ក្រុមហ៊ុន Visa និង ធនាគារ​ឯកទេស​វី​ង ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ការទូទាត់​ថ្មី​ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ថ្មី​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុមហ៊ុន Visa និង ធនាគារ​ឯកទេស​វី​ង ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ការទូទាត់​ថ្មី​ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ថ្មី​

Published

on

Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល ឈានមុខ​គេ​នៅក្នុង​ពិភពលោក និង ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត កំពុង​ចាប់​ដៃគូ​សហការ​ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម ‘Wing Virtual Visa Card’ ដែល​ជា​កាត​និម្មិត​សម្រាប់​ទូទាត់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​តដល់​អ្នកប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​។

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង បាន​មានប្រសាសន៍ថា​៖ «​ដោយ​យក​បទពិសោធន៍​របស់​អតិថិជន​ជា​អាទិភាព​ស្នូល ធនាគារ​ឯកទេស វី​ង មាន​ក្តី​សោមនស្ស​រីករាយ​ ក្នុងការ​ធ្វើជា​ដៃគូ​សហការ​ជាមួយ Visa ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​កាត​និម្មិត​ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អតិថិជន​របស់​យើង​។​» លោក​បន្តទៀតថា​៖ «​តាមរយៈ​សេវាកម្ម​របស់​យើង អតិថិជន​ដែល​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ អាចបង្កើត ‘Wing Virtual Visa Card’ និង​ទូទាត់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​បាន​យ៉ាង​ងាយស្រួល លើសពីនេះទៅទៀត​ពួកគាត់​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ថែម​ទៀតផង​។​»

​ការបើក​ដំណើរការ​ទូទាត់​តាមរយៈ​កាត​ថ្មី​នេះ នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នកប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ក្នុងនោះ​អតិថិជន​ក៏​អាច​បញ្ជា​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​បាន​គ្រប់​ទីកន្លែង​ដែល​ទទួលយក​ការទូទាត់​តាមរយៈ Visa កាត ដែល​វា​នឹង​បង្កើន​ភាពច្បាស់លាស់​លើ​ការចំណាយ ហើយ​លុបបំបាត់​ការត្រួតពិនិត្យ​ឥណទាន​និង​ការកំណត់​ឥណទាន​អថេរ​។​។

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​តាងនាម​ឲ្យ Visa យើង​មាន​មោទនភាព​ក្នុងការ​ធ្វើជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ ដែល​មាន​ភាព​ច្នៃប្រឌិត​ដូចជា​ធនាគារ​ឯកទេស វី​ង ក្នុង​ការ​ណែនាំ​នូវ​បច្ចេកវិទ្យា​ទូទាត់​តាមរយៈ​ឌីជីថល​ថ្មី ដែល​អាច​នឹង​ជួយ​ជំរុញ​ឲ្យ​ប្រទេស​របស់​យើង បោះជំហាន​កាន់តែ​ខិតជិត​ទៅ​នឹង​ចក្ខុវិស័យ​របស់ខ្លួន ​ក្នុងការ​ក្លាយទៅជា​ប្រទេស​មួយ​ដែល​មិន​ប្រើប្រាស់​ក្រដាសប្រាក់​» ។ អ្នកស្រី​បន្តទៀតថា​៖ «​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​បានធ្វើ​ឲ្យ​សាធារណជន​មាន​ទំនោរ​ចង់​ជៀសវាង​កន្លែង​សាធារណៈ ព្រមទាំង​ជំរុញ​ឲ្យ​ពួកគាត់​មានការ​ផ្លាស់​ប្តូរ​ដោយ​ជ្រើសរើស​ការទិញ​ទំនិញ​តាមរយៈ​អ៊ី​ន​ធើ​ណេ​ត​វិញ ហើយ​មធ្យោបាយ​ទូទាត់​បែប​ឌីជីថល​ដូចជា កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង កាន់​តែមាន​សារៈសំខាន់​សម្រាប់​អ្នកប្រើប្រាស់​ទូទាំងប្រទេស​ ផង​ដែរ​។ តាមរយៈ​ការណែនាំ Wing Virtual Visa Card អ្នក​ប្រើ​កម្មវិធី​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ឥឡូវនេះ​អាចធ្វើ​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព រហ័ស និង ងាយស្រួល​ជាង​មុន​»​។

​ភាពជា​ដៃគូ​នេះ​បានដាក់​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស និង​បច្ចេកវិទ្យា​របស់ Visa ក្នុងការ​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ព្រមទាំង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ក រួមជាមួយ​នឹង​ធនាគារ​ឯកទេស វី​ង ដែលជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរសព្ទដៃ​ឈានមុខ​គេ​នៅ​កម្ពុជា​។ បន្ទាប់ពី​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ២០០៩ ធនាគារ​ឯកទេស វី​ង បាន​បង្កើត​បណ្តាញ​យ៉ាង​ទូលំទូលាយ និង​បាន​ណែនាំ​សេវាកម្ម​ជាច្រើន​ដល់​អតិថិជន​របស់ខ្លួន រួមមាន​៖ ការទូទាត់​វិក្កយបត្រ ការបញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទ ការផ្ទេរ​ប្រាក់​ក្នុងស្រុក និង​អន្តរជាតិ ការទិញ​ទំនិញ​តាម​អ៊ី​ន​ធើ​ណេ​ត និង​ការទូទាត់​តាមរយៈ​QR​កូដ​ជាដើម​។ ធនាគារ​ឯកទេស វី​ង បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព ដើម្បី​ធានាបាន​ថា ​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​ប្រើប្រាស់​គណនី​ធនាគារ តាមរយៈ​ការធ្វើ​បរិយាបន្ន​ហិរញ្ញវត្ថុ​ នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក ម៉ា​នូ ក៏បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖ «​ជាមួយ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ ដែល​បាន​ជះឥទ្ធិពល​ដល់​អតិថិជន​នៅ​ទូទាំងប្រទេស វា​មាន​សារសំខាន់​ណាស់​ដែល​យើង​បង្កើន​សេរីភាព​ជូន​ដល់​អតិថិជន​ក្នុង​ការបញ្ជាទិញ​ទំនិញ និង​ធ្វើ​ប្រតិបត្តិ​ការចាំបាច់​របស់​ពួកគេ តាម​ប្រព័ន្ធ​ឌីជីថល​ប្រកបដោយ​សុវត្ថិភាព​» ។

​អ្នកប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​ជ្រើសរើស​ប្រើ Wing Virtual Visa Card អាច​ចូលរួម​ក្នុង​កម្មវិធី​ពិសេសៗ​ជាច្រើន រួមមាន​ទាំង​កម្មវិធី​ចាប់​រង្វាន់​ជា​រៀងរាល់ខែ ការទទួលបាន​លុយ​ត្រលប់​មកវិញ​ភ្លាមៗ​ពី​ការ​ជិះ Grab និង​ការ​បញ្ចុះតម្លៃ​សម្រាប់​ការទិញ​ទំនិញ​តាម​អន​ឡាញ​ជាដើម​។ ព័ត៌មាន​លម្អិត​ស្តីពី​ការផ្តល់ជូន​នេះ នឹងមាន​ប្រកាស​ផ្សាយ​តាម Facebook ផ្លូវការ​របស់ ធនាគារ​ឯកទេស វី​ង ក្នុង​ពេល​ឆាប់ៗ​នេះ​៕

អត្ថបទពាណិជ្ជកម្ម

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services