ព័ត៌មានជាតិ
អ្នកជំនាញ៖ ទស្សនកិច្ចសម្ដេច ហ៊ុន ម៉ាណែត ទៅ ចិន ជាទស្សនកិច្ចដ៏មានតម្លៃជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការជាលើកដំបូងទៅកាន់ប្រទេសចិន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ ត្រូវបានអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ មើលឃើញថា ជាទស្សនកិច្ចដ៏មានតម្លៃ និងសារសំខាន់ជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ចិន លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ការទូត និងភូមិសាស្ត្រនយោបាយ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជ្រើសយកប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ក្រោយសម្ដេចក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានេះ ជាការផ្ដល់តម្លៃ និងសារសំខាន់ជាប្រវត្តិសាស្ត្រនៃចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ លោកបណ្ឌិត គិន ភា ចាត់ទុកដំណើរទស្សនកិច្ចនេះ ជានិមិត្តរូបនៃទំនាក់ទំនងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច និងភូមិសាស្ត្រានយោបាយ ដ៏មានតម្លៃនៃប្រទេសទាំងពីរ ហើយនឹងនាំមកនូវឧត្តមប្រយោជន៍ជាច្រើនដល់កម្ពុជា។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ បន្ថែមថា ចិន ជាប្រទេសម្ចាស់ជំនួយធំជាងគេសម្រាប់កម្ពុជា ហើយមានការវិនិយោគច្រើនជាងគេ ជាពិសេសជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា ខណៈដែលចិន ក៏កំពុងរះឡើងនូវការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏មានឥទ្ធិពល ទាំងក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ បណ្ឌិត គិន ភា ចង់បញ្ជាក់ថា ការបន្តផ្សារភ្ជាប់ទំនាក់ទំនងដ៏ស្អិតរមួតជាមួយប្រទេសចិន ដែលជាមហាអំណាចពិភពលោកមួយ នឹងធ្វើឱ្យនយោបាយការបរទេសកម្ពុជាកាន់តែមានភាពល្អប្រសើរ ស្របពេលដែលប្រទេសទាំងពីរនេះ ក៏បានក្លាយជាមិត្តថែប ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាពិសេសការប្ដេជ្ញារួមគ្នាកសាងប្រទេសទាំងពីរជាសហគមន៍ជោគវាសនាតែមួយ។
ស្របគ្នានេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ មើលឃើញថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសចិន នៅថ្ងៃនេះ ជាការចារិកប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ចិនផង និងជាប្រវត្តិសាស្ត្ររបស់សម្ដេចនាយករដ្ឋមន្ត្រីផ្ទាល់ផង។ បើតាមលោកបណ្ឌិត យង់ ពៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាឥស្សរជនទី៣ហើយ បន្ទាប់ពីអតីតព្រះមហាក្សត្រ សម្ដេចព្រះបាទ នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំពូនជ្រុំនូវទំនាក់ទំនងកម្ពុជា-ចិន ជាបន្តបន្ទាប់ជាប់ៗគ្នា។

ចំពោះការបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសចិន តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន ក្នុងបរិបទថ្មីនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ បញ្ជាក់ថា នឹងបន្តពង្រីកពង្រឹងលើទិដ្ឋភាពការទូត ដោយបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានដល់កម្រិតកំពូល។ ទន្ទឹមនេះ ទស្សនកិច្ចនេះ នឹងធ្វើឱ្យមានភាពរឹងមាំក្នុងជំហរភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងពិភពលោក រវាងប្រទេសទាំងពីរ កម្ពុជា-ចិន រួមទាំងភាពរឹងមាំសម្រាប់សណ្ដាប់ធ្នាប់តំបន់ និងពិភពលោក។
លើសពីនេះ លោកបណ្ឌិត ក៏បានរំពឹងថា ទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាជាច្រើនបន្ថែមទៀតលើកិច្ចគាំពារការវិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីជំរុញរំហូរពាណិជ្ជកម្មរវាងកម្ពុជា-ចិន ក៏ដូចជាកិច្ចគាំពារបន្ថែមទៅលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ខណៈបច្ចុប្បន្ន កម្ពុជា និងសកលលោកកំពុងធ្វើដំណើរទៅសង្គមឌីជីថលនេះ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


