Connect with us

ព័ត៌មានជាតិ

កម្មសិទ្ធិបញ្ញាជាផ្នែកមួយមិនអាចខ្វះបាន ក្នុងវិស័យពាណិជ្ជកម្ម​

បានផុស

នៅ

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាបានលើកឡើង​ថា កម្មសិទ្ធិបញ្ញាជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបានក្នុងវិស័យពាណិជ្ជកម្ម និងក្នុងការជំរុញកំណើនសេដ្ឋកិច្ច​កាន់តែរីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២៤ ក្រោម​មូលបទ “កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយនឹងនវានុវត្តន៍ និងគំនិតច្នៃប្រឌិត” នៅព្រឹកថ្ងៃទី ៣០ មេសានេះ លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់​ថា កម្មសិទ្ធិបញ្ញាគឺជាឧបករណ៍មួយដ៏ចាំបាច់ ក្នុងការជំរុញពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស តាមរយៈការបង្កើតតម្លៃបន្ថែម ការធ្វើពាណិជ្ជូបនីយកម្ម ការបង្កើតប្រភពហិរញ្ញវត្ថុ ការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងការអភិវឌ្ឍ តាមរយៈការផ្ទេរបច្ចេកវិទ្យាជាដើម។

ផ្សារភ្ជាប់ទៅនឹងមូលបទទិវាកម្មសិទ្ធិបញ្ញាឆ្នាំ ២០២៤ ដែលពាក់ព័ន្ធគោលដៅអភិវឌ្ឍប្រកបដោយចីរភាព រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​បានអះអាងថា ប្រសិនបើមិនមានការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញាជាសកល ដែលបានជំរុញនវានុវត្តន៍ ដូចជាការអភិវឌ្ឍ បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាបង្កើនផលិតភាពកសិកម្ម និង ការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីបង្កើនប្រសិទ្ធភាព ប្រើប្រាស់ធនធានឱ្យអស់លទ្ធភាព បង្កើតការងារ លើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជននោះ ការ សម្រេចបាននូវសូចនាករ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ នាពេលកន្លងមក គឺមិនអាច សម្រេច​​បា​នតាមបំណងនោះទេ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានរំលេចនូវតម្រូវការចន្ទល់សេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលការណ៍នេះបង្ហាញឱ្យឃើញនូវភាពចាំបាច់នៅក្នុង​ការជំរុញនវានុវត្តន៍តាមរយៈការលើកកម្ពស់កម្មសិទ្ធិបញ្ញា ការបង្កើតតក្កកម្មថ្មី អភិវឌ្ឍន៍ការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។

លោក Pablo KANG ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានសង្កត់ធ្ងន់ចំពោះតួនាទីកម្មសិទ្ធិបញ្ញាដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការកសាងភាពជឿជាក់ កិច្ចសហប្រតិការអន្តរជាតិ និងទំនាក់ទំនងពាណិជ្ជកម្ម អន្តរជាតិ។

លោកសម្តែងនូវក្តីរីករាយដែលចំពោះការចូលរួមរបស់កម្ពុជានៅក្នុងការអនុវត្តគម្រោងកម្មវិធី ពាណិជ្ជកម្មក្នុងតំបន់ដើម្បីការអភិវឌ្ឍ (Regional Trade for Development – RT4D) ដែលជាជំនួយអភិវឌ្ឍន៍ ផ្លូវការរបស់រដ្ឋាភិបាល​អូស្ត្រាលី ដើម្បីលើកកម្ពស់ការប្រើប្រាស់កិច្ចព្រមព្រៀង AANZFTA and RCEP ។ តាមរយៈការប្រើប្រាស់កម្មសិទ្ធិបញ្ញានៅក្នុងគម្រោង លោកមានសុទិដ្ឋិនិយមថា អាជីវកម្មកម្ពុជានឹងអាចទទួលបាន អត្ថប្រយោជន៍ពីការច្នៃប្រឌិត និងសមាហរណកម្មកាន់តែច្រើនទៅក្នុងពាណិជ្ជកម្មពិភពលោក ជំរុញការប្រកួត ប្រជែង ជំរុញការនាំចេញរបស់កម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល។

តំណាងរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លោក Michael Andrew ONG ប្រធាននាយកដ្ឋានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិច បានកោតសរសើរដល់ការវិវឌ្ឍយ៉ាងប្រសើរនូវការអភិវឌ្ឍកម្ម សិទ្ធិបញ្ញានូវកម្ពុជាដែលកើតចេញ​ពីការយកចិត្តទុកដាក់ និង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក Michael Andrew ONG បានរំលេចនូវនិន្នាការពិភពលោក ដែលកំពុងឆ្ពោះទៅរកការប្រើប្រាស់ភាពច្នៃ ប្រឌិត និងគំនិតបង្កើតថ្មីដើម្បីបង្កើតតក្កកម្មថ្មីៗដែលរួមចំណែកដោះស្រាយនូវបញ្ហារួមរបស់ពិភពលោក។ ក្នុងនោះ លោកបញ្ជាក់ថា តក្កកម្មជាង ៤.៧ លាន (៣១.៤%) ក្នុងចំណោមតក្កកម្មជាង ១៥.២ លានដែលមានសុពលភាព មានភាពពាក់ព័ន្ធទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងន័យនេះ លោកបញ្ជាក់ថា ប្រព័ន្ធកម្មសិទ្ធិបញ្ញាដែលមានតុល្យភាពនិងប្រសិទ្ធភាពនឹងលើកទឹកចិត្តដល់នវានុវត្តន៍ដែលផ្តល់ជាប្រយោជន៍ រួមដល់សង្គមទាំងមូល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម