ព័ត៌មានជាតិ
ការផ្ដល់ឱកាស និងរៀបគោលនយោបាយត្រូវ កូនខ្មែរមានសមត្ថភាពប្រជែងអន្តរជាតិ
ខណៈកម្ពុជាជាប្រទេសងើបចេញពីសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែអាចប្រកួតប្រជែង និងទទួលបានជ័យលាភីជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា បើផ្ដល់ឱកាស ហើយដាក់ទិសដៅត្រូវ គោលនយោបាយត្រូវ យើងនឹងមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិបាន។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា មុនកូវីដ-១៩ គឺ ២០ឆ្នាំក្រោយពីបញ្ចប់សង្គ្រាម សេដ្ឋកិច្ចកម្ពុជាបានស្ថិតក្នងចំណោមសេដ្ឋកិច្ចដើរលឿនជាងគេ ១០ប្រទេស នៅលើពិភពលោក ក្នុងកំណើនជាង ៧% ក្នុងមួយឆ្នាំ ដែលនេះជាឧទាហរណ៍ បង្ហាញថា កម្ពុជាអាចបិទគម្លាតសេដ្ឋកិច្ចជាមួយប្រទេសដទៃ ប្រសិនមានឱកាស ដែលឱកាសធំបំផុតរបស់កម្ពុជា គឺបានពីសុខសន្តិភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “សន្តិភាព ធ្វើឱ្យកម្ពុជាមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសាងធនធានមនុស្ស ដែលអាចឱ្យយើងរីកចម្រើនបាន និងឈានទៅដល់ការប្រកួតប្រជែងជាមួយគេ (បរទេស)។ ធនធានយើងក៏មិនអន់ដែរ នៅពេលមានឱកាស។ ឥឡូវយើងឃើញនិស្សិត សិស្សរបស់យើងចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស ក្រុមហ៊ុន វិស័យឯកជន អង្គការរបស់យើង ចេញប្រកួតប្រជែង បានរង្វាន់នៅថ្នាក់តំបន់ ថ្នាក់ពិភពលោក សិស្សរបស់យើងចេញប្រកួត Robot (មនុស្ស/គ្រឿងយន្ត) បង្កើតគំនិតនវានុវត្តន៍ បានជោគជ័យ”។

សម្ដេចធិបតី មានប្រសាសន៍បន្តថា៖ “ថ្ងៃមុន ឯកឧត្ដម ជា វណ្ណដេត (រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍) បានខលមកខ្ញុំ ថា ក្រសួងយើងបានអភិវឌ្ឍកម្មវិធី Software ដែលប្រកួតប្រជែងនៅអាស៊ាន បានលេខ១ គឺ Verify.com គឺ Software យើងបង្កើតខ្លួនឯងសម្រាប់ Verify (ផ្ទៀងផ្ទាត់) ឯកសារមួយចំនួន។ ថ្ងៃក្រោយ សញ្ញាបត្រអីស្រួល Verify ណាស់ អត់មានសញ្ញាបត្រសេះហោះអីទៀត។ ដល់យកទៅប្រកួតដាក់ក្នុងអាស៊ាន យើងបានលេខ១ នេះជាសាក្សីជាក់ស្ដែង ឧទាហរណ៍ជាក់ស្ដែង នៅក្នុងលទ្ធភាព និងសមត្ថភាព នៃកូនខ្មែរបើផ្ដល់ឱកាស ហើយដាក់ទិសដៅត្រូវ គោលនយោបាយត្រូវ យើងនឹងមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិបាន នេះហើយជាមោទនភាពរបស់យើង ហើយនេះហើយជាអ្វីដែលយើងបានសម្រេចជោគជ័យនៅក្នុងរយៈពេល៤០ឆ្នាំ ពីប្រទេសដែលដួល បាក់ធ្មេញ បាក់ដៃបាក់ជើង ងើបមករត់ជិតទាន់គេ”។
សម្ដេចធិបតី មានប្រសាសន៍ថា បើយើងកសាងមូលដ្ឋាននេះកាន់តែរឹងមាំទៅទៀត យើងមិនមានភាពស្រពិចស្រពិលថា កម្ពុជានឹងបន្តឈានទៅមុខអាចរត់ឈ្នះគេ។ នេះជាអ្វីដែលសំខាន់សម្រាប់យើង ការកសាងធនធានមនុស្សគឺបង្កើនភាពប្រកួតប្រជែងយើង ហើយយើងអាចបិទនូវគម្លាតសេដ្ឋកិច្ច និងភាពរីកចម្រើនជាមួយអន្តរជាតិ។

គួររំលឹកថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពី “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលអភិវឌ្ឍដោយ ក.ប.ទ. បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។ ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នេះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ល្អៗចំនួន១២៥ មកដាក់ពាក្យប្រកួតប្រជែង។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ជាបេក្ខភាពតំណាងរបស់កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ។ បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤។

គួរបញ្ជាក់ថា អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សាថ្នាក់មហាវិទ្យាល័យ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា។ ដំណើរការរៀបចំអភិវឌ្ឍទីតាំងនេះ មានរយៈពេល ៥ឆ្នាំ ដោយសម្រេចបានជំហានទី១ និងបានប្រើប្រាស់ថវិកាសរុបចំនួនជាង ៦លានដុល្លារ ដោយរួមមានការរៀបចំអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និងផ្នែកទន់ ការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


