ព័ត៌មានជាតិ
ស្ថាប័នហិរញ្ញវត្ថុកូរ៉េចំនួន ១៥ កំពុងមានវត្តមានបោះទុនវិនិយោគវិស័យហិរញ្ញវត្ថុនៅកម្ពុជា
ប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមានស្ថាប័នហិរញ្ញវត្ថុមកពីសាធារណរដ្ឋកូរ៉េកាន់តែច្រើន បានមកវិនិយោគលើវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។

តាមរបាយការណ៍របស់ក្រសួងការបរទេសក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គោះទ្វារទាក់ទាញអ្នកវិនិយោគនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញពីស្ថាប័នហិរញ្ញវត្ថុប្រទេសកូរ៉េ ដែលកំពុងមានវត្តមានវិនិយោគនៅប្រទេសកម្ពុជាមានចំនួន ១៥ មកដល់បច្ចុប្បន្ននេះ។
វត្តមាននៃស្ថាប័នហិរញ្ញវត្ថុពីក្រៅប្រទេសជាពិសេសពីប្រទេសកូរ៉េ បានបង្ហាញពីការបោះជំហានថ្មីមួយទៀតនៃទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ខណៈវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាកំពុងឈានទៅរករបត់នៃកំណើនមួយ ប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាមើលឃើញថា ក្រៅពីប្រទេសកូរ៉េ ប្រទេសជប៉ុនក៏នាំមុខគេ ក្នុងការវិនិយោគវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។

លោកប្រាប់កម្ពុជាថ្មីថា កន្លងមកដោយសារប្រទេសកូរ៉េនិងជប៉ុន មានការរីកចម្រើនលើបច្ចេកវិទ្យា ហើយវិស័យហិរញ្ញវត្ថុក៏មានស្ថិរភាពល្អ ទើបធ្វើឲ្យវិនិយោគិនប្រទេសទាំងពីរមើលឃើញឱកាសពង្រីកការវិនិយោគនៅប្រទេសកម្ពុជា។
លោក កាំង តុងងី បានអះអាងដូច្នេះថា «ប្រាក់ចំណូលពលរដ្ឋកូរ៉េនិងជប៉ុនមានកម្រិតខ្ពស់ ពលរដ្ឋមានលុយដាក់ច្រើននៅតាមធនាគារ។ ដោយសារប្រទេសកម្ពុជាយើងអត្រាការប្រាក់បានខ្ពស់គួរសម មានភាពទាក់ទាញទើបជំរុញឲ្យវិនិយោគិនប្រទេសទាំងពីរមកវិនិយោគបើកធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសកម្ពុជាច្រើន»។
លោកបន្ថែមថា ប្រទេសជឿនលឿនដូចជប៉ុន កូរ៉េ ពលរដ្ឋមានជីវភាពធូធារច្រើន ការប្រើប្រាស់កម្ចីតាមធនាគារមានតិច ហើយអត្រាការប្រាក់បានទាប ទើបធ្វើឲ្យប្រទេសកម្ពុជាមានសក្តានុពលទាក់ទាញវិនិយោគិនពីក្រៅមកវិនិយោគលើវិស័យហិរញ្ញវត្ថុ។
យ៉ាងណាមិញ បើតាមន្រ្តីអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុរូបនេះ វត្តមានរបស់ស្ថាប័នហិរញ្ញវត្ថុពីបរទេសកាន់តែច្រើន ក៏បាននាំទុនជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថែមទាំងធ្វើឲ្យវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន និងមានភាពប្រកួតប្រជែងគ្នា។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េកាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំពីស្ថាប័នហិរញ្ញត្ថុរបស់កូរ៉េធំៗ ដែលមួយចំនួនក៏កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគឯកជនរបស់កូរ៉េនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា សម្ដេចធិបតីបានគូសបញ្ជាក់ថា ទោះបីជាទីផ្សាររបស់កម្ពុជានៅមានទំហំតូច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញនិងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារនេះ ហើយរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនដែលមានបំណងវិនិយោគលើវិស័យនេះ។
តាមរបាយការណ៍របស់ធនគារជាតិនៃកម្ពុជា គិតត្រឹមឆ្នាំ២០២៣ ប្រព័ន្ធធនាគារនៅកម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៨, ធនាគារឯកទេសចំនួន ៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៨៣, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន ១៦, គ្រឹះស្ថានឥណទានជនបទចំនួន ១១៤, អ្នកដំណើរការតតិយភាគីចំនួន ៦, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំំនួន ៣៣, ក្រុមហ៊ុនចែករំលែកប្រព័ន្ធព័ត៌មានឥណទានចំនួន ១, ការិយាល័យតំណាងធនាគារបរទេសចំនួន ៥ និងអាជីវកម្មប្តូរប្រាក់ចំនួន ២ ៩២៨ កន្លែង។
ក្នុងនោះគ្រឹះស្ថានហិរញ្ញវត្ថុដែលមានមូលដ្ឋានពីប្រទេសកូរ៉េមានដូចជា ធនាគារ ស៊ិនហាន, អ៊ូរី, ប៊ូយ៉ុង ខ្មែរ និង ធនាគារ ខេប៊ី ប្រាសាក់ ជាដើម។
កាលពីឆ្នាំ ២០២១ KB Financial Group (KB) ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយ មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង បានទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅប្រទេសកម្ពុជា។
ការទិញយករបស់ស្ថាប័នហិរញ្ញវត្ថុដ៏ធំក្នុងស្រុកនេះ ក៏ឆ្លុះបញ្ចាំងការកើនឡើងទំនុកចិត្តរបស់វិនិយោគិនបរទេសលើវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា៕
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


