Connect with us

ព័ត៌មានជាតិ

ឱកាស​ការងារ​ជាង​២​ម៉ឺន​កន្លែង ​កំពុង​រង់ចាំ​អ្នក​នៅ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៣

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ដំណើការ «​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៣» នៅ​អគារ​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ គឺជា​អន្តរាគមន៍​ទីផ្សារ​ការងា​រ​ដ៏​ចាំបាច់​មួយ​នៅ​ក្នុង​ដំណើរ​ការ​ផ្តល់សេវា​ការងារ​ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ​នូវ​ព័ត៌មាន និង​កាលានុវត្តភាព ហើយ​ត្រូវបាន​រៀបចំឡើង​ក្នុង​មួយឆ្នាំ​ម្តង បន្ថែម​ទៅលើ​ការ​ផ្តល់សេវា​ការងារ​ជាប្រចាំ​ថ្ងៃ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

គោលបំណង​សំខាន់​បំផុត​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ការ​នាំឱ្យ​កាន់តែ​ខិតជិត​គ្នា​រវាង​និយោជក ដែលមាន​ឱកាស​ការងា​រ​ច្រើនសន្ធឹក​សន្ធាប់ និង​អ្នកស្វែងរក​ការងារ​ដែលមាន​សមត្ថ​ភាព នៅ​មួយកន្លែង​ដោយ​ងាយស្រួល ដើម្បី​ធ្វើការ​ជ្រើសរើស​កម្លាំង​ពលកម្ម​តាម​តម្រូវការ ដាក់​ពាក្យសុំ​ការងារ​ដែល​ខ្លួន​ចូលចិត្ត ទទួលបាន​ការប្រឹក្សា​យោបល់​អាជីព ការត្រៀមខ្លួន​ចូលធ្វើ​ការងារ​យ៉ាងសកម្ម និង​ការស្វែងយល់​ពី​ការបង្កើន​ផលិតភាព​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ក្នុង​ឆ្នាំ​២០២៣​នេះ មាន​ក្រសួង​-​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ជាតិ​-​អន្តរជាតិ​ចំនួន​១៥០ ដែល​ស្មើនឹង ១៨៨​បញ្ជរ ដែល​នាំមក​នូវ​ឱកាស​ការងារ​ថ្មីៗ​ថែមទៀត​ចំនួន​ជាង​២​ម៉ឺន​កន្លែង នៅក្នុង​វិស័យ​នាំមុខ​សំខាន់ៗ ដូចជា​៖ ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធានារ៉ាប់រង សេវាកម្ម​លក់ដុំ​និង​រាយ ទេសចរណ៍​និង​បដិសណ្ឋារកិច្ច ម្ហូបអាហារ​និង​ភេសជ្ជៈ អចលនទ្រព្យ​និង​សំណង់ ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ឧស្សាហកម្ម និង​កម្មន្តសាល ព្រមទាំង​វិស័យ​សេវាកម្ម​ផ្សេងៗ ហើយ​រំពឹងថា​មាន​អ្នកដាក់ពាក្យ​ស្នើសុំ​រក​ការងារ និង​សម្ភាស​ផ្ទាល់​នៅនឹងកន្លែង​ប្រមាណ​៣​ម៉ឺន​នាក់​។

បើ​តាម​លោក​រដ្ឋមន្ត្រី ហេង សួរ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៣​នាឱកាស​នេះ ត្រូវ​បានរៀបចំ​រួមបញ្ចូល​គ្នា​នូវ​ព្រឹត្តិការណ៍​ធំៗ​ពីរ ដែល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​គឺ​៖

​ទី​១. ពិព័រណ៍​ការងារ​ដែល​រួមមាន​ ៖ ការតាំង​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល ក្រសួង​-​ស្ថាប័ន និង​អង្គការ​ជាតិ​-​អន្តរជាតិ ដែល​នឹង​ផ្តល់ឱកាស​ដ៏​កម្រ​ដល់​សិស្ស​-​និស្សិត និង​អ្នកស្វែងរក​ការងារ​ក្នុង​ការជួប​ដោយផ្ទាល់ និង​ដាក់ពាក្យ​សម្ភាស​រក​ការងារ​ភ្លាម​ជាមួយ​និយោជក ដែល​កំពុង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ចំនួន​ជាង​២​ម៉ឺន​កន្លែង ធ្វើការ​ផ្គូផ្គង​ជំនាញ​ដែល​ខ្លួន​មាន​ទៅនឹង​តម្រូវការ​ថ្មីៗ​នៅក្នុង​ទីផ្សារការងារ ធ្វើការ​ដកស្រង់​បទពិសោធន៍ និង​ទទួល​មគ្គទេសក៍​ផ្ទាល់​ពី​អ្នកជំនាញ​តាម​វិស័យ​សំខាន់ៗ ព្រមទាំង​ឱកាស​សម្រាប់​ស្វែងរក​ការអប់រំ​បណ្តុះបណ្តាល និង​ការគាំទ្រ​នានា​ដើម្បី​លើកកម្ពស់​អនាគត​អាជីព​របស់ខ្លួន​។

ជាមួយនេះ អ្នកចូលរួម​ទាំងអស់​នឹង​ទទួលបាន​នូវ​ព័ត៌មាន​ទីផ្សារ​ការងារ​ថ្មីៗ មតិយោបល់ និង​ការអនុវត្ត​ល្អ​នានា​ដែលមាន​សារៈសំខាន់​សម្រាប់​រៀបចំ​ផែនការ​អាជីព ការអប់រំ​បណ្តុះបណ្តាល និង​ធនធានមនុស្ស ព្រមទាំង​ឱកាស​ក្នុង​ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ផ្នែក​ធនធានមនុស្ស​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​។

ទី​២.​យុទ្ធនាការ​លើកកម្ពស់​ផលិតភាព​ការងារ​ជាតិ ដែលមាន​សិក្ខាសាលា​សី្ត​ពី “​ឱកាស និង​បញ្ហា​ប្រឈម​នៃ​ផលិតភាព​ការងារ​” ដែលមាន​វាគ្មិន​ជំនាញ​ជាតិ​-​អន្តរជាតិ​នឹង​ធ្វើ​ការចែករំលែក​នូវ​គំនិត ចំណេះដឹង បទពិសោធន៍ ទស្សនវិស័យ​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ និង​សារៈសំខាន់​នៃ​ការលើកកម្ពស់​ផលិតភាព​ក្នុងការ​រក្សា​ភាព​ប្រកួតប្រជែង និង​កំណើន​រយៈពេល​វែង ការកែលម្អ​ការងារ មុខរបរ អាជីព និង​ប្រាក់ចំណូល​ប្រជាពលរដ្ឋ សំដៅ​បង្កើន​ការយល់ដឹង បណ្តុះ​ផ្នត់គំនិត​កែប្រែ​ឥរិយាបថ និង​ជំរុញ​ឱ្យ​យុទ្ធនាការ​នេះ​ក្លាយទៅជា​ចលនា​ជាតិ និង​វប្បធម៌ ផលិតភាព​នៅ​កម្ពុជា​។

គួរ​ជម្រាប​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៣ ត្រូវ​បាន​រៀបចំឡើង​ក្រោម​កិច្ច​ខិតខំ​សហការ​រួមគ្នា​រវាង​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) ក្រោម​ការ​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) អង្គការ​ភី​ផល​អិន​និ​ត ខេ​ម​បូ​ឌា​(People in Need Cambodia) និង​អង្គការ​ស្វី​ស​ខន​ថាក់ (Swiss Contact)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម