ព័ត៌មានជាតិ
លោក អ៊ុច បូររិទ្ធ ជំរុញឱ្យមានការបន្តដុះខាត់សមត្ថភាពមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ប្រធានស្ដីទីព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ បានជំរុញដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាឱ្យបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត តាមរយៈការបន្តដុះខាត់នូវសមត្ថភាពរបស់មន្ត្រី ទាំងលើចំណេះដឹង និងចំណេះធ្វើ រួមទាំងជំនាញភាសាបរទេស។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ លោក អ៊ុច បូររិទ្ធ បាននិយាយថា យើងត្រូវបន្តលើកកម្ពស់សមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ តាមរយៈការដុះខាត់ចំណេះដឹង ចំណេះធ្វើ និងផ្នែកភាសាបរទេស។ លើសពីការពង្រឹងសមត្ថភាព លោក ថា ពុំទាន់គ្រប់គ្រាន់នោះទេ ដោយត្រូវមានស្មារតីខិតខំ តស៊ូ ព្យាយាម និងការទទួលខុសត្រូវចំពោះតួនាទី និងការងារដែលខ្លួនរ៉ាប់រងថែមទៀត។
ការលើកឡើងរបស់ប្រធានស្ដីទីព្រឹទ្ធសភា បានធ្វើឡើងក្នុងពេលដែលលោកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព។ ក្នុងកិច្ចប្រជុំ ដែលមានវត្តមានថ្នាក់ដឹកនាំនៃអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោក សង្កត់ធ្ងន់ថា យើងម្នាក់ៗមានតួនាទីភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ហើយការខិតខំប្រឹងប្រែងរបស់យើង ក៏ជាការឆ្លុះបញ្ចាំងពីមនសិកាស្នេហាជាតិផងដែរ។

ប្រធានស្តីទីព្រឹទ្ធសភា ក៏បានណែនាំដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអង្គភាពពាក់ព័ន្ធ ឱ្យពិនិត្យពិចារណាឡើងវិញក្នុងការកែលម្អរចនាសម្ព័ន្ធការងារ ដើម្បីឱ្យស្របទៅនឹងសភាពការណ៍វិវត្តន៍ និងទំហំការងារ ដែលមានការកើនឡើង ជាពិសេសចំពោះមុខត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមរៀបចំកិច្ចប្រជុំអន្តរសភាសំខាន់ៗដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
តាមលោក អ៊ុច បូររិទ្ធ ក្នុងឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការរៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) នៅខេត្តសៀមរាប ការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) និងការចូលរួមចំណែករបស់ព្រឹទ្ធសភានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

លោក អ៊ុច បូររិទ្ធ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកទាំងអស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានរួមសាមគ្គីគ្នាសម្រេចលទ្ធផលដ៏គួរឱ្យកត់សម្គាល់នាឆ្នាំកន្លងទៅ ហើយលោក ឱ្យបន្តលើកកម្ពស់ស្មារតីសាមគ្គី និងសហការគ្នានេះទៀត ដើម្បីសម្រេចទិសដៅការងារ និងលើកកម្ពស់កិត្យានុភាពស្ថាប័នបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំខាងលើ លោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានប្រកាសដាក់ចេញផែនការសំខាន់ៗនៅក្នុងឆ្នាំ២០២៦ រួមមានការពិនិត្យឡើងវិញនូវការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ការបន្តដោះស្រាយ និងបំពេញតម្រូវការផ្សេងៗរបស់ស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការរៀបចំសូចនាករដែលអាចវាស់វែង និងវាយតម្លៃបាន ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៧-២០៣០៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


