ព័ត៌មានជាតិ
ក្រសួងអប់រំ យកចិត្តទុកដាក់ វិទ្យាស្ថានជាតិអប់រំ និងវិទ្យាល័យ សម្រាប់សិស្សគថ្លង់ ពិការភ្នែក
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ បានអញ្ជើញទស្សនកិច្ចការងារ ព្រមទាំងជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៅវិទ្យាស្ថានជាតិអប់រំពិសេស និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដើម្បីពិនិត្យមើលពីសកម្មភាពការងារបណ្តុះបណ្តាលធនធានគ្រូបង្រៀនអប់រំពិសេស និងពិនិត្យមើលដំណើរការបង្រៀន និងរៀនសិស្សគថ្លង់ និងពិការភ្នែក។ នេះបើតាមការផ្ដល់ព័ត៌មាន ដោយក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់ខ្ពស់ ហើយបានខិតខំដោះស្រាយទាំងសម្ភារ និងបច្ចេកទេស តាមសំណូមពររបស់វិទ្យាស្ថានជាតិ និងសាលា ធ្វើយ៉ាងណាឱ្យមាននិរន្តរភាព និងដំណើរការល្អ ក្នុងគោលបំណងរួម គឺដើម្បីកសាងធនធានមនុស្ស ជាពិសេសគិតគូរអំពីអនាគតអ្នកសិក្សាដែលមានវិការភាពនៅកម្ពុជាតែម្តង។

រដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូនៅទីនេះទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្រៀនបណ្តុះបណ្តាលបានល្អប្រសើរ ពោរពេញដោយការលះបង់ អត់ធ្មត់ខ្ពស់ ទឹកចិត្តសណ្តោស និងក្តីមេត្តាករុណាដល់សិស្សានុសិស្សគថ្លង់ និងពិការភ្នែក។

វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បច្ចុប្បន្នផ្ដល់ការសិក្សាពិសេសជូនសិស្សដែលមានបញ្ហាមួយ ចំនួនដូចជាគថ្លង់ និងពិការភ្នែកជាដើម។ ការបង្រៀននៅទីតាំងសាលានេះ គឺចាប់ផ្ដើមពីកម្រិត មតេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។ ចំពោះកម្មវិធីសិក្សា គឺស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបកប្រែ និងបោះពុម្ពជាសៀវភៅសញ្ញាសម្រាប់បង្រៀនសិស្សគថ្លង់ និងអក្សរប្រៃយ៍ខ្មែរ សម្រាប់បង្រៀនសិស្សពិការភ្នែក។ ក្រៅពីនេះទៀត នៅក្នុងកម្មវិធីសិក្សា សាលាបានបញ្ជូលនូវសកម្មភាពកីឡា សិល្បៈ ភ្លេង កុំព្យូទ័រ ភាសាអង់គ្លេស ហាត់ស្តាប់ និយាយ និងបំណិនជីវិតផងដែរ។

គួរបញ្ជាក់ថា វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងទាំងស្រុងរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅខែកក្កដា ឆ្នាំ២០១៩។ សម្រាប់ការអប់រំនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលរ៉ាប់រងរាល់ចំណាយក្នុងដំណើរការរបស់សាលារៀនទាំងស្រុង ក្នុងនោះរាប់បញ្ចូលការផ្ដល់អាហារដល់សិស្ស ៣ពេល ក្នុងមួយថ្ងៃ សេវាកម្មដឹកជញ្ជូនសិស្ស ការថែទាំសុខភាព អនាម័យ ការផ្គត់ផ្គង់ទឹក អគ្គិសនី សម្ភារសិក្សា រួមទាំងការចំណាយជាច្រើនផ្សេងទៀត។ ក្រៅពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ក្រសួងអប់រំ យុវជន និងកីឡា ក៏មានសាលាអប់រំពិសេសផ្សេងទៀតនៅទីតាំងផ្សេងៗគ្នា ដូចជាសាលាអប់រំពិសេសនៅខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកណ្តាល ជាដើម៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


