Connect with us

ព័ត៌មានជាតិ

បុគ្គលិក​ក្រសួងសុខាភិបាល​ជិត​៣​ម៉ឺន​នាក់ ​ទទួល​បាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ ​៖ ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បានលើកឡើង​ថា​បុគ្គលិក​ក្រសួងសុខាភិបាល​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ជិត​៣​ម៉ឺន​នាក់​នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩​ទាំងអស់​ ខណៈ​ជា​ជំហាន​ដំបូង​ក្រសួង​នឹង​ផ្តល់​លើ​ក្រុម​អាទិភាព​មួយចំនួន​ជាមុនសិន​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​។

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ទីស្តីការ​ក្រសួង​នា​ល្ងាច​ថ្ងៃទី​០៨​កុម្ភៈ​ លោកស្រី​បាន​បន្ត​ថា «​ជា​គោលការណ៍​ក្រសួង​មានបំណង​ឲ្យ​បុគ្គលិក​មន្ត្រីរាជការ​ក្រសួង​ដែល​មាន​ចំនួន​ប្រមាណ​ជិត​៣​ម៉ឺន​នាក់​ចាក់​វ៉ាកសាំង​កូ​វីដ​១៩​ទាំងអស់គ្នា ​តែ​អាស្រ័យ​លើ​គោលការណ៍​ស្ម័គ្រ​ព្រោះ​ក្រសួង​ក៏​មិនអាច​បង្ខំ​ពួកគាត់​បានទេ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្ត​ទៀត​ថា ​«​យើង​ចាក់​បណ្តើរៗ​ ព្រោះ​ថ្ងៃ​១០ ​កុម្ភៈ ​យើង​ចាក់​ជូន​ឥស្សរជន​ជាន់ខ្ពស់​ដូចជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​និង​អ្នកសារព័ត៌មាន​ហើយ​ថ្ងៃ​បន្តបន្ទាប់​ទៀត​យើង​បន្ត​ចាក់​ដល់​ក្រុម​ពេទ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ទាហាន​ប៉ូលីស​ធ្វើយ៉ាងណា​ឲ្យ​គ្រប់​ចំនួន​១៤៩៥០០​នាក់​សម្រាប់​ចាក់​លើក​ទី​១»​។

លោកស្រី​បាន​ឲ្យ​ដឹងថា ​ក្នុងចំណោម​វ៉ាក់សាំង​៣០​ដូ​ម៉ឺន​ដូ​ស​ដែល​ក្រសួងសុខាភិបាល​ទទួល​បាន​នេះ​សម្រាប់​គឺ​ចែកចេញជា​ពីរ​ដំណាក់​កាលដែល​ដំណាក់​ទី​១​ចាក់​១៥​ម៉ឺន​ដូ​ស​និង​ដំណាក់កាល​ទី​២​ចាក់​៣០​ម៉ឺន​ទៀត​។ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​ក្នុង​១៥​ម៉ឺន​ដូ​ស​នោះ ​យើង​អាច​ប្រើប្រាស់​បានតែ​ចំនួន​១៤៩៥០០​នាក់​ប៉ុណ្ណោះ​ ដោយសារ​មាន​វ៉ាក់សាំង​ខ្លះ​ខូចខាត​ពេល​ដឹក​ជញ្ជូន​ ឬ​ បែក​បន្តិច​បន្តូច​ជៀស​មិន​ផុត​នោះ​ទេ។

លោកស្រី​បាន​បន្ថែម​ថា ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​កូ​វីដ​រួចហើយ ​គ្រូពេទ្យ​មិនទាន់​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ទេ​ត្រូវ​រង់ចាំ​៣០​នាទី​៣០​សិន​ ដើម្បី​ឲ្យ​គ្រូពេទ្យ​តាមដាន​សុខភាព​ខ្លាចក្រែង​អ្នកជំងឺ​មាន​បញ្ហា​សុខភាព​ឬ​ផល​រំខាន​អ្វីខ្លះ​ហើយ​បើ​មិន​មាន​បញ្ហា​អ្វី​ទេ​ទើប​គ្រូពេទ្យ​អនុញ្ញាត​ត្រឡប់​ទៅ​ផ្ទះ​វិញ​បានជា​មួយ​ប័ណ្ណ​សុខភាព​សម្រាប់​មក​បន្ត​ចាក់​ជា​លើក​ទី​២​ បន្ទាប់ពី​ចាក់​ពី​លើក​ទី​១​រួច​ចាប់ពី​១៤​ទៅ​២៨​ថ្ងៃ​។

លោកស្រី​បាន​បញ្ជាក់​ថា ​ពេល​ចាក់​លើក​២​រួចហើយ​គឺ​ទទួលបាន​ជោគជ័យ​ហើយ​។​មានន័យថា​បុគ្គល​នោះ​មាន​ភាពស៊ាំ​អាច​ការពារ​ពី​ការ​វាយលុក​របស់​វីរុស​កូ​វីដ​១៩​។​ តែ​មិន​មានន័យថា​ បុគ្គល​នោះ​ប្រលែង​ដៃ​មិន​អនុវត្ត​វិធានការ​ក្រសួង​នោះ​ទេ​ពោល​គឺ​វិធានការ​៣​ការពារ​និង​៣​កុំ​របស់​ក្រសួង​ត្រូវតែ​បន្ត​អនុវត្ត​ដដែល​និង​ឲ្យ​ម៉ឺងម៉ាត់​ជាទីបំផុត​។

លោកស្រី​បាន​បន្ថែម​ទៀត​ថា ​ចំពោះ​អ្នកទទួល​វ៉ាក់សាំង​រួច​ហើយ ​ដែល​ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា​ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃជា​ធម្មតា​ដដែល​មិនមាន​ការលើកលែង​នោះទេ​។

គួរ​បញ្ជាក់​ថា ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ​នឹង​ចាប់ផ្តើម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១ ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ធំៗ​ចំនួន​៤​រួមមាន​ពេទ្យ​កាល់ម៉ែត ពេទ្យ​រុស្សី ពេទ្យ​អង្គឌួង​និង​ពេទ្យ​កុមារ​ជាតិ​បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​ដឹក​វ៉ាក់សាំង​៦០​ម៉ឺន​ដូ​ស​មកដល់​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​០៧​ ខែ​កុម្ភៈ​ និង​នៅសល់​៤០​ម៉ឺន​ដូ​ស​ទៀត​ នឹង​ផ្តល់​មក​ជា​បន្តបន្ទាប់​ទៀត​ឆាប់ៗ​នេះ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម