Connect with us

ព័ត៌មានជាតិ

ស្រូវឡើងថ្លៃ កសិករបង្កើនផ្ទៃដីធ្វើស្រែ លើសផែនការ នាំឱ្យខេត្តមួយចំនួនប្រឈមបញ្ហាខ្វះទឹក

បានផុស

នៅ

ផ្ទៃដីដាំដុះស្រូវរបស់ប្រជាកសិករនៅតាមបណ្ដាខេត្តមួយចំនួនកំពុងប្រឈមនឹងបញ្ហាខ្វះទឹកបញ្ចូលស្រែនាដើមឆ្នាំនេះ ដោយសារតម្លៃស្រូវឡើងថ្លៃ ធ្វើនាំឱ្យកសិករបង្កើនផ្ទៃដីធ្វើស្រែលើសផែន​ការ ខណៈអាជ្ញាធរកំពុងមមាញឹកជួយរកដំណោះស្រាយ។

លោក កុល សារឿន កសិករនៅរស់នៅភូមិព្រែតូច ឃុំព្រែកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រាប់ថា បច្ចុប្បន្នលោកសង្កេតឃើញកសិករបង្កើនដីធ្វើស្រែប្រាំងច្រើន ខណៈដីកសិករដែលនៅឆ្ងាយពីប្រឡាយប្រឈមនឹងបញ្ហាខ្វះទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រុកចំនួន ៣ នៅក្នុងខេត្តបាត់ដំបងប្រឈមនឹងបញ្ហាខ្វះទឹករួមមាន ស្រុកថ្មគោល អាចនឹងខ្វះទឹកចំនួន ៥ ពាន់ហិកតា ក្នុងខែកុម្ភៈ និងខែមីនា, ស្រុកមោងឫស្សី ជួបការខ្វះទឹកចំនួន ៩ ពាន់ហិកតា ដែលកំពុងតែខ្វះទឹកបណ្ដើរៗ និង ស្រុក​ឯកភ្នំ អាចជួបការខ្វះទឹកចំនួន ១ ៨០០ ហិកតា នៅពេលទៅមុខបន្តក្នុងខែកុម្ភៈ និងមីនា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានថ្លែងឱ្យដឹងថា អាជ្ញាធរខេត្តកំពុងអន្តរាគមន៍ បូមទឹកចូលប្រឡាយមេ ដើម្បីឱ្យពលរដ្ឋប្រើប្រាស់ ខណៈនៅឆ្នាំនេះ កសិករសម្រុកធ្វើធ្វើស្រែប្រាំងលើសផែនការ ដោយសារស្រូវឡើងថ្លៃ។

នៅក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្នពលរដ្ឋធ្វើស្រែចំនួនជាង ៥ ម៉ឺនហិកតា (៥​ ៤០០០) ខណៈក្នុងផែនការត្រឹមតែ២ ម៉ឺន ហិកតា ហើយស្របពេលដែលភ្លៀងកក់ខែមិនទាន់មានទៀត ទើបធ្វើឱ្យកសិករប្រឈមនឹងបញ្ហាខ្វះទឹក។

ដោយឡែក លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ នេះដែរថា កង្វះទឹកប្រើប្រាស់នៅខេត្តបន្ទាយមានជ័យ ភាគច្រើននៅស្រុកមង្គលបូរី ដោយសារកសិករធ្វើស្រែប្រាំងនៅចុងរដូវ ខណៈរដ្ឋបាលខេត្តបានដោះស្រាយសុំទឹកពីខេត្តបាត់ដំបង ដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា ​ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យក៏បង្កើនការធ្វើស្រែប្រាំងលើសផែនការដែរ ដោយក្នុងផែនការមានត្រឹមតែជាង ២ ម៉ឺនហិកតា ប៉ុន្តែកសិករបង្កើនដល់ជាង ៥ ម៉ឺនហិកតា ចំនួននេះលើសផ្ទៃដីដែលខេត្តគ្រោង។

ទោះជាយ៉ាងណា ក្រុមការងារ នៃមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្ដារខេត្តមួយចំនួនដែលប្រឈមនឹងបញ្ហាខ្វះទឹក ក៏បានខិតខំចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់កសិករផងដែរ។

កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តមួយចំនួន រួមមានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ បានប្រកាសហាមប្រជាពលរដ្ឋមិនឱ្យធ្វើស្រូវប្រាំងលើកទី២ ដោយសារស្ថានភាពនៃលំហូរទឹក និងបរិមាណ​​​​​ទឹកក្នុងអាងមានតិចតូច ដែលមិនអាចធានានូវការផ្គត់ផ្គង់នូវការស្រោចស្រពដំណាំស្រូវប្រាំងស្របតាមតម្រូវការរបស់កសិករបាននោះឡើយ។

កន្លងមក កសិករអាចលក់ស្រូវបានតម្លៃ ១ ៣០០ រៀល ក្នុង១ គីឡូក្រាម។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា នៅឆ្នាំ ២០២៣ កម្ពុជានាំចេញស្រូវបានជាង ២ លានតោន (២ ៧៣០ ៨២៥) គិតជាទឹកប្រាក់ជាង ៩ រយលានដុល្លារ (៩៣៩ ៩៦៥ ៦៨២) កើនឡើង ២៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម