ព័ត៌មានជាតិ
មេក្រុមហ៊ុនវៀតណាមគ្រាក់ៗណាខ្លះ ចូលជួបនាយករដ្ឋមន្រ្តីកម្ពុជាក្នុងដំណើរទស្សនកិច្ចនៅវៀតណាម?
ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅប្រទេសវៀតណាមរយៈពេលពីរថ្ងៃចាប់ពីថ្ងៃ ១១ ដល់ ១២ ធ្នូ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រៅពីជួបថ្នាក់ដឹកនាំនយោបាយរបស់ប្រទេសវៀតណាម សម្តេចក៏មានការជួបដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាមធំៗដើម្បីជំរុញការវិនិយោគនៅប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាមធំៗដែលចូលជួបនាយករដ្ឋមន្រ្តីកម្ពុជារួមមាន៖
-ក្រុមហ៊ុន VIETTEL ដឹកនាំដោយលោក តាវ ឌុច ថាង (Tao Duc Thang) ប្រធានអគ្គនាយកក្រុមហ៊ុន Viettel។
-ក្រុមហ៊ុន VIETJET Group ដឹកនាំដោយលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet Group
-ក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ដឹកនាំដោយលោក ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG)
-ធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម ដឹកនាំដោយលោក ផាន ឌុច ទូ (Phan Duc Tu) ប្រធានក្រុមប្រឹក្សាភិបាលធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV)
-ក្រុមហ៊ុន THACO ដឹកនាំដោយលោក ជិន បា សឿង (Tran Ba Duong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
-ក្រុមហ៊ុន Vingroup Corporation ដឹកនាំដោយលោក Nguyen Viet Quang អនុប្រធានក្រុមប្រឹក្សាភិបាល និងជា អគ្គនាយកក្រុមហ៊ុន VINGROUP



ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជាថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាមក៏បានបង្ហាញឆន្ទៈក្នុងការពង្រីកគម្រោងវិនិយោគដែលមានស្រាប់ និងបំណងដាក់ទុនវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតីបានចូលរួមអបអរសាទរចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុនទាំងនៅក្នុងប្រទេសវៀតណាម និងនៅប្រទេសកម្ពុជា។ សម្ដេចធិបតីបានលើកទឹកចិត្តក្រុមហ៊ុនវៀតណាមទាំង ៦ ពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ខណៈកម្ពុជាបាននឹងកំពុងផ្តល់នូវបរិយាកាសវិនិយោគយ៉ាងអំណោយផល ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មី។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម ថ្នាក់ដឹកនាំប្រទេសទាំងពីរបានបន្តផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពប្រទេសទាំងពីរ ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ព្រមទាំងបានពិភាក្សា និងវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈកាលកន្លងមក។ ភាគីទាំងពីរបានឯកភាពដាក់ចេញនូវទិសដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យទទួលបានលទ្ធផលផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ការតភ្ជាប់ ការពារជាតិ សន្តិសុខ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន។
កិច្ចការតំបន់និងសាកល ក៏ត្រូវបានភាគីទាំងពីរលើកឡើងដោយបង្ហាញការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិនានា ដូចជាក្របខណ្ឌអង្គការសហប្រជាជាតិ អាស៊ាន និងអនុតំបន់មេគង្គជាដើម។


បន្ទាប់មកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានអញ្ជើញជាអធិបតីនៃពិធីចុះហត្ថលេខាលើឯកសារចំនួន៣ រួមមាន ទី១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា វៀតណាម។ ទី២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា និងបណ្ឌិត្យសភាការទូតវៀតណាម និងទី៣-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។

ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅប្រទេសវៀតណាម ក៏ប្រកាសជាផ្លូវការដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយមកកាន់ខេត្តសៀមរាប។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាមនឹងបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្វាគមន៍និងគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប ដែលជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា វៀតណាមជាប់លំដាប់លេខរៀងទី ៣ ក្នុងការដោះដូរទំនិញជាមួយកម្ពុជា បន្ទាប់ពីចិន និងអាមេរិក។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានជាង ៥,៨ពាន់លានដុល្លារ កើនឡើង ៦,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៥,៥ពាន់លានដុល្លារអាមេរិក។
ការនាំចេញរបស់កម្ពុជាទៅវៀតណាម ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ មានទំហំជាង ២,៦១ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួនទឹកប្រាក់ជាង ៣,២ពាន់លានដុល្លារ។ ក្នុងនោះទំនិញដែលកម្ពុជានាំចេញសំខាន់ៗភាគច្រើនជាផលិតផលកសិកម្ម មានដូចជា ស្រូវ ដំឡូងមី ស្វាយចន្ទី និងកៅស៊ូជាដើម ខណៈការនាំចូលវិញមានដែកថែប ប្រេងឥន្ធនៈ និងផលិតផលវាយនភណ្ឌ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង