ព័ត៌មានជាតិ
លោក អ៊ុច បូររិទ្ធ ថ្លែងប្រាប់UNថា នៅកម្ពុជា ៨០%នៃប្រជាជន ទទួលបានសេវាថែទាំសុខភាពក្នុងរង្វង់៥គ.ម
លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការបោះជំហានចម្បងៗរបស់កម្ពុជានៅក្នុងប្រព័ន្ធសុខាភិបាល រួមទាំងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល យន្តការការពារហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា និងការធ្វើឱ្យប្រសើរនូវការថែទាំសុខភាពបឋម ដោយធានាថា ៨០% នៃប្រជាជនទាំងអស់ទទួលបានសេវាថែទាំសុខភាពនៅក្នុងរង្វង់ ៥ គីឡូម៉ែត្រ។ គិតត្រឹមឆ្នាំ២០២៣ ប្រទេសកម្ពុជាមានមណ្ឌលសុខភាពចំនួន ១ ១៣៦ និងមន្ទីរពេទ្យចំនួន ១២២។

លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តី បានថ្លែងបែបនេះ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នាទីក្រុងញូវយ៉ក ក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី «ការធានារ៉ាប់រ៉ងសុខភាពជាសកល៖ ពង្រីកមហិច្ឆតារបស់យើងសម្រាប់សុខភាព និងសុខុមាលភាពនៅក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩»។
លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះ ការធានារ៉ាប់រ៉ងសុខភាពជាសកល ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃការអភិវឌ្ឍដោយចីរភាព។
ទេសរដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងការបង្ការនិងគ្រប់គ្រងជំងឺ ជាពិសេសការលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២០ និងការសម្រេចបាននូវវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយអត្រានៃការឆ្លងមេរោគអេដស៍។ កម្ពុជាកំពុងពង្រឹងប្រព័ន្ធតាមដានជំងឺដើម្បីស្វែងរកនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះជំងឺនានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ លោក អ៊ុច បូររិទ្ធ បានបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការសហការជាមួយបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធនានា ដើម្បីឈានទៅរកគោលដៅសុខភាពជាសកលក្នុងពិភពលោកក្រោយពីជំងឺកូវីដ-១៩។ លោក បានបន្តគូសបញ្ជាក់ថា សុខភាពមិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះមួយ ដែលអនុញ្ញាតឱ្យយើងអាចកសាងពិភពលោកមួយប្រកបដោយភាពស្មើភាព និងវិបុលភាពជាងមុន៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


