ព័ត៌មានជាតិ
រដ្ឋមន្ត្រី កត់សម្គាល់ឃើញ វិស័យសុខាភិបាលខេត្តព្រៃវែង មានការរីកចម្រើន
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានកត់សម្គាល់ ឃើញថាមានការរីកចម្រើនក្នុងវិស័យសុខាភិបាល ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានការរៀបចំមានឯកសណ្ឋានបានស្អាត និងមានលក្ខណៈសមរម្យ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សាស្ត្រាចារ្យរដ្ឋមន្ត្រី ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នេះ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយយកចិត្តទុកដាក់បំផុត។ ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដើម្បីជំរុញការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត រួមមាន៖

បង្កើនការយកចិត្តទុកលើការងារអនាម័យ និងភាពស្អាតក្នុងទីតាំងផ្តល់សេវាថែទាំ ព្យាបាល ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន ចូលរួមជាមួយប្រសិទ្ធភាពនៃការព្យាបាលឆាប់ជាសះស្បើយ។ ពង្រឹងគុណភាព លើសម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ។ ពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំណុចខ្លាំង និងចំណុចដែលត្រូវបំពេញ ដើម្បីឈានទៅការបណ្តុះបណ្តាលជាប់ជាប្រចាំ។ ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារទាំងអស់អោយបានគង់វង្សយូរអង្វែង។ បន្តបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយៈវិធានការបង្ការរោគ។

ត្រៀមទាំងលក្ខណៈបច្ចេកទេស និងធនធានមនុស្ស សម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នបន្ទាន់ៗ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ផ្តល់ឱកាសទូលំទូលាយ ទទួលយកនូវព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ បងប្អូនអ្នកជំងឺ និងអ្នកជំងឺ ការពេញចិត្តពេញថ្លើមរបស់គាត់ និងការផ្តល់ជាគំនិតស្ថាបនា។ បង្កើនសមត្ថភាពថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាលឱ្យបានល្អ និងនៅរក្សាបានដំណើរការប្រកបដោយគុណភាព និងយូរអង្វែង។ រួមគ្នាគិតពិចារណារិះរកមធ្យោបាយពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសកល។ បង្កើនជាប់ជាប្រចាំ និងកាន់តែខ្លាំងក្លា ទូលំទូលាយសកម្មភាពអប់រំសុខភាព លើកកំពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការអរគុណ វាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តព្រៃវែង និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា សាមគ្គីភាពភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជាប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

គួរបញ្ជាក់ថា ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន អ្នកស្រី ហ៊ន់ សុធារី អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព៕




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?