Connect with us

ព័ត៌មានជាតិ

កំពង់ផែសេះស នឹងជួយពង្រីកទំហំសេដ្ឋកិច្ចខេត្ត​កែបឲ្យកាន់តែមានកំណើនជាងមុន

បានផុស

នៅ

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ លោក កូវ គឹមហាក់ តំណាងឱ្យក្រុមហ៊ុនសាងសង់កំពង់សេះស បានប្រាប់ឱ្យដឹងថា កំពង់ផែសេះសនឹងបញ្ចប់ការស្ថាបនាសាងសង់របស់ខ្លួននៅត្រឹមឆ្នាំ២០២៤នេះ ខណៈដែលគម្រោងទាំងមូលសាងសង់បានសម្រេចបានប្រមាណ៩០ភាគរយទៅហើយ។ ក្រោយដាក់ឲ្យដំណើរការ កំពង់ផែមួយនេះនឹងក្លាយជាចំណុចកណ្តាលក្នុងការផ្លាស់ផ្តូរទំនិញធន់ធ្ងន់នៅតំបន់ជុំវិញទាំងនោះ ច្បាស់ណាស់នឹងជួយក្នុងការពង្រីកទំហំសេដ្ឋកិច្ចខេត្តកែបឲ្យកាន់តែមានកំណើនជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កូវ គឹមហាក់ បញ្ជាក់ឱ្យដឹងទៀតថា ក្រៅតែពីការបង្កើនទំហំសេដ្ឋកិច្ចឲ្យខេត្តកែប កំពង់ផែមួយនេះពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនឲ្យកាន់តែមានភាពល្អប្រសើរឡើង បន្ថែមពីនោះ កំពង់ផែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលរវាងខេត្តកែប និងកំពត ពិសេសដឹកវត្ថុធាតុដើមបម្រើឲ្យបណ្តារោងចក្រស៊ីម៉ត៍នៅក្នុងខេត្តកំពត។ លោកបន្ថែមថា កំពង់ផែសេះស នេះ នឹងធ្វើឲ្យចរន្ដនៃការផ្លាស់ប្ដូរទំនិញផ្លូវទឹកកាន់តែមានសភាពល្អប្រសើរជាងមុន ចៀសវាងការប្រើប្រាស់ផ្លូវគោក ដែលអាចមានផលប៉ះពាល់ច្រើនយ៉ាង។ លោកក៏បានអះអាងថា ចំណតជលយាននេះ នឹងផ្តល់ឱកាសការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋមូលដ្ឋានមិនក្រោម ១០០នាក់នោះទេ។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍លទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតប្រចាំឆ្នាំ ២០២២ ដល់ឆ្នាំ២០២៤ របស់ស្ថានីយអចល័តដំណាក់ចង្អើរខេត្តកែប ឃើញថា ចំនួនរថយន្តដឹកទំនិញឆ្លងកាត់ខេត្តកែប មានការកើនឡើងជារៀងរាល់ឆ្នាំ ចាប់ពី៩៥៩គ្រឿង ក្នុងឆ្នាំ២០២១ រហូតដល់ ៤៦.៣២៧គ្រឿង ក្នុងឆ្នាំ២០២៣ និងចំនួន ៧.៩៧៨គ្រឿងត្រឹមខែមីនា ក្នុងឆ្នាំ ២០២៤ ហើយអាចរកចំណូលបានប្រមាណជាង ៨៥លានរៀល គិតត្រឹមខែមីនា ឆ្នាំ២០២៤ តាមរយៈការពិន័យផ្សេង និងដំណើរការនាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម