ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ យុវជននាំគ្នាចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃរបស់ រដ្ឋាភិបាល យ៉ាងច្រើនកុះករ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា យុវជនទូទៅមកពីសេដ្ឋកិច្ចក្នុង ឬ ក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិត និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បាននាំគ្នាចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលដោយមិនបង់ប្រាក់យ៉ាងច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ មករា នេះថា គិតត្រឹមថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ នេះ មានអ្នកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មកពីសេដ្ឋកិច្ចក្នុង ឬ ក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិតច្រើនជាងអ្នកមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ពោលគឺក្នុងចំណោមអ្នកចុះឈ្មោះសរុប ២៤ ៩១៥ នាក់ ក្នុងនោះយុវជនទូទៅចំនួន ១៥ ៣៣៣ នាក់ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៨ ៨៦២ នាក់។

លោកបានបន្តថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ ខែ ហើយការចុះឈ្មោះចូលរៀនមិនតម្រូវឲ្យបង់ប្រាក់នោះទេ។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែ។ ប៉ុន្តែយុវជនមកពីសេដ្ឋកិច្ចក្នុង ឬ ក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិត ដែលមានបំណងចង់រៀនជំនាញបន្ថែម ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទេ។

លោកបានបន្តទៀតថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ របស់រាជរដ្ឋាភិបាល បានបើកវគ្គជាលើកដំបូងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយមានយុវជនចុះឈ្មោះចូលរៀនប្រមាណជាង ២ ម៉ឺននាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនេះជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ដោយមានរៀនជំនាញទៅលើវិស័យចំនួន ១០ រួមមានជំនាញ សំណង់, អគ្គិសនី និងថាមពល,អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ,កម្មន្តសាល,មេកានិកទូទៅ/មេកានិករថយន្ត ,ទេសចរណ៍,សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ច និងព័ត៌មាន។

លោក កត្តា អ៊ន បានអំពាវនាវ និងលើកទឹកចិត្តឱ្យយុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បន្តចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈឱ្យបានច្រើនកុះករបន្ថែមទៀត ដើម្បីទទួលបាននូវជំនាញថ្មីៗ និងស្របតាមទីផ្សារការងារសម្រាប់ចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារទៅថ្ងៃអនាគត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


