ព័ត៌មានជាតិ
ពលរដ្ឋជិត ៩ ម៉ឺននាក់ ចុះឈ្មោះចូលជាសមាជិក ប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្ត
គិតមកត្រឹមថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ នេះ មានអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស សរុបប្រមាណជា ៨៨ ០០៥ នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យ និងជាអគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ចំណោមអ្នកចុះឈ្មោះចូលជាសមាជិក ប.ស.ស ក្នុងនោះបុគ្គលស្វ័យនិយោជន៍ រួមមាន ៖ អាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប មានចំនួន ៨៤ ៨៦៥ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៣ ១៤០ នាក់។

លោកអគ្គនាយករង ប.ស.ស បានបន្តថា តាមរយៈការស្ម័គ្រចិត្តមកចុះឈ្មោះចូលជាសមាជិក ប.ស.ស របស់ប្រជាពលរដ្ឋយ៉ាងច្រើនខាងលើនេះ ស.បញ្ជាក់ឱ្យឃើញថា ពួកគាត់ទាំងអស់ ពិតជាបានយល់ច្បាស់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលក្រុមការងារបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយក្នុងយុទ្ធនាការអស់រយៈពេលជាង ២០ ថ្ងៃ កន្លងទៅនេះ។

លោកអគ្គនាយករង ប.ស.ស បានបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃនេះ ជាង ២០ ថ្ងៃហើយ នៃយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៣០ ថ្ងៃ ដែលបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្ដីពីលក្ខខណ្ឌ និងនីតិវិធី នៃការស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្ត ពិសេសការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែលប្រជាពលរដ្ឋត្រូវទទួលបាន ពេលក្លាយជាសមាជិក ប.ស.ស និងមានប្រជាពលរដ្ឋជាអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប កម្មករ-និយោជិត រួមទាំងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស សរុបប្រមាណជា ១ ២៨៥ ២០៣ នាក់ ស្មើនឹង ៤ ២៥៨ លើក ដែលទទួលបានការផ្សព្វផ្សាយខាងលើ។

លោកអគ្គនាយករង ប.ស.ស បានបន្ថែមទៀតថា ប.ស.ស នឹងបន្តពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ កម្មករ-និយោជិត ពិសេសប្រជាពលរដ្ឋជាអ្នកប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត តាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ។

គួរបញ្ជាក់ថា បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំណាយត្រឹម ១៥ ៦០០ រៀល ក្នុង ១ ខែ នឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗ ចំនួន ៣ រួមមាន ៖ ទី១.ការទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ, ទី២.ការទទួលបានប្រាក់បំណាច់មាតុភាព ,និងទី៣. ការទទួលបានប្រាក់វិភាជន៍បូជាសព។ បន្ថែមពីនេះ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទាំងអស់ អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺ នៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស ទូទាំងប្រទេស ដោយឥតគិតថ្លៃ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


