ព័ត៌មានជាតិ
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង អះអាងថា ការផ្លាស់ប្ដូរមេបញ្ជាការថ្មី នៃកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា គឺពុំមែនដោយសារកំហុសឆ្គង ឬ ទទួលវិន័យទណ្ឌកម្មអ្វីឡើយ។

លោកបញ្ជាក់ថា គ្មានទេបញ្ហាកំហុសឆ្គង និងការដាក់វិន័យទណ្ឌកម្មចំពោះលោកវរសេនីយ៍ត្រី សួស មិថុនា ដែលជាអតីតមេបញ្ជាការមូលដ្ឋានស្រុកមណ្ឌលសីមា។ ពោល លោក សួស មិថុនា មានតួនាទីភារកិច្ចដោយផ្ទេរទៅកាន់ការនៅខេត្តបាត់ដំបង។
ការអះអាង និងបញ្ជាក់នេះ ក្នុងឱកាស លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចថ្មីមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា កាលពីព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ នេះ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បន្ថែមថា ដូច្នេះការតែងតាំងលោកអនុសេនីយ៍ ដួង ភារ៉ូត ជាមេបញ្ជាការថ្មី នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ជំនួស លោក សួស មិថុនា ធ្វើឡើងទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអំពីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ ឆ្នាំ ឆ្ពោះទៅប្រមូលផ្ដុំ រៀបរយ ទំនើបកម្ម និងប្រសិទ្ធភាព។
លោក តាំង ឈុនស្រេង លើកឡើងទៀតថា ការតែងតាំងផ្លាស់ប្ដូរមុខតំណែងកន្លែងធ្វើការនៅក្នុងអង្គភាពកងរាជអាវុធហត្ថ ក៏ដូចជាមន្ត្រីរាជការស៊ីវិល វិស័យឯកជន គឺជាក្រឹត្យក្រម នៃការចាត់តាំងរៀបចំធនធានមនុស្ស បរិយាកាស ទីកន្លែងការងារ ការផ្លាស់ប្ដូរមុខតំណែង គឺមានការអត្ថប្រយោជន៍ ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់នាយទាហាន រៀបចំធនធានមនុស្សស្របទៅនឹងសមត្ថភាពជំនាញ និងគុណាធិបតេយ្យ ជាការផ្តល់ឱកាសដល់អ្នកបន្តវេន និងចែករំលែកបទពិសោធល្អៗ ក្នុងគោលបំណងពង្រឹងស្ថាប័នអង្គភាពទៅរកភាពរីកចម្រើនព្រមៗ គ្នា។

បើតាមលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង វាយតម្លៃខ្ពស់ពីស្នាដៃការងារដឹកនាំគ្រប់គ្រងរបស់លោក សួស មិថុនា ដែលបានប្រឹងប្រែងកសាងអភិវឌ្ឍន៍បន្ទាយកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា និងចំណាយថវិកាជាច្រើនទៀត ដើម្បីផ្គត់ផ្គង់អង្គភាព ព្រមទាំងកងកម្លាំងក្រោមឱវាទ។
ជាក់ស្ដែង លោកអនុសេនីយ៍ឯក ដួង ភារ៉ូត ដែលជាមេបញ្ជាការថ្មី នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ជាមនុស្សមានសមត្ថភាពចំណេះដឹងពិតប្រាកដដោយបញ្ចប់បរិញ្ញាបត្រនាយទាហានជាន់ខ្ពស់។ ដូច្នេះលោកជឿជាក់ថា លោក ដួង ភារ៉ូត នឹងបន្តដឹកនាំពង្រឹងសមត្ថភាព បទពិសោធការងារ គ្រប់គ្រងបញ្ជាក្នុងអង្គភាពបានយ៉ាងមានប្រសិទ្ធភាព តាមផែនការ និងការចាត់តាំងរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធ។

ដោយឡែកលោកអនុសេនីយ៍ឯក ដួង ភារ៉ូត មេបញ្ជាការថ្មីមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ក៏បានប្ដេជ្ញាចិត្តរបស់ខ្លួនថា នឹងខិតខំបំពេញវិជ្ជាជីវៈការងារកម្លាំងជំនាញ សាមគ្គីភាពផ្ទៃក្នុង និងតាមដាន ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានាក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ។
លោក ដួង ភារ៉ូត បន្តថា នឹងបង្កបរិយាកាសការងារឱ្យមានភាពរីកចម្រើន ក្រោមម្លប់សុខសន្តិភាព បង្កើនការហ្វឹកហ្វឺនកម្លាំងជំនាញ គោរពស្មោះត្រង់ចំពោះប្រទេសជាតិ ប្រជាពលរដ្ឋ គោរពច្បាប់ និងបទល្មើសត្រូវតែបង្ក្រាបឱ្យខាងតែបាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


