ព័ត៌មានជាតិ
ជាង ១ ខែ ក្រសួងសុខាភិបាល ដឹកនាំដោយរដ្ឋមន្ត្រីថ្មី ចាត់វិធានការច្បាប់លើ មន្ទីរពេទ្យឯកជន ផលិតផលឱសថ និងបំប៉នសុខភាព ចំនួន ៥
ជាង ១ ខែ ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីថ្មី ដោយគិតចាប់ពីថ្ងៃទី ០១ កញ្ញា ដល់ ថ្ងៃទី ០៤ តុលា ឆ្នាំ ២០២៣ នេះ បានចាត់វិធានការច្បាប់លើគ្រឹះស្ថាន ឱសថស្ថាន ឱសថស្ថានបុរាណ មន្ទីរសម្រាកព្យាបាលឯកជន ឱសថ ឱសថបុរាណ និង ការព្យាបាលជំងឺមិនប្រក្រតី ប្រមាណចំនួន ៥ ដែលខុសច្បាប់ និងគ្មានលេខបញ្ជិកា។

គ្រឹះស្ថាន ឱសថស្ថាន ឱសថស្ថានបុរាណ មន្ទីរសម្រាកព្យាបាលឯកជន ឱសថ ឱសថបុរាណ និង ការព្យាបាលជំងឺមិនប្រក្រតី ប្រមាណចំនួន ៥ ទីតាំង ដែលខុសច្បាប់ និងគ្មានលេខបញ្ជិកា នោះរួមមាន ៖
១–គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្ដៅ ឯ.ក –នាយកគ្រឹះស្ថានផលិតឱសថ Bio Grand Co.,Ltd., Thailand

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល បានប្រកាសលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro., B/ Bot./30 Caps និង Ginseng Pro.B/ Bott./ 60 Caps។

សេចក្ដីប្រកាស បន្តថា ដោយយោងតាមព្រឹត្តិបត្រវិភាគគុណភាពចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានបញ្ជាក់ថា ផលិតផលបំប៉នសុខភាពខាងលើមានផ្ទុកសារធាតុ Dexamethasone និង Prednisolone បន្ថែម ជាហេតុបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។ ទន្ទឹមនោះ ដើម្បីធានាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល បានសម្រេចលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាពទាំងពីរខាងលើចេញពីបញ្ជីឱសថ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សេចក្ដីប្រកាសដដែល សង្កត់ធ្ងន់ថា ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និង គ្រឹះស្ថានផលិតឱសថដែលពាក់ព័ន្ធ ត្រូវចាត់វិធានការប្រមូលផលិតផលបំប៉នសុខភាពខាងលើចេញពីឱសថស្ថាន ឱសថស្ថានរងនានា និងពីទីផ្សារ ព្រមទាំងហាមលក់លើប្រព័ន្ធអនឡាញ និងបណ្ដាញសង្គមនានា ពុំនោះទេ ក្រសួងសុខាភិបាល នឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន។


យ៉ាងណាមិញថ្មីៗនេះ ក្រោយពីបានទទួលស្គាល់កំហុសរបស់ខ្លួន គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្ដៅ ឯ.ក នៅតែមិនគោរព និងមិនអនុវត្តតាមខ្លឹមសារ នៃកិច្ចសន្យាខាងលើឡើយ ហើយថែមទាំងបានចេញលិខិតបំភ្លឺជាសាធារណៈលេខ ៣៦៨/HHB/២៣ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ តាមរយៈមេធាវីតំណាងរបស់ខ្លួន ដោយធ្វើការវាយប្រហារមកលើក្រសួងសុខាភិបាល ធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ និងយល់ខុសទៅលើចំណាត់ការតាមផ្លូវច្បាប់របស់ក្រសួងសុខាភិបាល ដែលបានធ្វើកន្លងមក ទើបក្រសួងសុខាភិបាល ចេញសេចក្ដីសម្រេចស្ដីពីការបិទ និងដកហូតសេចក្ដីសម្រេចស្ដីពីការបន្តសុពលភាពគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក។ ហើយរហូតមកដល់ពេលនេះ ម្ចាស់គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក នៅតែមិនគោរព និងមិនអនុវត្តតាមវិធានការរបស់ក្រសួងជំនាញ ដោយបន្តធ្វើសកម្មភាពវាយប្រហារមកលើក្រសួងសុខាភិបាល ពុំមានមូលដ្ឋានសមស្រប និងមានចេតនាញុះញង់ បង្កជាចលាចល ព្រមទាំងបំពុលបរិយាកាសនៅក្នុងសង្គមទៀតផង។
២–ឱសថឈ្មោះ ALPHACIN-Chooy

ក្រសួងសុខាភិបាល បានធ្វើការហាមឃាត់ការចែកចាយ ឬ លក់ឱសថឈ្មោះ ALPHACIN-Chooy ដែលគ្មានលេខបញ្ជិកា។ ក្រសួងសុខាភិបាល បានពិនិត្យឃើញថា មានឱសថឈ្មោះ ALPHACIN-Chaoy គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលបាននិងកំពុងចរាចរលើទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ ដោយអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថ តម្រូវឲ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬ ព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ទន្ទឹមនោះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ មុនទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់។ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និង ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់មកជាមួយ។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ឱសថដែលគ្មានលេខបញ្ជិកាខាងលើជាបន្តទៀតឡើយ ព្រោះឱសថនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្ដាលឲ្យប៉ះពាល់សុខភាព ឬ មានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
៣–ការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ លោក ស៊ូ សេងហួរ

ការបញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលរបស់ លោក ស៊ូ សេងហួរ។ កន្លងមក នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យ លោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និង លក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ២ ដង រួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ ២០២៣។

ជាមួយនោះ ទោះបីជាធ្លាប់បានសន្យាថា បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏ លោក ស៊ូ សេងហួរ នៅតែបន្តផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

ទន្ទឹមនោះ ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំ លោក ស៊ូ សេងហួរ ឲ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាសចាកការពិតទាំងអស់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកជាបន្ទាន់។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តទទួលការព្យាបាលដោយមន្តអាគម ឬ ឱសថបុរាណដែលខុសច្បាប់ និងកុំជឿការឃោសនាភូតកុហកបោកប្រាស់ទាំងនោះ តាមបណ្ដាញសង្គម ឃ្លិបវីដេអូ ឬ ការផ្សព្វផ្សាយ តៗ គ្នា ដែលនាំឲ្យខាតបង់ប្រាក់ ពេលវេលា ប៉ះពាល់ដល់សុខភាព និងអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់ អាយុជីវិតជាយថាហេតុ។


៤-មន្ទីរសម្រាកព្យាបាលឯកជន តូច យ៉ាន

ការបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមន្ទីរសម្រាកព្យាបាលឯកជន តូច យ៉ាន ដែលមានទីតាំងនៅផ្ទះលេខ ១៦-១៨-២០-២២ ផ្លូវលេខ ១៦ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរសម្រាកព្យាបាលនេះ ប្រើប្រាស់បុគ្គលិកមិនមានគុណវុឌ្ឍស្របទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេទ្យក្លែងក្លាយ ព្រមទាំងអនុវត្តមិនបានត្រឹមត្រូវតាមបទដ្ឋានស្តង់ដារអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន។
៥-មន្ទីរសម្រាកព្យាបាល និងសម្ភពសមុទ្រក្រុង

ការបិទមន្ទីរសម្រាកព្យាបាល និងសម្ភពសមុទ្រក្រុង ដែលមានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ផ្លូវ ៧០១ ភូមិ ០៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់លោកវេជ្ជបណ្ឌិត អាន ដា រីដត ដោយមូលហេតុមិនមានលិខិតអនុញ្ញាតបើកមន្ទីរសម្រាកព្យាបាល៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


