ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ គាំទ្រការបណ្តុះបណ្តាលសហគ្រិនភាព និងការបំប៉នជំនាញបុគ្គលិកដោយឥតគិតថ្លៃ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជំនាញរបស់ក្រសួង មានវគ្គបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្មស្តីពីសហគ្រិនភាព និងការបណ្តុះបណ្តាលបុគ្គលិករបស់ក្រុមហ៊ុនឯកជនលើជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ហេង សួរ ទទួលពិភាក្សាការងារជាមួយប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ម្ចាស់អាជីវកម្មដែលចង់អភិវឌ្ឍសហគ្រិនភាព រួមទាំងបុគ្គលិកដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន អាចចូលរួមសិក្សានៅគ្រប់ទីតាំងនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដោយឥតគិតថ្លៃ ក្រសួងស្វាគមន៍”។

លោករដ្ឋមន្ត្រីបន្ថែមថា ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកក្នុងការពង្រឹងសមត្ថភាព កម្មវិធីបណ្តុះបណ្តាលមានភាពបត់បែនខ្ពស់ មានកម្រិតស្តង់ដារដែលសិក្ខាកាមអាចសិក្សាបាននៅពេលយប់ ឬចុងសប្តាហ៍។ ប្រការនេះ អាជីវកម្មក៏នៅតែអាចដំណើរការបានដោយរលូន ហើយសិក្ខាកាមក៏នៅតែអាចសិក្សារៀនសូត្របំប៉នសមត្ថភាពរបស់ខ្លួនបានផងដែរ។

ក្នុងជំនួបដដែលនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានភាពអនុគ្រោះខ្ពស់លើលក្ខខណ្ឌច្បាប់ និងអនុលោមភាពមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យជីវកម្មលក្ខណៈគ្រួសារ ឬសហគ្រាសខ្នាតតូច ឬអ្នកប្រកបអាជីវកម្មផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតូចតាច អាចពង្រីកអាជីវកម្មរបស់ខ្លួន។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានជំរុញឱ្យសមាគមសហគ្រិនស្ត្រី ក៏ដូចជាក្រុមហ៊ុនឯកជនទាំងអស់ត្រូវត្រៀមស្វែងរកចំណុច ឬបញ្ហារួមរបស់វិស័យឯកជន ដើម្បីលើកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការដ្ឋនិងឯកជន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីដោះស្រាយឱ្យចំគោលដៅ៕








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


