ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងចាប់ផ្ដើមដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ១៧ វិច្ឆិកា តទៅ
ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្ដើមដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះតទៅ បន្ទាប់ពីដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនបានបញ្ចប់រួចមក។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី ១៦ វិច្ឆិកានេះ បានឲ្យដឹងថា បន្ទាប់ពីដំណើរការកែសន្លឹកកិច្ចការបេក្ខជនបានបញ្ចប់នៅរសៀលថ្ងៃទី ១៦ វិច្ឆិកានេះ ក្រសួងអប់រំ មានរៀបកិច្ចប្រជុំណែនាំដល់ក្រុមការងារបូកស្រង់ពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ដើម្បីបំពេញការងាររបស់ខ្លួនបន្ត នាថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២៦ វិច្ឆិកា។

លោកស្រីបានបន្តថា «អីចឹងក្នុងរយៈពេលពីថ្ងៃទី ១៧ នេះ យើងយកសន្លឹកបណ្ណសម្រង់ពិន្ទុដែលបានមកពីមណ្ឌលកំណែនីមួយៗ បញ្ចូលទៅក្នុងកុំព្យូទ័រ។ បន្ទាប់ពីបញ្ចូលរួច ព្រីនឯកសារចេញពីកុំព្យូទ័រ ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងបណ្ណសម្រង់ពិន្ទុដែលបានមកពីមណ្ឌលកំណែទាំង ១០ នៅរាជធានីភ្នំពេញថា តើពិតជាត្រូវគ្នា ឬក៏អត់ ហើយនឹងមានការត្រួតពិនិត្យមើលដំណើរការប្រឡង និងបូកស្រង់ពិន្ទុនេះ អាចទទួលយកបាន ទើបរៀបចំប្រកាសព័ត៌មានលទ្ធផលប្រឡងនៅថ្ងៃទី ២៧ វិច្ឆិកា តែម្ដង»។

លោកស្រីបានបន្តទៀតថា ក្រសួង បានចាប់ផ្ដើមដំណើរការធ្វើកំណែសន្លឹកកិច្ចការបេក្ខជនប្រឡង ចាប់ពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១៥ វិច្ឆិកា ត្រូវបានធានាយុត្តិធម៌ តម្លាភាព និងសុក្រឹតភាព ហើយលទ្ធផលអាចទទួលយកបានទាំងអស់គ្នា តាមរយៈយន្តការកាត់រាល់ក្បាលសន្លឹកកិច្ចការ ដោយចុះលេខសម្ងាត់លើសន្លឹកកិច្ចការ ហើយការបែងចែកសន្លឹកកិច្ចការដល់អ្នកកែដោយឆ្លងកាត់ដំណើរការពីរផ្សេងគ្នា។ បន្ទាប់ពីចុះលេខសម្ងាត់លើសន្លឹកកិច្ចការរួច នឹងបញ្ជូនសន្លឹកកិច្ចការទៅកាន់ក្រុមបែងចែកសន្លឹកកិច្ចការ។ ហើយក្រុមបែងចែកសន្លឹកកិច្ចការ នឹងបន្តបែងចែកទៅកាន់ក្រុមកំណែនីមួយៗ។ ដូច្នេះក្រុមកំណែគ្មានសិទ្ធិជ្រើសរើសដុំកំណែដែលខ្លួនត្រូវការឡើយ។ នេះជាការរក្សាការសម្ងាត់ ក៏ដូចជាដំណើរការ នៃការកែសន្លឹកកិច្ចការប្រឡងរបស់សិស្ស។

លោកស្រីបន្ថែមទៀតថា «ដើម្បីធានាសុក្រឹតភាព នៃការកែសន្លឹកកិច្ចការប្រឡង គឺយើងមានយន្តការពីរ។ ទី១.គឺយើងមានអ្នកកែពីរនាក់ លើសន្លឹកកិច្ចការតែមួយ និងទី២.គឺការបញ្ចូលពិន្ទុក្នុងប្រព័ន្ធកុំព្យូទ័រ ត្រូវបានធានាត្រឹមត្រូវ ក្រោមការត្រួតពិនិត្យដោយអនុគណៈកម្មការផ្ទៀងផ្ទាត់ពិន្ទុលើសន្លឹកកិច្ចការជាមួយនឹងពិន្ទុដែលបានបញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រ»។
គួរជម្រាបថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី ៦ និងទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់ ចែកជា ២២៧ មណ្ឌលប្រឡង ត្រូវជា ៥.៥៤៣ បន្ទប់។ មានបេក្ខជនអវត្តមានសរុប ២.៣២៨ នាក់ ស្រី ៩៣៤ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប(ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤ នាក់ ស្រី ៧៤៩ នាក់)។
បេក្ខជនមានបញ្ហាសុខភាព ៨៥ ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាព និងមិនអាចបន្តការប្រឡងបានចំនួន ៥ ករណី។ ក្រៅពីនេះ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ បានបន្តការប្រឡងជាធម្មតា បន្ទាប់ពីអាការបានធូរស្រាល និងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ។
ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២៧ វិច្ឆិកា សម្រាប់ភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ២៨ សម្រាប់ខេត្តផ្សេងៗ ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៩ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


