Connect with us

កីឡា

អង្គរថាយហ្គឺរ ជិត​សម្រេច​គោល​ដៅ​អ្នក​គាំទ្រ ៣ ម៉ឺន​នាក់ រដូវ​កាល​នេះ ខណៈខ្វះ​តែ​ជាង ១ ពាន់​នាក់​

បានផុស

នៅ

ក្លិប​បាល់ទាត់​ អង្គរថាយហ្គឺរ ត្រូវ​បាន​មើល​ឃើញ​ជា​ក្លិប​មួយ​ដែលយក​ចិត្ត​ទុក​ដាក់​ក្នុង​​​សកម្មភាព​ទាក់​ទាញ និង​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ក្នុង​ចំណោម​ក្លិប​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​នៅ​រដូវ​កាល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត កីឡដ្ឋាន​អាគីហ៊ីរ៉ូកាតុ តែង​តែ​​ទទួល​បាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ច្រើន​ ទាំង​ជន​ជាតិ​ខ្មែរ និង​ជន​ជាតិ​បរទេស។ ការ​ទទួល​បាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​បែប​នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ជា​ផែន​ការ​យុទ្ធ​សាស្ត្រ​សុទ្ធសាធ។ ក្លិប​ដែលមាន​ម្ចាស់​ជា​ជន​ជាតិ​ជប៉ុន​​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​នា​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ។

ក្រៅ​ពី​មាន​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម ​ថ្នាក់​ដឹក​នាំ ក្រុម​ការងារ និង​កីឡាករ​​ក៏​បាន​ចេញ​ធ្វើ​សកម្មភាព​ផ្ទាល់​តាម​មូលដ្ឋាន​ទាំង​ទី​ប្រជុំ​ជន តាម​ផ្លូវ​ថ្នល់ និង​សាលា​រៀន​ជា​ដើម​ដើម្បី​ទាក់​ទាញ​អ្នក​គាំទ្រ​ឲ្យ​ចូល​ទស្សនា​ផ្ទាល់។

ក្លិប​​អង្គរថាយហ្គឺរ មានផេក​ផ្លូវ​ការ និង​វេបសាយ​សម្រាប់​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាពរបស់​ក្រុម​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​ក្លិប​មួយ​នេះ​ក៏​មាន​ផេក​មួយ​ទៀតគឺ Akihiro Kato Stadium ​​សម្រាប់​តែ​​កីឡដ្ឋាន​។ ផេក​មួយ​នេះ ពួក​គេ​ប្រើ​ប្រាស់​សម្រាប់​ការ​ផ្សព្វផ្សាយ​ពី​អ្នក​គាំទ្រ​សុទ្ធ​សាធ​តែ​ម្តង​ដែល​របៀប​ផ្សព្វផ្សាយ​នេះស្ទើរ​គ្មាន​ក្លិប​ណា​ផ្សេង​នៃ​លីគ​កំពូល​កម្ពុជា​ធ្វើ​ដូច​ឡើយ។ ក្លិប​ខ្លះ​មាន​ផេក​សម្រាប់​កីឡដ្ឋាន​ដែរ​ ប៉ុន្តែ​មិន​សូវ​មាន​សកម្មភាព​ផ្សព្វផ្សាយ​ជា​ប្រចាំ​ឡើយ។

នៅ​រដូវ​កាល ២០២៥-២៦ ក្លិប​អង្គរថាយហ្គឺរ​ បាន​ដាក់​គោល​ដៅ​រក​ឲ្យ​បាន​អ្នក​គាំទ្រ​សរុប​ចំនួន ៣ ម៉ឺន​នាក់ ដែល​បាន​ចូល​ទស្សនា​ផ្ទាល់។ ការ​ប្រកួត​សប្តាហ៍​ទី​២៨ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣ ខែ​ឧសភា ឆ្នាំ ២០២៦ កីឡដ្ឋាន អាគីហ៊ីរ៉ូ កាតុ ទទួល​បាន​ចំនួន​អ្នក​គាំទ្រ​ច្រើន​បំផុត​កំណត់​ត្រា​ថ្មី​គឺ​ចំនួន ២,៩៩៧​នាក់ នៅ​ពេល អង្គរថាយហ្គឺរ បាន​ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ៤-៣។

គិត​ត្រឹម​សប្តាហ៍​ទី​ ២៨ ពួក​គេ​ទទួល​បាន​អ្នក​គាំទ្រ​ចំនួន ២៨,៦៣៨ នាក់​ហើយ ដោយ​ខ្វះ​តែ ១,៣៦២ នាក់​​ទៀត​ប៉ុណ្ណោះ​នឹង​សម្រេច​គោល​ដៅ។ ពួក​គេ​ទំនង​ជា​សម្រេច​បាន​​គោល​ដៅសម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នៅ​រដូវ​កាល​នេះ​នៅ​ពេល​ពួក​គេ​បើក​ទ្វារ​​​ផ្ទះ​​របស់​ខ្លួន​​ទទួល ក្រុមណាហ្គាវើលដ៍ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ ២០២៦។

អ្នក​គាំទ្រ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​វិស័យ​បាល់ទាត់។ ម្ចាស់​ក្លិប​អាច​យក​ទិន្នន័យ​នៃ​​អ្នក​គាំទ្រ​ដើម្បី​ទាក់ទាញ​ម្ចាស់​ឧបត្ថម្ភ​ដើម្បី​ទទួល​បាន​ចំណូល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្លិប​ក៏​អាច​ទទួល​បាន​ចំណូល​ពី​ការ​លក់​សំបុត្រ​​ដល់​អ្នក​គាំទ្រ។ ម្យ៉ាង​ទៀត អ្នក​គាំទ្រ​ច្រើន​ក៏​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​​បាល់ទាត់​រីក​ចម្រើន​ទាំង​​​ក្រុម ក្លិប លីគ និង​ជម្រើស​ជាតិ៕

ទិន្នន័យ​មុន​ការ​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង
ទិន្នន័យ​ការ​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម