Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ ផ្ទុះគ្រាប់នៅកំពង់ស្ពឺជាបញ្ហាបច្ចេកទេស មិនមែនទ័ពបះបោរ ដូចក្រុមប្រឆាំងបំផ្លើសឡើយ

បានផុស

នៅ

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញមកប្រតិកម្មតបទៅ កាន់ក្រុមប្រឆាំងជ្រុលនិយមថា ករណីផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកងទ័ពបះបោរ ដូចក្រុមប្រឆាំងបំផ្លើសឡើយ។ សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងពេលជួបសំណេះជាមួយកម្មករ និយោជិត មន្ត្រីរាជការដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២៤។

សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា «ថ្ងៃមុនជាអកុសល ដែលយើង(កម្ពុជា)មានផ្ទុះគ្រាប់ដោយសារបញ្ហាបច្ចេកទេស នៅភូមិភាគបី ក្ដៅ(អាកាសធាតុ) ជាអកុល ដែលមានយោធិនយើង២០រូប បានទទួលមរណភាព ដោយសាររឿងបច្ចេកទេស ប៉ុន្តែមានអ្នកទៅបំភ្លៃថា ឥឡូវទ័ពចាប់ផ្ដើមបះបោរ… អាហ្នឹងតិចទៀតប្រទេសយើងនឹងក្រឡាប់ហើយ»

សម្ដេចធិបតី ក៏បានអះអាងថា ក្រោយក្រុមប្រឆាំងចោទប្រកាន់បែបនេះ សម្ដេច បានបញ្ជាឱ្យក្រសួងការពារជាតិ ចេញសេចក្ដីបំភ្លឺជូនពលរដ្ឋឱ្យបានជ្រាប ដើម្បីជៀសវាងករណីមានបញ្ហាសតិអារម្មណ៍ ភិតភ័យ ក្រែងមានសង្គ្រាម។

គួររំលឹកថា កាលពីថ្ងៃសៅរ៍ ទី២៧ ខែមេសា នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ មានឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់មួយបានកើតឡើង បណ្ដាលឱ្យយោធិនចំនួន២០រូប បានបាត់បង់ជីវិត និងមានយោធិនឯទៀតរងរបួស។

មរណភាពរបស់យោធិនទាំង២០រូប រាប់ចាប់តាំងពីរាស្ត្រ មន្ត្រី ប្រធាន សមាជិករដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី​ ព្រះរាជា សុទ្ធតែបានសម្ដែងនូវសេចក្ដីតក់ស្លុត និងរំលែកទុក្ខជូនចំពោះក្រុមគ្រួសារនៃសព ក៏ដូចជាបានជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។

ក្រៅពីការរំលែកទុក នាយករដ្ឋមន្ត្រីកម្ពុជា បានឧបត្ថម្ភក្រុមគ្រួសារជាទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ ក្នុងមួយគ្រួសារសព និង៥ពាន់ដុល្លារដល់គ្រួសារដែលរងរបួស៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម