ព័ត៌មានជាតិ
ត្រីភាគី បន្តបើកកិច្ចប្រជុំលើកទី ៤ កំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២៤ នៅព្រឹកនេះ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ៣ រួមមានភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព នឹងបន្តបើកកិច្ចប្រជុំលើកទី ៤ ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ នាទីស្ដីការក្រសួងការងារ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នេះជាលើកទី ៤ ហើយ ខណៈលើកទី ១ ត្រីភាគី បានរៀបចំប្រជុំនៅថ្ងៃទី ១៦ សីហា លើកទី ២ នៅថ្ងៃទី ២៨ សីហា និងលើកទី ៣ នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងនោះភាគីនីមួយៗ បានឈានដល់ការដាក់តួលេខរៀងៗខ្លួន ដោយភាគីនិយោជកដាក់ចំនួន ១ ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន ២០០ ដុល្លារ ក្នុងមួយខែ ខណៈភាគីសហជីពដាក់ ១៥ ដុល្លារ។ ចំណែកភាគីរាជរដ្ឋាភិបាល មិនទាន់ដាក់តួលេខនៅឡើយទេ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់ថា «យោងស្ថានភាព នៃវិស័យរបស់យើង និងជាពិសេសយោងលក្ខណៈវិនិច្ឆ័យទាំង ៧ ចំណុច ដែលបានបង្ហាញជូនគ្រប់ភាគី ការពិតយើងមិនមានលទ្ធភាពដំឡើងជូនទេ។ តែដោយគោរពតាមការណែនាំរបស់ សម្ដេចធិបតី ចង់ឲ្យមានការដំឡើងខ្លះ យើងក៏ពិចារណាដាក់ជូន ១ ដុល្លារ»។

លោកបានបន្តថា ប៉ុន្តែប្រសិនបើខាងរាជរដ្ឋាភិបាលស្នើឲ្យដំឡើងបន្ថែម យើងត្រូវការការជួយគាំទ្រពីរាជរដ្ឋាភិបាលមកវិញក្នុងការកាត់បន្ថយថ្លៃក្នុងការធ្វើអាជីវកម្ម ជាពិសេសថ្លៃភស្តុភារ។

ចំណែក លោក គឹម ចាន់សំណាង អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ ភាគីសហជីព បានមានប្រសាសន៍ថា «ការដាក់តួលេខ ២១៥ ដុល្លារនេះ គឺជាការស្នើសុំលើកទី ១។

ដូចនេះយើងអាចជជែកគ្នាបានក្នុងករណីចាំបាច់ និងពិនិត្យលើផលប្រយោជន៍កម្មករនិយោជិត ដោយឈរលើទឡ្ហីករណ៍ណាមួយយើងក៏អាចសម្របសម្រួលទៅតាមស្ថានការណ៍ជាក់ស្ដែងដែរ ព្រោះថាការដំឡើងប្រាក់ឈ្នួលណាមួយត្រូវមានការឯកភាពគ្នា យល់ព្រមទាំងអស់គ្នា ដោយសប្បាយរីករាយបំផុត»។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា «ខ្ញុំ ពិតជាមានការសប្បាយចិត្តដែលភាគីទាំងអស់ ទោះបីជាយើងមិនបានបញ្ជាក់តួលេខណាមួយពីរាជរដ្ឋាភិបាល យើងឃើញថា ភាគីទាំងអស់ប្រើប្រាស់លក្ខណៈវិនិច្ឆ័យទាំង ៧ គ្រាន់តែថាការយល់ឃើញការប្រែប្រួលលក្ខណៈវិនិច្ឆ័យនីមួយៗ វាខុសគ្នា តែបានឈរលើបន្ទាត់មួយនេះ។ អីចឹង ខ្ញុំ គិតថាវាជាការវិវត្តន៍ដ៏ល្អ»។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា តួលេខដែលភាគីនីមួយៗ បានដាក់ទៅ ពួកគាត់នឹងយកទៅប្រជុំផ្ទៃក្នុងបន្ថែមទៀត ហើយយើងនឹងមានឱកាសស្តាប់ការវិវត្តន៍ក្នុងកិច្ចប្រជុំប្រាក់ឈ្នួលជាបន្តបន្ទាប់ក្រោយៗ ទៀត ពីភាគីនីមួយៗ។ ភាគីទាំងពីរ នឹងពិចារណាកែសម្រួលតួលេខជាបណ្តើរៗថែមទៀត ហើយភាគីខាងរដ្ឋាភិបាល នឹងបន្តខិតខំសម្របសម្រួលដើម្បីឲ្យភាគីទាំងពីរកាន់តែយល់ និងកែគោលជំហររបស់ខ្លួនកាន់តែកៀកប្រហាក់ប្រហែលគ្នាមុននឹងយើងឯកភាពគ្នា ឬ បោះឆ្នោតសម្រេចនាមុនពិធីបុណ្យភ្ជុំខាងមុខនេះតាមការណែនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។
គួរបញ្ជាក់ថា កិច្ចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ បានសម្រេចរៀបចំកិច្ចប្រជុំចំនួន ៧ លើក គឺ នៅថ្ងៃទី ១៦ សីហា ថ្ងៃទី ២៨ សីហា, ថ្ងៃទី ៤, ថ្ងៃទី ១១,ថ្ងៃទី ១៨, ថ្ងៃទី ២៥ ខែកញ្ញា និងថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


