ព័ត៌មានជាតិ
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
នៅចំពោះមុខសម្ដេចតេជោ ប្រធានព្រឹទ្ធសភា, អគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore របស់កូរ៉េខាងត្បូង បានបង្ហើបឱ្យដឹងពីគម្រោងចាប់ផ្ដើមបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា នាពេលខាងមុខ បន្ទាប់ពីទទួលបានការឯកភាពពីសម្ដេចធិបតីឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា។

នៅក្នុងឱកាសចូលជួបសម្ដែងគួរសម និងទទួលទានអាហារថ្ងៃត្រង់ការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ដែលរៀបចំដោយលោក Kim Jin-pyo អតីតប្រធានសភាកូរ៉េខាងត្បូង, លោក Park Joo-bong អគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore បានជម្រាបជូនសម្ដេចតេជោ ថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃ បានចាប់ផ្តើមដំណើរការនៅកម្ពុជា និងមានបំណងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា ពីព្រោះរថយន្តអគ្គិសនីកំពុងពេញនិយមទូទាំងពិភពលោក ជាមួយនឹងការប្រើប្រាស់មានការកើនឡើងជាលំដាប់។
លោកអគ្គនាយកក្រុមហ៊ុន Camko Motor ក៏បានបង្ហាញបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុនឱ្យកាន់តែធំថែមទៀត ហើយលោក បានសន្យាជាមួយសម្ដេចតេជោថា នឹងខិតខំធ្វើការឱ្យអស់លទ្ធភាព សំដៅសម្រេចគម្រោងនេះឱ្យបានជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសប្រែក្លាយកម្ពុជា ជាទីផ្សារផលិតរថយន្តអគ្គិសនី មិនត្រឹមប្រើប្រាស់នៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការនាំចេញទៅបណ្ដាប្រទេសនានាផងដែរ។ តែយ៉ាងណា លោក ក៏បានបញ្ជាក់ពីតម្រូវការចាំបាច់នូវបុគ្គលិកជំនាញ សម្រាប់ដំណើរការរបស់ក្រុមហ៊ុន។

ជំនួបអាហារការងារថ្ងៃត្រង់នេះ លោក Kim Jin-pyo អតីតប្រធានសភាកូរ៉េខាងត្បូង ក៏បានណែនាំជូនសម្ដេចតេជោ នូវប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យពហុបច្ចេកទេសកូរ៉េផងដែរ គឺលោក Charles Lee ។ លោកអតីតប្រធានសភាកូរ៉េ បានបញ្ជាក់ថា ការបង្ហាញនូវប្រធានក្រុមហ៊ុនទាំងពីររូប គឺដោយសារលោកមានបំណងពង្រឹងនិងពង្រីកថែមទៀតនៅផ្នែកសេដ្ឋកិច្ច និងបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាទំនើប ដោយលោកចង់ឱ្យពលករកម្ពុជាដែលមកធ្វើការនៅប្រទេសកូរ៉េ ទទួលការហ្វឹកហ្វឺនផ្នែកបច្ចេកវិទ្យា បច្ចេកទេស ដើម្បីពេលវិលត្រឡប់ទៅកម្ពុជាវិញ អាចឱ្យពួកគេយកជំនាញនេះក្នុងការអភិវឌ្ឍឧស្សាហកម្មដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា និងផលិតសម្ភារៈសម្រាប់ផលិតរថយន្តដទៃទៀត។
ឆ្លើយតបនឹងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាលើជំនាញបច្ចេកវិទ្យាទំនើបនេះដែរ លោក Charles Lee ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យពហុបច្ចេកទេសកូរ៉េ បានបង្ហើបជូនសម្ដេចតេជោ ពីគម្រោងនៃការបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមួយនៅកម្ពុជា ដើម្បីហ្វឹកហ្វឺនពលករជំនាញនៅកម្ពុជា។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងថា ពិភពលោកសព្វថ្ងៃងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ដែលនឹងរួមចំណែកក្នុងការការពារបរិស្ថាន និងអាកាសធាតុ ដែលក្នុងនោះ ថ្វីត្បិតតែនៅកម្ពុជា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីមិនខ្លាំង តែសម្ដេច សង្ឃឹមថា ទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។
គួរជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្នុងឱកាសដែលពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ បានទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន Camko Motor ដោយសម្ដេចធិបតី បានយល់ព្រម និងឯកភាពឱ្យក្រុមហ៊ុននេះធ្វើការសិក្សា និងលើកទឹកចិត្តឱ្យមានការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា ដែលនឹងផ្ដល់ឱកាសឱ្យកម្ពុជាជាទីផ្សារមួយ ដែលមិនត្រឹមតែអាចប្រើប្រាស់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៅក្រៅប្រទេសថែមទៀត៕
អត្ថបទ៖ ធឿន វ៉ាន់សុង



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៦ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី