ព័ត៌មានអន្ដរជាតិ
ខណៈស្ទើរពេញពិភពលោកប្រឈមទឹកជំនន់ ប្រទេសក្រិកបែរជាជួបបញ្ហាខ្សត់ទឹក
ស្របពេលប្រទេសនានានៅជុំវិញពិភពលោកកំពុងជួបប្រទះគ្រោះទឹកជំនន់ ប្រទេសក្រិកបែរជាជួបប្រទះបញ្ហាខ្សត់ទឹកទៅវិញ ខណៈមានការធ្លាក់ចុះនូវកម្រិតទឹកក្នុងបឹងសិប្បនិម្មិត Mornos ដែលជាអាងស្តុកទឹកដ៏សំខាន់របស់រដ្ឋធានីអាថែនរបស់ប្រទេសក្រិកអស់ជាច្រើនទសវត្សរ៍មកហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២៩ខែសីហានេះ។

បឹងសិប្បនិម្មិត Mornos ដែលមានទីតាំងនៅប្រហែល១៥០គីឡូម៉ែត្រភាគឦសាននៃទីក្រុង អាថែន គឺជាអាងស្តុកទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ទឹករបស់រដ្ឋធានីក្រិកអស់ជាច្រើនទសវត្សរ៍មកហើយ។ កាលពីនៅពេលដែលទំនប់មួយត្រូវបានសាងសង់នៅលើទន្លេ Mornos ក្នុងឆ្នាំ១៩៧៩ ដើម្បីបង្កើតបឹងសិប្បនិម្មិតនេះ ភូមិ Kallio ត្រូវជម្លៀសចេញ និងលិចនៅក្រោមទឹក ប៉ុន្តែនៅរដូវក្តៅនេះភូមិ Kallio មិនបានលិចនោះទេ ខណៈដែលកម្រិតទឹកបានធ្លាក់ចុះជាខ្លាំង។
កាលពីខែកក្កដា ឆ្នាំ២០២៣ ផ្ទៃបឹងមានប្រហែល១៦,៦គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ National Observatory of Athens ប៉ុន្តែនៅក្នុងខែកក្កដាឆ្នាំនេះវាមានទំហំត្រឹមតែ១២,៨ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។
បញ្ហានេះត្រូវបានរាយការណ៍ថាបញ្ហាកង្វះធនធានទឹកនៅទូទាំងប្រទេសក្រិក ដោយតំបន់ជាច្រើនកំពុងប្រឈមនឹងការខ្វះខាតទឹករួចហើយ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាក៏កំពុងកើតមាននៅក្នុងតំបន់ផ្សេងទៀត ដោយសារគ្រោះរាំងស្ងួតរយៈពេលយូរ និងការថយចុះទឹកភ្លៀង និងការធ្លាក់ព្រិល។
ក្រសួងបរិស្ថាន និងថាមពលបានប្រកាសកាលពីថ្ងៃអង្គារថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ទឹកបម្រុងនៅបឹង Mornos និងអាងស្តុកទឹកសំខាន់ៗចំនួនបីផ្សេងទៀតសម្រាប់តំបន់ Greater Athens បានធ្លាក់ចុះប្រហែល ៣០ ភាគរយ មកនៅប្រហែល៧០៣លានម៉ែត្រគូប។ ជាមួយនឹងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសដែលរស់នៅក្នុងតំបន់ធំជាងនៅទីក្រុង អាថែន តួលេខនេះគួរឱ្យព្រួយបារម្ភ។

ពាក់ព័ន្ធបញ្ហានេះលោក Dimitrios Emmanouloudis សាស្ត្រាចារ្យផ្នែកគ្រប់គ្រងទឹកភ្នំនៅសាកលវិទ្យាល័យ Democritus of Thrace នៅភាគខាងជើងប្រទេសក្រិកបានឲ្យដឹងថា៖«ប្រទេសក្រិកមានភ្លៀងធ្លាក់តិច ហើយជាពិសេសព្រិលធ្លាក់តិចក្នុងអំឡុងរដូវរងាឆ្នាំ ២០២២-២០២៣ និង ២០២៣-២០២៤»។
លោកបានបន្តថា បញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងដោយការកើនឡើងយ៉ាងឆាប់រហ័សនៃការមកដល់ទេសចរណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈប្រទេសនេះមានប្រជាជនប្រមាណ ១០លាននាក់ទទួលបានភ្ញៀវទេសចរជាង៣០ លាននាក់ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមស្ថិតិផ្លូវការ។
លោក Emmanouloudis គូសបញ្ជាក់ថា សម្ពាធលើធនធានទឹកក្នុងគោលដៅទេសចរណ៍ដ៏ពេញនិយមលែងមាននិរន្តរភាពទៀតហើយ។ ជាមួយគ្នានេះនៅក្នុងរដ្ឋធានីក្រិកដែលទទួលភ្ញៀវកាន់តែច្រើន ក្រុមហ៊ុនផ្គត់ផ្គង់ទឹក ដែលគ្រប់គ្រងដោយរដ្ឋអាថែន (EYDAP S.A.) បានធ្វើឱ្យសកម្មរកប្រភពទឹកបន្ថែមដើម្បីគាំទ្របណ្តាញទាំងនេះ រួមមានបឹង Yliki នៅភាគឦសាននៃទីក្រុងអាថែនផងដែរ។
ចំណែកអ្នកជំនាញបានបន្ថែមថា ប្រទេសក្រិកក៏បានពើបប្រទះសីតុណ្ហភាពខ្ពស់មិនធម្មតាចាប់តាំងពីខែមីនាឆ្នាំនេះ ដែលតម្រូវការប្រើប្រាស់ទឹកកើនឡើង។ ក្រុមមន្ត្រីបាននិយាយថា នឹងមានញ្ហាកង្វះដ៏អាក្រក់បំផុត ប្រសិនបើកង្វះទឹកភ្លៀង និងព្រិលធ្លាក់នៅតែបន្តកើតមានក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារការប្រែប្រួលអាកាសធាតុ ទឹកបម្រុងសម្រាប់ទីក្រុងអាថែន នឹងឈានដល់តំបន់ក្រហមក្នុងរយៈពេល៤ឆ្នាំ។

យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហាប្រឈមដូចបានរៀបរាប់ រដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដើម្បីដោះស្រាយការលេចធ្លាយ និងការសន្សំសំចៃទឹក ការសាងសង់រោងចក្រចម្រោះទឹកបន្ថែមទៀត និងការគ្រប់គ្រងទឹកកែច្នៃបានល្អប្រសើរសម្រាប់ប្រព័ន្ធធារាសាស្រ្តកសិកម្ម។ ពេលនេះ មន្ត្រីជំនាញកំពុងណែនាំប្រជាពលរដ្ឋឲ្យសន្សំសំចៃទឹក។
ទោះជាយ៉ាងណាក៏ដោយ វិធានការរឹតត្បិតលើការប្រើប្រាស់មិនត្រូវបានដាក់ចេញដូចនៅដើមទសវត្សរ៍ទី៩០ទេ បើទោះបីប្រទេសក្រិកប្រឈមនឹងគ្រោះរាំងស្ងួតរយៈយូរក៏ដោយ។
ប្រទេសក្រិកធ្លាប់ជួបវិបត្តិខ្វះទឹកដ៏អាក្រក់បំផុតគឺនៅឆ្នាំ១៩៩៣ ខណៈបច្ចុប្បន្នកម្ពស់ទឹកបានស្រកប្រមាណ៤០ម៉ែត្រ ដែលធ្វើឲ្យមនុស្សជាច្រើនមានការព្រួបារម្ភអំពីអនាគត ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


