ព័ត៌មានជាតិ
ម្ចាស់កសិដ្ឋានមួយបង្ហើបតិចនិកចិញ្ចឹមជ្រូក ២ របៀបតាមបែបធម្មជាតិ មិនមានក្លិនស្អុយ
លោក ប៊ុន ចាន់វីរៈ ម្ចាស់កសិដ្ឋានចិញ្ចឹមចៀម គៀតហ្វាម (KEAT FARM) បានបង្ហើបពីរបៀបចិញ្ចឹមជ្រូកតាមបែបធម្មជាតិ ២ បែបខុសគ្នា ហើយទទួលបានសាច់ជ្រូកល្អ ស្របតាមធម្មជាតិ និងមិនមានផលរំខានដោយក្លិនលាមក។

ម្ចាស់កសិដ្ឋានចិញ្ចឹមចៀម គៀតហ្វាម លោក ប៊ុន ចាន់វីរៈ បានឲ្យ «កម្ពុជាថ្មី» ដឹងថា នៅក្នុងកសិដ្ឋានរបស់លោក ក្រៅពីចិញ្ចឹមចៀម ក៏មានចិញ្ចឹមជ្រូក ពពែ ទន្សាយ និងគោទឹកដោះ បន្ថែមទៀតផងដែរ។
ដោយឡែកទាក់ទងការចិញ្ចឹមជ្រូក លោកបានបង្ហាញពីបច្ចេកទេសចិញ្ចឹម ២ របៀប ដែលធ្វើឲ្យជ្រូកមានសាច់ល្អតាមធម្មជាតិ និងមិនមានផលរំខានដោយក្លិនលាមក។
លោកថា ទី១ ការចិញ្ចឹមនៅក្នុងទ្រុង តាមបែបអតិសុខុមប្រាណ ដោយមិនចាំបាច់សំអាតលាមក និងមិនមានក្លិនស្អុយ ទី២ ការចិញ្ចឹមជ្រូកនៅលើវាលស្មៅ ដែលស្រដៀងគ្នាទៅនឹងជ្រូកព្រៃដែរ ព្រោះត្រូវការទីតាំងធំនិងការប្រើសំណាញ់ឆក់ ដើម្បីកុំឲ្យជ្រូកចេញក្រៅផុតពីរង្វង់ដីដែលបានព័ទ្ធសំណាញ់ និងត្រូវផ្លាស់ប្ដូរកន្លែងជារៀងរាល់ ២-៥ ថ្ងៃម្តង។
លោក ចាន់វីរៈ លើកឡើងបន្តថា ការចិញ្ចឹមជ្រូកតាមរបៀបទី១ ដែលស្ថិតនៅខាងក្នុងទ្រុងជាការចិញ្ចឹមល្អ ព្រោះលាមកមិនមានក្លិនភាយមកខាងក្រៅ ហើយការចិញ្ចឹមនៅលើវាលស្មៅ អាចមានក្លិនភាយត្រឹម ២-៣ ថ្ងៃ នោះលាមកនឹងក្លាយទៅជាជីវិញបន្ទាប់ពីផ្លាស់ប្ដូរទៅកន្លែងថ្មី។

លោកបានគូសបញ្ជាក់ថា «ការចិញ្ចឹមជ្រូកតាមបែបអតិសុខុមប្រាណ ដោយសារខ្ញុំបានមើលឃើញថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ភាគច្រើនចិញ្ចឹមជ្រូកនៅក្នុងផ្ទះ ក្នុងភូមិ ណាមួយគាត់ក៏មិនមានដីធំចិញ្ចឹមនៅលើស្មៅដែរ ដូច្នេះខ្ញុំគិតថាប្រសិនអ្នកភូមិជ្រើសរើសការចិញ្ចឹមតាមបែបអតិសុខុមប្រាណ គឺល្អខ្លាំង »។
លោក ចាន់វីរៈ បានសិក្សាស្រាវជ្រាវការធ្វើជីតាមបែបធម្មជាតិនិងអតិសុខុមប្រាណនេះអស់រយៈពេលជាង ២ឆ្នាំមកហើយ ដោយយកជីធម្មជាតិមកលាយជាមួយធាតុផ្សំផ្សេងទៀតប្រមាណជា ១០ មុខ និងលាយអតិសុខុមប្រាណធ្វើឲ្យលាមកជ្រូកមិនមានក្លិន និងប្លែងទៅជាជីកំប៉ុសដោយខ្លួនឯង។

ម្ចាស់កសិដ្ឋានរូបនេះបានបញ្ជាក់បន្ថែមថា ការរៀបចំទ្រុងបែបអតិសុខុមប្រាណនេះមានកម្ពស់ ១ ម៉ែត្រ ដែលមានដាក់ស្លឹកឈើ គល់ឈើ អាចម៌រណា អំបិល ធ្យូង និងអតិសុខុមប្រាណ ដែលធ្វើម្តងអាចប្រើប្រាស់បានរយៈពេលដល់ជាង ១០ឆ្នាំ ហើយលាមកជ្រូកនឹងបំប្លែងទៅជាជីកំប៉ុសដោយខ្លួនឯង មិនមានក្លិនស្អុយឡើយ។
ទៀតសោត ការអនុវត្តវិធីចិញ្ចឹមជ្រូកតាមរបៀបអតិសុខុមប្រាណ នេះអាចឲ្យកសិករទទួលបានផលប្រយោជន៍ជាច្រើនដូចជា បាតទ្រុងធ្វើម្តងប្រើបាន ១០ឆ្នាំ មិនជីកស្រះ ប្រើដីតូច មិនមានក្លិនស្អុយ លាមកជ្រូកអាចលក់ធ្វើជី ប្រព័ន្ធការពារជ្រូកខ្លាំង មិនប្រើថ្នាំ មិនសូវមានបញ្ហាក្នុងការចិញ្ចឹម គុណភាពសាច់ខ្ពស់ ឆ្ងាញ់ខុសពីគេ មិនមានក្លិន មិនសូវមានខ្លាញ់។ មួយវិញទៀត ពេលលាយចំណីធម្មជាតិម្តង ប្រើបាន ១ខែ ចំណាយតិចងាយស្រួលប្រកួតប្រជែងទីផ្សារ លក់បានថ្លៃ ចំណាយពលកម្មតិច មិនប្រើទឹកបាញ់ទ្រុង ឬបាញ់ជ្រូក និងមិនមានសម្លេងរំខានជាដើម។

លោក ប៊ុន ចាន់វីរៈ បានបន្តទៀតថា បច្ចុប្បន្ននេះកសិដ្ឋានរបស់លោកមានចិញ្ចឹមជ្រូកសាច់ ៥០០ ក្បាល ដែលមានសមត្ថភាពអាចផ្គត់ផ្គង់នៅលើទីផ្សារ សាច់ជ្រូក ១២០ក្បាលក្នុង ១ខែ ហើយលោកក៏មានគម្រោងនឹងពង្រីកការផ្គត់ផ្គង់សាច់ ៣០០ ក្បាលក្នុង ១ខែ រៀបចំបង្កើតកសិទេសចរណ៍ និងកែច្នៃផលិតផលជាច្រើនមុខទៀត។
បើតាមម្ចាស់កសិដ្ឋានរូបនេះក៏បានបង្រៀនសិស្សប្រមាណជា ៣០០នាក់ រួចហើយ ពីរបៀបនៃការចិញ្ចឹមជ្រូកបែបអតិសុខុមប្រាណ ដើម្បីឲ្យប្រជាកសិករអាចចិញ្ចឹមបានតាមធម្មជាតិ ព្រោះនៅក្នុងភូមិស្រុក អ្នកចិញ្ចឹមជ្រូកគឺមានក្លិនស្អុយខ្លាំង និងបង្កផលប៉ះពាល់ដល់អ្នកជិតខាង។

គួរជម្រាបថា កសិដ្ឋានចិញ្ចឹមចៀម គៀតហ្វាម(KEAT FARM) របស់លោក ប៊ុន ចាន់វីរៈ មានទីតាំងស្ថិតនៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងកសិដ្ឋានរបស់លោក ក៏មានចិញ្ចឹមសត្វចៀម ១ ពាន់ក្បាល ក្នុងនោះមានជ្រូកសាច់ ៥០០ ក្បាល ទន្សាយ ១០០ក្បាល ពពែទឹកដោះ ៣០ ក្បាល គោទឹកដោះ ២០ក្បាល ព្រមទាំងដូងក្រអូប ៥ ហិកតា ដំណាំផ្លែឈើចម្រុះជាង ២០០ មុខ ចំនួន ៥ ហិកតា៕
អត្ថបទ៖ ឌិន ថារី
រូបភាព៖ គៀតហ្វាម(KEAT FARM)
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


