Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី Hasina ប្រកាសវិលទៅបង់ក្លាដែសវិញ ក្នុងឆ្នាំនេះ ដោយមិនខ្លាចទោសប្រហារជីវិត

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ដែលត្រូវបានគេទម្លាក់ចេញពីតំណែង បានប្រកាសយ៉ាងដាច់អហង្ការថា លោកស្រីនឹងវិលត្រឡប់ចូលប្រទេសកំណើតវិញនៅក្នុងឆ្នាំ ២០២៦ នេះ។

លោកស្រី Sheikh Hasina (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយរបស់​ Reuters នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ លោកស្រី Hasina បានទាត់ចោលសាលក្រមតុលាការ ដែលបានកាត់ទោសប្រហារជីវិតលោកស្រីទាំងកំបាំងមុខ។ លោកស្រី​បាន​​ថ្កោលទោសថា ការសម្រេចនោះ គឺជារឿង «ខុសច្បាប់ ផ្ទុយពីគ្រឹះរដ្ឋធម្មនុញ្ញ និងធ្វើឡើងក្រោមល្បិចនយោបាយ» តែប៉ុណ្ណោះ។

លោកស្រី Hasina ដែលមានវ័យ ៧៨ឆ្នាំ បានរត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា កាលពីខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីមានការងើបបះបោរ ដឹកនាំដោយក្រុមនិស្សិត។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ឥណ្ឌា NDTV លោកស្រីបានបញ្ជាក់ថា លោកស្រីមិនញញើតនឹងគ្រោះថ្នាក់ឡើយ ហើយនឹងជម្នះ «រាល់ឧបសគ្គ និងរាល់ការឃុបឃិតទាំងឡាយ» ដើម្បីបានត្រឡប់ទៅផ្ទះវិញ។ វា​ជាលើកទីមួយហើយ ដែលលោកស្រីបានកំណត់ពេលវេលាច្បាស់លាស់ ក្នុងការវិលត្រឡប់ទៅវិញ បើទោះបីជាកាលពីខែវិច្ឆិកាឆ្នាំមុន តុលាការ​ក្រុងដាក្កា បានកាត់ទោសប្រហារជីវិតលោកស្រី ពីបទញុះញង់ បញ្ជាឱ្យមានការសម្លាប់មនុស្ស និងមិនបានទប់ស្កាត់អំពើហិង្សា អំឡុងពេលមានបាតុកម្មឆ្នាំ២០២៤ ក៏ដោយ។

លោកស្រីបានចោទប្រកាន់ប្រព័ន្ធតុលាការបង់ក្លាដែសថា ត្រូវបានគេប្រើប្រាស់ជា «ឧបករណ៍សងសឹកនយោបាយ» ដើម្បីកម្ចាត់ថ្នាក់ដឹកនាំគណបក្ស Awami League របស់លោកស្រី។ លោកស្រីបាន​លើក​ឡើង​ថា «ខ្ញុំមិនខ្លាចស្លាប់ទេ» ហើយការគ្រោងត្រឡប់ទៅវិញនេះ មិនមែនដើម្បីអំណាចផ្ទាល់ខ្លួនឡើយ ប៉ុន្តែគឺដើម្បីស្តារសិទ្ធិនយោបាយ ប្រជាធិបតេយ្យ នីតិរដ្ឋ និងស្មារតីសង្គ្រាមរំដោះជាតិឆ្នាំ១៩៧១ ឡើងវិញ។

ថ្វីដ្បិត​បច្ចុប្បន្ន គណបក្សរបស់លោកស្រី ត្រូវបានរដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រី Tarique Rahman បន្តបិទមិនឱ្យធ្វើសកម្មភាពក៏ដោយ ក៏លោកស្រីនៅតែការពារថា គណបក្ស Awami League មិនមែនជាបក្សដែលមានតែនៅលើក្រដាសនោះទេ ប៉ុន្តែជាកម្លាំងនយោបាយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងដី ក្នុងបេះដូងប្រជាជន និងក្នុងប្រវត្តិសាស្ត្ររបស់ជាតិបង់ក្លាដែស។ លោកស្រីក៏បានទាមទារឱ្យរដ្ឋាភិបាលបច្ចុប្បន្ន បើកផ្លូវឱ្យមានប្រជាធិបតេយ្យឡើងវិញ ដោយដកបម្រាមលើគណបក្សលោកស្រី ទម្លាក់ចោលការចោទប្រកាន់ ដែលលោកស្រីហៅថាក្លែងក្លាយ និងដោះលែងអ្នកទោសនយោបាយទាំងអស់។

ដោយឡែក ខាងភាគីរដ្ឋាភិបាលបច្ចុប្បន្ន បានចេញមុខការពារចំណាត់ការផ្លូវច្បាប់ទាំងនេះ ដោយអះអាងថា នេះជាកិច្ចប្រឹងប្រែងដើម្បីស្វែងរកយុត្តិធម៌ និងការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋទាំងឡាយ ដែលបានកើតឡើង នៅក្នុងខែចុងក្រោយនៃការដឹកនាំរបស់លោកស្រី Hasina៕

បាតុកម្ម​ប្រឆាំង​លោកស្រី Sheikh Hasina កាលពី​ឆ្នាំ​២០២៤ (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម