Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញសមិទ្ធផលសំខាន់ៗ ដែលក្រសួងមុខងាសា​ធារណៈសម្រេច​បាន​កន្លង​មក

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ​ដូចជាការពិនិត្យ​ឡើង​វិញនូវរចនាសម្ព័ន្ធអង្គភាព និងមុខងារបស់ខ្លួន ហើយបានធ្វើការកែទម្រង់ផ្ទៃក្នុងក្រសួង និង​រៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ​ក្រសួងមុខងារសាធារណៈបានបំពេញការងារ និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់​ដូចជាការកែលម្អការជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ដោយក្រសួងបានដឹកនាំ និងសម្រប​សម្រួលការរៀបចំអនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងបានដឹកនាំរៀបចំការប្រឡងជ្រើសរើសមន្ត្រីដោយមានតម្លាភាព និងយុត្តិធម៌។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ក្រសួងមុខងារសាធារណៈ បានរៀបចំយន្តការស្ថាប័នពេញលេញ និង​សមស្របដើម្បី គាំទ្រដល់ដំណើរការ នៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧។

ឯកឧត្តមបានបញ្ជាក់ថា ការគ្រប់គ្រងវិស័យមុខងាសាធារណៈ ត្រូវបានកែលម្អ ជាលំដាប់​តាមរយៈការដាក់ចេញជាបន្តបន្ទាប់ បទដ្ឋានគតិយុត្តពាក់ព័ន្ធ រួមជាមួយនឹងការ​ពង្រឹង​ការគ្រប់គ្រងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល ការបើកផ្ដល់ប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ រាល់ ២ សប្ដាហ៍ទៅតាមប្រព័ន្ធធនាគារជាដើម។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបង្ហាញនូវមោទនភាពចំពោះការបោះជំហានឆ្ពោះទៅមុខ នៃវិស័យមុខងារសាធារណៈដែលជាមូលដ្ឋានក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយឯកឧត្តមបញ្ជាក់ថា មិទ្ធផលកើតដោយកត្តា ៣ យ៉ាង គឺគោលនយោបាយ និងយុទ្ធសាស្ត្រដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពសង់។

កត្ដាផ្សេងទៀត គឺកត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ និងការចូលរួមរបស់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម