ​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ល្បីឈ្មោះ អង្គការ​ជាតិ​-​អន្តរជាតិ ព្រមទាំង​ក្រសួង ស្ថាប័ន​រដ្ឋាភិបាល ចូលរួម​ដាក់​តាំង​បង្ហាញ​អំពី​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ២ ម៉ឺន​កន្លែង ដែល​នឹង​ចូលរួម​តាំង​បង្ហាញ​អំពី​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម មគ្គទេសក៍ និង​បទពិសោធន៍​សម្រាប់​ឈាន​ចូល​ទីផ្សារ​ការងារ ព្រមទាំង​ឱកាស​បណ្ដុះបណ្ដាល​ជំនាញ។

ទន្ទឹម​នឹង​នេះ កម្មវិធី​នេះ ក៏​នឹង​មាន​រួមបញ្ចូល​នូវ​សិក្ខាសាលា​ស្ដីពី​ផលិតភាព​ថ្នាក់​ជាតិ​ក្នុង​គោល​បំណង ដើម្បី​លើកកម្ពស់​ការ​យល់ដឹង និង​បំផុស​គំនិត​ទាក់ទង​នឹង​ផលិតភាព តាមរយៈ​ការ​ចែករំលែក​ចំណេះដឹង បទពិសោធន៍​ល្អៗ និង​គន្លឹះ​សំខាន់ៗ ពី​សំណាក់​វាគ្មិន​ជំនាញៗ និង​ផ្សព្វផ្សាយ​លើក​កម្ពស់​ការ​យល់ដឹង​ពី​សារសំខាន់ នៃ​ការ​បង្កើន​ផលិតភាព​ការងារ។

សម្រាប់​ក្រុមហ៊ុន សហគ្រាស កំពុង​មាន​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​មានបំណង​តាំង​បង្ហាញ​អំពី​ឱកាស​ការងារ​ដើម្បី​ទាក់ទាញ​បេក្ខជន​មាន​សក្ដានុពល​ជាច្រើន​ដែល​នឹង​ចូលរួម​ក្នុង​មហា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ សូម​រួសរាន់​ទាក់ទង​មក NEA ដើម្បី​កក់​បញ្ជរ​ឥឡូវនេះ តាមរយៈ​លេខ​ទូរស័ព្ទ ០១៧ ៤៦៧ ៤២៣, ០១៧ ៨៧១ ៨០៧, ០៩៦ ២១៥៥ ១៦២។

សូម​ជម្រាប​ថា គិត​ចាប់​តាំងពី​ឆ្នាំ ២០១១ មក ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ចំនួន ១២ លើក​រួច​មក​ហើយ ប្រកបដោយ​ភាព​ជោគជ័យ និង​ផ្ដល់​អត្ថប្រយោជន៍​ដ៏​ធំធេង​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ​កម្ពុជា។ ជា​ការ​រំពឹង​ទុក ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ ២០២៣ នឹង​មាន​ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ចំនួន​ប្រមាណ ១៥០ ដោយ​នាំ​យក​ឱកាស​ការងារ​ប្រមាណ​ជាង​ប្រមាណ ២០ ០០០ កន្លែង ហើយ​នឹង​ទាក់ទាញ​អ្នកចូលរួម​ទស្សនា​ប្រមាណ ៣០ ០០០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម