ព័ត៌មានជាតិ
ក្រសួងអប់រំ ហាមឃាត់ដាច់ខាតការតម្រូវឱ្យប្រមូលថវិកាពីសិស្ស និងមាតាបិតានៅរាជធានីភ្នំពេញ
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការហាមឃាត់ដាច់ខាតការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីបំភ្លឺរបស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី០២ កុម្ភៈនេះបានឱ្យដឹងថា ថ្មីៗនេះមានការលើកឡើងរបស់សារព័ត៌មានមួយចំនួន ជុំវិញករណីការស្នើឱ្យមាតាបិតា អ្នកអាណា ព្យាបាលសិស្សចូលរួមថវិកាសម្រាប់គាំទ្របន្ថែមលើដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ ដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សំរាម ក្នុងមួយឆ្នាំសិក្សាប្រមាណពី ១ម៉ឺន ទៅ ៣ម៉ឺនរៀល។ ចំពោះករណីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាប ដូចខាងក្រោម៖
១. ក្រសួងអប់រំ យុវជន និងកីឡា ហាមឃាត់ដាច់ខាតការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំ។

២. ដើម្បីលើកកម្ពស់គុណភាពអប់រំ និងលើកកម្ពស់អភិបាលកិច្ចសាលារៀនគ្រប់កម្រិតចាប់ពី មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងជំរុញការអនុវត្តស្តង់ដារសាលារៀនគំរូ ដែលមានស្តង់ដារចំនួន ៥ ស្តង់ដារទី១៖ លទ្ធផលសិក្សារបស់សិស្ស ស្តង់ដារទី២៖ ការបង្រៀន និងរៀន ស្ដង់ដារទី៣៖ ការចូលរួមរបស់សហគមន៍ ស្តង់ដារទី៤៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង ស្ដង់ដារទី៥ ៖ គណនេយ្យភាពរបស់សាលារៀន។
៣. ការអនុវត្តស្តង់ដារសាលារៀនគំរូ សាលារៀនមានដំណើរការល្អ តាមរយៈ៖ការពង្រឹងការគ្រប់គ្រងសាលារៀន៖ ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងថ្នាក់រៀន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍ និងមាតាបិតា ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងសាលារៀន និងធានាបាននូវការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព។
សាលារៀនត្រូវពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិអប់រំ និងប្រើប្រាស់ប្រព័ន្ធទិន្នន័យសាលារៀនរៀបចំផែនការគ្រប់គ្រងគ្រូបង្រៀនតាមមុខវិជ្ជា(ដោះស្រាយបញ្ហាខ្វះគ្រូ) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន ថ្នាក់រៀន ការផ្តល់សម្ភារឧបទេស រួមទាំងវិធីសាស្ត្របង្រៀន។ ការរៀបចំផែនការអភិវឌ្ឍសាលារៀន៖ សាលារៀនបានកំណត់ចក្ខុវិស័យ បេសកកម្ម យុទ្ធសាស្ត្រ និង សកម្មភាពគន្លឹះ សាលារៀនមានរបាយការណ៍ប្រចាំឆ្នាំត្រឹមត្រូវ ផែនការសាលារៀន (៦ឆ្នាំ ៣ ឆ្នាំ និង ១ឆ្នាំ) ត្រូវបានរៀបចំតាមការណែនាំ ការរៀបចំផែនការកែលម្អសាលារៀន រួមបញ្ចូលទាំង ការរៀបចំកម្មវិធីបំប៉នសិស្សរៀនយឺត ដោយមានការចូលរួមគាំទ្រពីសហគមន៍។
ការរៀបចំតេស្តស្តង់ដារ៖ លទ្ធផលតេស្តស្តង់ដារដើមឆ្នាំ ប្រចាំខែ និងត្រីមាស និងចុងឆ្នាំ ត្រូវយកមក ប្រើប្រាស់ ដើម្បីជួយកែលម្អការរៀន និងបង្រៀន ជាពិសេសជួយ ដល់សិស្សរៀនយឺត ដោយកែលម្អ វិធីសាស្ត្របង្រៀន ការអប់រំវិន័យបែបវិជ្ជមាន និងការប្រឹក្សាគរុកោសល្យ។ ការវាយតម្លៃការបំពេញ ការងាររបស់បុគ្គលិក៖ គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន ត្រូវចុះកិច្ចព្រមព្រៀងលទ្ធផល ប្រចាំឆ្នាំ ជាមួយគណៈកម្មការគ្រប់គ្រងសាលារៀន ដើម្បីធានាគណនេយ្យភាពចំពោះ សហគមន៍។
៤. កន្លងមកដោយមានសំណូមពរពីមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សក្នុងការបំពាក់ កង្ហារ បន្ទប់ម៉ាស៊ីនត្រជាក់ បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ ការបង្រៀនបែបឌីជីថល ការរៀបចំបរិស្ថាន បៃតង និងលើកកម្ពស់អនាម័យផាសុកភាពនៅសាលារៀន ធ្វើឱ្យចំណាយលើការបង់ថ្លៃអគ្គិសនី ទឹក និង សំរាម មានការកើនឡើង ដែលនាំឱ្យថវិកាដំណើរការសាលារៀនមិនអាចទ្រទ្រង់ទំហំចំណាយនេះរួច ដែលជាមូលហេតុនៃការសម្រេចរបស់គណៈកម្មការគ្រប់គ្រងសាលារៀន ក្នុងការស្វែងរកថវិកាបន្ថែមពី សប្បុរសជន និងការចូលរួមឧបត្ថម្ភដោយស្ម័គ្រចិត្តពីមាតាបិតា អ្នកអាណាព្យាបាល។
៥. គ្រឹះស្ថានសិក្សាសាធារណៈទទួលបាន មូលនិធិដំណើរការសាលារៀនប្រចាំឆ្នាំជាមធ្យម ១៦លានរៀល សម្រាប់ដំណើរការរដ្ឋបាលសាលារៀន និងគាំទ្រការរៀន និងបង្រៀន។ ជាក់ស្តែងផ្អែកតាមសំណូមពរ មាតាបិតា និងតម្រូវការខាងលើធ្វើឱ្យចំណាយទៅលើថ្លៃទឹក ភ្លើង និងសំរាមកើនឡើងពី៥ ទៅ១០ដង នៃទំហំថវិកាដែលសាលារៀនបានទទួលពីរដ្ឋសម្រាប់ចំណាយខាងលើ។
៦. គោរពតាមគោលការណ៍ណែនាំពីក្រសួង ទៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានដាក់ចេញនូវ វិធានការយ៉ាងតឹងរ៉ឹងក្នុងការទប់ស្កាត់បាតុភាពមិនប្រក្រតី នៃការប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលដោយបានធ្វើការណែនាំដូចខាងក្រោម៖
ក្នុងការអនុវត្តភាពជាដៃគូរដ្ឋ និងសហគមន៍ក្នុងវិស័យអប់រំ មុននឹងកៀរគរថវិកាអ្វីមួយ គឺតម្រូវឱ្យ មានការប្រជុំ ពិភាក្សា ឯកភាពពីគណៈកម្មការគ្រប់គ្រងសាលារៀន មាតាបិតា និងអ្នកអាណាព្យាបាល សិស្សយ៉ាងតិចសម្លេងគាំទ្រឱ្យបានលើសពី ៨០% ទើបអាចចាត់ទុកជាផ្លូវការ ដោយមានកំណត់ហេតុ ច្បាស់លាស់ទុកទៅទីចាត់ការសាលារៀន។ ថវិកាទាំងអស់ដែលទទួលបានស្ថិតក្រោមការគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយតម្លាភាព តាមរយៈការសម្រេចពីគណៈកម្មការគ្រប់គ្រងសាលារៀន ក្នុងគោលដៅកែលម្អលទ្ធផលសិស្សានុសិស្ស។
ចំពោះគ្រួសារសិស្សដែលពុំមានលទ្ធភាព ត្រូវបានលើកលែងពីការចូលរួមបដិភាគគ្រប់ប្រភេទ ក្នុង ការគាំទ្រដល់ដំណើរការកែលម្អការរៀន និងបង្រៀន។
៧. ក្រសួង បាននិងកំពុងអនុវត្តនូវអធិការកិច្ចនៅតាមគ្រឹះស្ថានសិក្សា ដើម្បីពង្រឹងដល់ដំណើរការ អភិបាលកិច្ចសាលារៀន និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាដំណើរការសាលា ដែលរួម មានថវិកាទទួលបានពីរដ្ឋ និងការចូលរួមពីសប្បុរសជន មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ប្រកបដោយតម្លាភាព និងគណនេយ្យភាពឆ្ពោះទៅ លើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ការផ្លាស់ប្តូរ វប្បធម៌សាលារៀន ការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់ បុគ្គលិកអប់រំ និងសិស្សានុសិស្ស៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ