ព័ត៌មានជាតិ
ដើម្បីទទួលបានការគោរព គ្រូត្រូវយកចិត្តទុកដាក់ ខិតខំបង្រៀនសិស្សឱ្យចេះ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីទទួលបានការគោរព លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ ខិតខំបង្រៀនសិស្សឱ្យចេះ។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះ។

ការថ្លែងនេះ ធ្វើឡើងខណៈ បណ្ឌិតសភាចារ្យបានអញ្ជើញជាអធិបតីក្នុង ពិធីបិទសិក្ខាសាលាបំប៉ន ស្តីពី វិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ទី២ ឆមាសទី២ ជូនដល់គ្រូបង្រៀនថ្នាក់ទី២ ទីប្រឹក្សាគរុកោសល្យជំនាញ ទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀន និងអ្នកពាក់ព័ន្ធ នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែនអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

បណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ដើម្បីទទួលបានការគោរព លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ ខិតខំបង្រៀនសិស្សឱ្យចេះ នៅពេលកូនៗរៀនចេះ ទាំងសិស្ស និងមាតាបិតា អ្នកអាណាព្យាបាល នឹងបង្ហាញនូវការគោរពដល់គ្រូបង្រៀន ពេលនោះហើយដែលកិត្តិយស សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន ត្រូវបានមហាជនទទួលស្គាល់។

កន្លងមក ក្រសួងបានដាក់ចេញនូវកំណែទម្រង់ជាបន្តបន្ទាប់ ដែលរួមមាន កំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កំណែទម្រង់ការរៀបចំគោលនយោបាយ ហើយក្នុងឆ្នាំ២០១៨ ក្រសួងបានដាក់ចេញកំណែទម្រង់វិធីសាស្ត្របង្រៀននៅបឋមសិក្សា គឺការដាក់ឱ្យអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង។ ការរៀបចំកញ្ចប់សម្ភារអំណានថ្នាក់ដំបូង ដែលមានសៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស សៀវភៅរឿងខ្លីៗ ដើម្បីបំពេញបន្ថែមដល់ការអនុវត្តសៀវភៅសិក្សាគោល។

បណ្ឌិតសភាចារ្យ លើកឡើងថា តាមរយៈការធ្វើថ្នាក់និទស្សន៍បង្ហាញថា ការអនុវត្តវិធីសាស្ត្រ និងល្បិចបង្រៀនរបស់គ្រូបង្រៀន ការសួរសំណួរ ធ្វើឱ្យសិស្ស និងគ្រូមានអន្តរកម្ម ដោយគ្រូបង្រៀនចេះផ្សារភ្ជាប់ខ្លឹមសារមេរៀនទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ ជាដើម។ ការបង្រៀនគណិតវិទ្យាបានល្អ ទាមទារឱ្យគ្រូបង្រៀនចេះច្នៃប្រឌិតផលិត និងប្រើប្រាស់សម្ភារឧបទេសជាប្រចាំ ត្រៀមខ្លឹមសារមេរៀន រៀបចំតារាងនានាឱ្យបានល្អ នឹងចូលរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការបង្រៀន។ ម្យ៉ាងវិញទៀត គ្រូបង្រៀនត្រូវខិតខំពង្រឹងសមត្ថភាពជាប់ជាប្រចាំ តាមរយៈការចូលរួមវគ្គសិក្ខាសាលានានា ការយកវីដេអូការបង្រៀនផ្សេងៗមកមើលជាគំរូ និងជាពិសេស ការទទួលយកការចុះគាំទ្រតាមរយៈកម្មវិធីប្រឹក្សាគរុកោសល្យ។ ការខិតខំអនុវត្តជាប្រចាំ រយៈពេល ៣ទៅ ៥ឆ្នាំ នឹងអាចក្លាយជាគ្រូបង្រៀនល្អបាន។

ការអប់រំទាមទារនូវការចូលរួមរបស់កត្តា ៤ ដែលរួមមាន កត្តាសាលារៀន កត្តាគ្រូបង្រៀន កត្តាសិស្ស និងកត្តាមាតាបិតា អ្នកអាណាព្យាបាល។ សិស្សានុសិស្សត្រូវមានសុខភាពល្អ មានអាហារូបត្ថម្ភសមស្រប និងយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ។ លទ្ធផលសិក្សារបស់សិស្ស ពឹងផ្អែកខ្លាំងលើកត្តាសេដ្ឋកិច្ច-សង្គមរបស់គ្រួសារ ពោលគឺមាតាបិតា ដែលមានការយល់ដឹងអំពីតម្លៃនៃការអប់រំ នឹងចូលរួមគាំទ្រដល់កូនៗលើដំណើរការរៀនសូត្រ។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ អង្គការវីវីអូប៊ី ដែលបានគាំទ្រដល់ការអនុវត្តកញ្ចប់សម្ភារគណិតវិទ្យាទាំងពេលកន្លងមក និងនាពេលអនាគត ព្រមទាំងអរគុណដល់លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបង្រៀនសិស្សានុសិស្សឱ្យមានមូលដ្ឋានគ្រឹះរឹងមាំលើផ្នែកអំណាន សំណេរ និងគិតលេខ៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ