ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ រម្លឹកមន្ត្រីឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ កុំបំពានអំណាចពេលអនុវត្តភារកិច្ច
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្រើនរម្លឹកដល់មន្ត្រីក្រោមឱវាទឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនពលរដ្ឋ ដោយជៀសវាងការបំពានអំណាចពេលអនុវត្តភារកិច្ច។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដែលទើបចូលកាន់តំណែងថ្មីរូបនេះ បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការផ្តល់សេវាសាធារណៈ គឺធ្វើឱ្យបានកាន់តែលឿនរហ័ស និងងាយស្រួលសម្រាប់ពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។
លោក ម៉ាង ស៊ីណេត បានសង្កត់ធ្ងន់ថា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការ គោលការណ៍ស្តង់ដា បែបបទ និងនីតិវិធីនៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការបំពេញមុខងារ និងកាតព្វកិច្ចរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័ស។ ទន្ទឹមនេះ លោកអភិបាលខេត្តព្រះសីហនុរូបនេះ ក៏បានព្រមានអនុវត្តវិធានការច្បាប់ចំពោះមន្ត្រីសាធារណៈរូបណា ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬ រំលោភបំពានអំណាចក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។

លោកអភិបាលខេត្ត ក៏បានសំណូមពរប្រជាពលរដ្ឋជួយជំរុញកូនចៅរបស់ខ្លួនចូលសិក្សា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងការកែលម្អស្ថាប័នសាធារណៈនៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ឱ្យមានប្រសិទ្ធភាព ក្លាយជារដ្ឋបាលទំនើប ស្អាតស្អំ និងមានសមត្ថភាពដែលស័ក្តិសមជារដ្ឋបាលបម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន។
ពាក់ព័ន្ធទៅនឹងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាល លោក ម៉ាង ស៊ីណេត បានណែនាំដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៃរដ្ឋបាលរបស់ខ្លួន ហើយថ្នាក់ដឹកនាំតាមអង្គភាពនីមួយៗ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងរបៀបរបបធ្វើការឱ្យបានល្អ គោរពឋានានុក្រម វិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ។ លោក ក៏ណែនាំឱ្យពង្រឹងយន្តការគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការបង្កើនទំនាក់ទំនង និងសហការគ្នាឱ្យបានស្អិតរមួតក្នុងការបំពេញការងារ ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។

លើសពីនេះ ត្រូវចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានក្រើនរម្លឹកដល់មន្ត្រី និងកម្លាំងមានសមត្ថកិច្ច ឱ្យបន្តចូលរួមអនុវត្តបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន តាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ដើម្បីសម្រេចបានថា មន្ត្រីមិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវលុបបំបាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ពិសេសបទល្មើសលួច ឆក់ ប្លន់ បញ្ហារគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើងក្នុងមូលដ្ឋាន ជាដើម៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


