ព័ត៌មានជាតិ
ក្រសួងការងារ ចុះអនុស្សរណៈជាមួយសមាគមសិល្បករខ្មែរ ជំរុញការផ្សព្វផ្សាយវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
កាលពីរសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរ ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អនុស្សរណៈនេះ ចុះហត្ថលេខាដោយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ជាប្រធានសមាគមសិល្បករខ្មែរ។
អនុស្សរណៈដែលមានរយៈពេល ៤ ឆ្នាំនេះ មានគោលបំណង ដើម្បីជំរុញការផ្សព្វផ្សាយដល់សាធារណជន និងការបញ្ជ្រាបការយល់ដឹងដល់សាធារណជនលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមមាន ព័ត៌មានទីផ្សារការងារ ព័ត៌មានស្ដីពីទេសន្តរប្រវេសន៍ការងារ ការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ កម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។

លោក ហេង សួរ ជឿជាក់ថា អនុស្សរណៈដែលភាគីទាំងពីរចុះហត្ថលេខានាពេលនេះ នឹងជួយជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែផុសផុលលើកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងបន្ថែមទៀតតាមរយៈសមាគមសិល្បករខ្មែរដ៏មានប្រជាប្រិយភាព និងឥទ្ធិពលក្នុងសង្គម។ លើសពីនេះ អនុស្សរណៈ ក៏នឹងផ្តល់ឱកាសដល់ក្រុមគ្រួសាររបស់សិល្បករ ដើម្បីទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងដើម្បីជួយពង្រឹងជីវភាព នៃក្រុមគ្រួសារសិល្បករបន្ថែមទៀតផងដែរ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានស្នើសុំឱ្យសិល្បករជួយផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្មវិធីថែទាំសុខភាពតាមរយៈភាគទានស្ម័គ្រចិត្ត និងការចូលរួមប្រយុទ្ធប្រឆាំងចំពោះពលកម្មកុមារគ្រប់ទម្រង់ជាដើម ដែលជាសកម្មភាពមនុស្សធម៌ដែលគ្រប់កោសិកាសង្គមត្រូវចូលរួម។

ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានប្ដេជ្ញាចិត្តចូលរួមជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីកម្មវិធី និងគោលនយោបាយនានារបស់ក្រសួងឱ្យកាន់តែទូលំទូលាយបន្ថែម ដើម្បីសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


