ព័ត៌មានជាតិ
ប.ស.ស បង្កើនការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់អ្នកដឹកកម្មករ និងកម្មករ-និយោជិត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងរោងចក្រ សហគ្រាស បានធ្វើការអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករ-និយោជិត និងកម្មករ-និយោជិត” ដើម្បីបង្កើនការយល់ដឹងចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍មកនៅកម្រិតទាប និងធ្វើឲ្យកម្មករ-និយោជិត ទទួលបាននូវផាសុកភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើរ។

នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករ-និយោជិត និងកម្មករ-និយោជិត កាលពីថ្ងៃទី ២០ មិថុនា នៅរោងចក្រ SHOE PREMIER II (CAMBODIA) ស្ថិតនៅខេត្តតាកែវ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក)បានឱ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់កម្មករ-និយោជិត ប.ស.ស. បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងរោងចក្រ សហគ្រាស ដើម្បីធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករ-និយោជិត និងធ្វើបច្ចុប្បន្នភាពកម្មករ-និយោជិតនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ដែលធ្វើដំណើរតាមរថយន្ត រ៉ឺម៉កម៉ូតូ ម៉ូតូ កង់ ថ្មើរជើង និងចំនួនម៉ូតូ កង់ មួកសុវត្ថិភាព ក្នុងគោលបំណងផ្សព្វផ្សាយឱ្យចំគោលដៅ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍មកកម្រិតទាប និងធ្វើឲ្យកម្មករ-និយោជិតទទួលបាននូវផាសុកភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរ។
លោកបណ្ឌិត បានបន្ថែមថា ក្នុងឆ្នាំ ២០២៤ ក្រុមការងារបានរៀបចំពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករ-និយោជិត និងកម្មករ-និយោជិត” មាននៅខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល សម្រាប់ខេត្តតាកែវ គឺជាខេត្តទី ៥ ដែលមានអ្នកចូលរួមសរុប ចំនួន ២ ៣៩៤ នាក់ ហើយយើងនឹងបន្តធ្វើការផ្សព្វផ្សាយនៅតាមបណ្តាខេត្តផ្សេងៗ ទៀតផងដែរ។

លោកឧត្ដមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកដែលធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីមានគ្រោះថ្នាក់ជាយថាហេតុ និងអាចបង្ការបាននូវសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ។
លោកឧត្ដមសេនីយ៍ឯក ក៏បានក្រើនរំលឹកផងដែរ ទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះកម្មករ-និយោជិតរាប់សិបនាក់ បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នកបើកបរតែម្នាក់គត់។

ជាមួយគ្នានេះដែរ លោក ទុយ សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធនានា ពិសេស ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកន្លងមកតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ជាពិសេសកម្មករ-និយោជិត តាមគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យកម្មករ-និយោជិតទាំងអស់ បានយល់ដឹកកាន់តែច្បាស់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ។
លោកអភិបាលរងខេត្ត បានសំណូមពរដល់ម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ ក្នុងទឹកដីខេត្តតាកែវ ត្រូវជំរុញ លើកទឹកចិត្ត និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់កម្មករ-និយោជិតដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាស របស់ខ្លួន ឱ្យចូលរួមពិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យពួកគាត់បានយល់ដឹងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

គួរបញ្ជាក់ថា ត្រីមាសទី ១ ឆ្នាំ ២០២៤ កន្លងទៅនេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩១៣ ករណី ដែលមានជនរងគ្រោះចំនួន ១ ០៦៥ នាក់ បុរស ៤៥៣ នាក់ ស្រី ៦១២ នាក់ស្លាប់ ៣៩ នាក់ របួសធ្ងន់ ៣១៧ និងរបួសស្រាល ៧០៩ នាក់ ធៀបទៅនឹងត្រីមាសទី ១ ឆ្នាំ ២០២៣ មានការកើនឡើង ៣៨% ដែលមានកម្មករមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦៦២ ករណី ដែលមានជនរងគ្រោះ ៧៣០ នាក់ បុរស ៣៣០ នាក់ និងស្រី ៤០០ នាក់ ក្នុងនោះស្លាប់ ២២ នាក់ របួសធ្ងន់ ២០៥ នាក់ និងរបួសស្រាល ៥០៣ នាក់។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងពីកត្តាមនុស្សដូចជាបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្តាំ មិនគោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ ការវ៉ាជែង និងការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងគ្រឿងញៀន។ ក្រៅពីនេះ កត្តាយានយន្ត និងកត្តាផ្លូវ៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


