Connect with us

ព័ត៌មានជាតិ

សហជីពថារបាយការណ៍គ្មានវិជ្ជាជីវៈរបស់សង់ត្រាល់គួរតែចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់

បានផុស

នៅ

មេដឹកនាំសហជីពកម្មករពីររូបបានសម្តែងការមិនពេញចិត្តជាខ្លាំង ក្រោយពីមានការស្រាយបំភ្លឺពីអង្គការសង់ត្រាល់ទៅលើរបាយការណ៍របស់ខ្លួន នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែបែរជាមិនមានការកែប្រែរបាយការណ៍បំផ្លើសរបស់ខ្លួនទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា បាននិយាយថា អាជ្ញាធរគួរតែមានចំណាត់ការចំពោះរបាយការណ៍បំផ្លើសការពិតអំពីស្ថានភាពជាក់ស្តែងរបស់អង្គការសង់ត្រាល់កន្លងមកនេះ។ លោកបានគូសបញ្ជាក់ថា “ចំពោះរបាយការណ៍របស់អង្គការសង់ត្រាល់ គួរតែមានការអនុវត្តវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ហើយមិនគួរមានការលើកលែងទេ”។

លោកបានបន្តថា របាយការណ៍នេះមិនពិត ហើយធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជាទៀតផង ដូចជាធ្វើឱ្យមានការអាប់អោន និងបាត់បង់នូវទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងវិស័យការងារនៅកម្ពុជា ដែលនាំឱ្យមានការថយចុះនូវការដាក់វិនិយោគ ព្រមទាំងធ្វើឱ្យកម្មករនិយោជិកបាត់បង់ឱកាសការងារ ប្រាក់ចំណូល និងប៉ះពាល់ដល់អ្នកទទួលផលដោយផ្ទាល់ និងប្រយោលក្នុងវិស័យការងារ។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា វាធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃប្រទេសកម្ពុជាលើឆាកអន្តរជាតិទៀតផង។

លោក សំ សឿន បានស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់សង់ត្រាល់ដែលបំបែកបំបាក់ស្មារតី លាបពណ៌បន្ទោសបង្អាប់មកលើអង្គការវិជ្ជាជីវៈសហជីពនៅកម្ពុជា។

ដូចគ្នានេះដែរ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានជំរុញឱ្យអង្គការសង់ត្រាល់កែប្រែរបាយការណ៍បំភ្លៃការពិតរបស់ខ្លួន ឱ្យស្របទៅតាមតថភាពជាក់ស្តែងនៅកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា “កាលណាសង់ត្រាល់មិនព្រមកែតម្រូវរបាយការណ៍របស់ខ្លួនទេ គឺត្រូវប្រឈមនឹងផ្លូវច្បាប់ ព្រោះអង្គការនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងភាពថ្លៃថ្នូររបស់កម្មករ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល”។

ប្រធានសហជីពរូបនេះ បានបន្ថែមទៀតថា របាយការណ៍នេះមិនមានការស្រាវជ្រាវឱ្យគ្រប់ជ្រុងជ្រោយ ហើយធ្វើតាមតែអារម្មណ៍របស់ម្ចាស់ជំនួយ ដែលផ្ទុយស្រឡះពីស្ថានភាពជាក់ស្តែងនៅកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។

នៅចុងបញ្ចប់ លោក អ៊ុន ដារ៉ា បានស្នើឱ្យអ្នកសារព័ត៌មាន និងអ្នកវិនិយោគ ឬអ្នកគ្រោងនឹងវិនិយោគមកប្រទេសកម្ពុជា គប្បីសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការធ្លាក់ចូលក្នុងការក្លែងបន្លំពីស្ថានភាពជាក់ស្តែងនៅកម្ពុជា តាមរយៈរបាយការណ៍របស់អង្គការសង់ត្រាល់មួយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម