ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យអាជ្ញាធរជាប់ព្រំដែនចាត់វិធានការច្បាប់លើមេខ្យល់ដែលនាំពលរដ្ឋឆ្លងដែនខុសច្បាប់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាដល់អាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវទប់ស្កាត់ បង្ក្រាប និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់រាល់សកម្មភាពមេខ្យល់ ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់។ នេះបើតាមលិខិតមួយច្បាប់របស់លោក ស សុខា ផ្ញើជូនគណៈអភិបាលខេត្តជាប់ព្រំដែន កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

លោក ស សុខា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពចេញចូលឆ្លងកាត់ព្រំដែនបានយ៉ាងល្អប្រសើរ នាពេលកន្លងមក។
ប៉ុន្តែ ទន្ទឹមនឹងការខិតខំនេះ ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា នៅមានភាពខ្វះចន្លោះនិងភាពមិនប្រក្រតីមួយចំនួនកើតចេញពីការធ្វេសប្រហែសក្នុងការអនុវត្តតួនាទីភារកិច្ច ដូចជា ការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ស្ថិតក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនមួយចំនួន និងការយកកម្រៃក្រៅផ្លូវការពីពលករ ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅពេលឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែន ជាដើម។ តាមរយៈកត្តាទាំងនេះ បានជះឥទ្ធិពលមិនល្អដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ចឈរ ជើងនៅតាមបណ្តាច្រកទ្វារព្រំដែន និងអនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ស សុខា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកជាថ្មីដល់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវការងារមួយចំនួនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
តាមរយៈលិខិតផ្ញើជូនអាជ្ញាធរខេត្តជាប់ព្រំដែន លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឱ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ តែ ក្នុងករណីចាំបាច់ ត្រូវសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ច និងសង្គមរបស់ច្រកដែលមានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សានិងលើកយោបល់ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។

ទន្ទឹមនេះ អាជ្ញាធរត្រូវចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅតាមបណ្ដាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគាត់ឆ្លងកាត់ចេញចូលតាមបណ្ដាច្រកទ្វារព្រំដែន ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា។ ត្រង់ចំណុចនេះ អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តផ្តល់សេវាសាធារណៈ និងសេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋដោយគ្មានការរើសអើង ដើរទន្ទឹមនឹងការគ្រប់គ្រងស្ថិតិ និងលំហូរប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែនឱ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅតាមបណ្តាច្រកទ្វារព្រំដែនឱ្យបានល្អប្រសើរ។

ជុំវិញការឆ្លងដែនខុសច្បាប់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ ស្របគ្នានេះដែរ ក៏ត្រូវអប់រំ ណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅពេលចេញចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារឆ្លងដែនស្របច្បាប់ដែលចេញដោយក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗនៃការឆ្លងដែនខុសច្បាប់។
បន្ថែមពីនេះ ត្រូវបន្តអប់រំ ណែនាំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជូនប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅតាមតំបន់ព្រំដែនឱ្យបានយល់ជ្រួតជ្រាបអំពីបែបបទនីតិវិធីនៃការឆ្លងកាត់ព្រំដែន ព្រមទាំងលើកទឹកចិត្តឱ្យពួកគាត់ចូលរួមសហការ និងរាយការណ៍នូវរាល់ភាពមិនប្រក្រតីនានានៅតាមតំបន់ព្រំដែន និងតាមបណ្តាច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាង។

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏នឹងចាត់ក្រុមការងារជំនាញដឹកនាំដោយអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទីភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែនទាំងអស់ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។ ក្នុងករណី រកឃើញថា ច្រកទ្វារព្រំដែនណាមួយកើតមានបញ្ហាមិនប្រក្រតីបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ច មិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន