ព័ត៌មានជាតិ
កម្ពុជា ចូលរួមពង្រឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍពិភពលោកទាំងមូល
កម្ពុជាពិតជាបាន និងកំពុងចូលរួមចំណែកក្នុងការពង្រឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍពិភពលោកទាំងមូល។ នេះបើតាមការបញ្ជាក់ ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃការចូលរួមរបស់ គណៈប្រតិភូក្រសួងសុខាភិបាល ក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ផ្សាយដោយក្រសួងសុខាភិបាល នៅថ្ងៃនេះ។

តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក និងទទួលបានសិទ្ធិប្រទានពី សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមក្នុងសម័យប្រជុំពេញអង្គ នៃ មហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសហប្រជាជាតិ ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដោយមានការចូលរួមពីប្រទេសជា សមាជិក នៃអង្គការសុខភាពពិភពលោក ចំនួន ១៩៤ ប្រទេស។

រយៈពេលមួយសប្តាហ៍ ដែលគណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុង មហាសន្និបាតសុខភាពពិភពលោកលើកទី៧៧ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តំលៃខ្ពស់បំផុត ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាមួយប្រទេសទាំងអស់នៅលើ ពិភពលោក ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិយម ក៏ដូចជាការចូលរួមអនុវត្តការប្តេជ្ញាចិត្ត របស់សហគមន៍អន្តរជាតិ និយាយជារួម និងអង្គការសុខភាពពិភពលោក និយាយដោយឡែក ដែលការណ៍នេះ បញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាពិតជាបាន និងកំពុងចូលរួមចំណែកក្នុងការពង្រឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍពិភពលោកទាំងមូល។

ក្នុងវេទិកាមហាសន្និបាតនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានអញ្ជើញឡើងថ្លែងសុន្ទរកថា បញ្ជាក់ពី ចក្ខុវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយឆ្លុះបញ្ចាំងពីភាពជោគជ័យដែលកម្ពុជាសម្រេចបាន និង បង្ហាញពីគោលជំហរឆន្ទៈប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងនវានុវត្តន៍ ប្រកបដោយសមធម៌ និងប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ គណៈប្រតិភូក្រសួងសុខាភិបាល បានចូលរួមក្នុងកិច្ចប្រជុំ ដើម្បីអនុម័តនូវដំណោះស្រាយ និងសេចក្តីសម្រេចនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ និងបាន ធ្វើបទអន្តរាគមន៍ លើប្រធានបទសំខាន់ៗចំនួន៥ ដើម្បីជម្រាបជូនមហាសន្និបាតអំពីវឌ្ឍនភាព ភាពជោគជ័យ ក្នុងវិស័យសុខាភិបាលនៅកម្ពុជា និងចែករំលែកបទពិសោធន៍ល្អៗ ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង សុខាភិបាល ក្នុងការចូលរួមជាមួយអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសជាសមាជិកដើម្បីសម្រេចឱ្យបាននូវគោលដៅ “ទាំងអស់គ្នាដើម្បីសុខភាព សុខភាពសម្រាប់ទាំងអស់គ្នា ដែលរួមមាន៖ ១) ការគ្របដណ្តប់ សុខភាពជាសកល ២) ការប្រយុទ្ធនឹងជំងឺមិនឆ្លង ៣) បញ្ហាគ្រោះអាសន្នសុខភាព សន្តិសុខសុខភាព រួមទាំង បទពិសោធន៍នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ៤) ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ និង ៥) ការប្រយុទ្ធនឹងជំងឺ គ្រុនចាញ់។

ឆ្លៀតក្នុងឱកាសនោះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយឥស្សរជន និងដៃ គូអភិឌ្ឍន៍មួយចំនួនដូចជា នាយិកាកម្មវិធីមហារីកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency (IAEA)) នាយិកាប្រតិបត្តិ City Cancer Challenge Foundation (មូលនិធិ C/Can) និង ឯកឧត្តមវេជ្ជបណ្ឌិត Saia Ma`u Piukala នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិក ខាងលិច នៅការិយាល័យកណ្តាល នៃវិមានសហប្រជាជាតិ និងបានអញ្ជើញចូលរួមជំនួបជាលក្ខណៈមិត្តភាព រវាងនាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ជាមួយរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន នៃតំបន់ប៉ាស៊ីហ្វិកខាងលិច។

គួរបញ្ជាក់ថា មហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ បានប្រព្រឹត្តទៅក្រោមមូលបទ «ទាំងអស់គ្នាដើម្បីសុខភាព សុខភាពសម្រាប់ទាំងអស់គ្នា (All for Health, Health for All) ដែលរួមមានសសរស្ដមចំនួន ៤ គឺ៖ ប្រជាជនជាង ១ ពាន់លាននាក់ នឹងបានទទួលអត្ថប្រយោជន៍ពីការគ្របដណ្តប់សុខភាពជាសកល, ប្រជាជនជាង ១ ពាន់លាននាក់ នឹងទទួលបានការការពារកាន់តែប្រសើរពីគ្រោះអាសន្នសុខភាព, ប្រជាជនជាង ១ពាន់លាននាក់ នឹងទទួលបានភាពរីករាយដោយមានសុខភាពល្អ និងសុខុមាលភាពកាន់តែ ប្រសើរ, កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលដែលអង្គការសុខភាពពិភពលោកផ្តល់ការគាំទ្រកាន់តែប្រសើរ ដល់ប្រទេសនានា៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ