Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនមកពីកូរ៉េ កំពុងសម្លឹងរកឱកាសវិនិយោគទីតាំងកីឡាអេឡិចត្រូនិកនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនមកពីប្រទេសកូរ៉េ ដែលកំពុងទទួលបានជោគជ័យក្នុងវិស័យកីឡាអេឡិចត្រូនិក (E-sport) បាននឹងកំពុងចាប់អារម្មណ៍ក្នុងការវិនិយោគកីឡាប្រភេទនេះ នៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ នៅក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាគ្សាស្តីពីការសិក្សាទីតាំងដីក្នុងការវិនិយោគកីឡាអេឡិចត្រូនិកនៅខេត្តសៀមរាប តំណាងក្រុមហ៊ុន Esport Holding មកពីប្រទេសកូរ៉េ បានឱ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងបណ្តាប្រទេសធំៗមួយចំនួន ក្រុមមានបំណងពង្រីកការលេងកីឡាប្រភេទថ្មីនេះ នៅកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនបានសម្លឹងទីតាំងចំនួន២ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងក្រុមហ៊ុន Esport Holding បានលើកឡើងថា «សម្រាប់ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់របស់កម្ពុជានោះ វាក៏ជាឱកាសមួយនៅក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខ្លួនតាមរយៈព្រឹត្តិការណ៍កីឡានានាផងដែរ»។ បើតាមតំណាងក្រុមហ៊ុន បានបញ្ជាក់ថា កីឡាអ៊ីស្ប៉ត មិនមែនជាប្រភេទល្បែងពន្វក់ស្មារតីនោះទេ ប៉ុន្តែវាជាប្រភេទកីឡាដែលទាមទារឱ្យអ្នកប្រកួតមានការហ្វឹកហាត់ច្បាស់លាស់ សម្រាប់ការប្រកួត ។ លោកថា បើទោះបីវាជាប្រភេទកីឡាមួយថ្មី ប៉ុន្តែវាត្រូវបានទទួលស្គាល់ជាសាកល ដោយក្នុងនោះកីឡាអ៊ីស្ប៉តត្រូវបានដាក់បញ្ចូលជាវិញ្ញាសារកីឡាក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកផងដែរ។

សូមជម្រាបថា នៅកម្ពុជា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា អក្សរកាត់ «សអក»ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី និងសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិផងដែរ។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការជ្រើសរើសយកខេត្តសៀមរាប សម្រាប់ជាទីតាំងវិនិយោគ។  លោកបន្តថា នៅខេត្តសៀមរាបក្រៅពីវិស័យទេសចរណ៍ ខេត្តក៏មានសក្តានុពលផ្សេងៗជាច្រើន ដែលបង្កបរិយាកាសល្អដល់អ្នកវិនិយោគមកពីបណ្តាប្រទេសនានា ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចទទួលបានការចុះចតរបស់យន្តហោះធំៗ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងជាដើម ដែលនេះ សុទ្ធជាការបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគនៅក្នុងខេត្តសៀមរាប។ 

លោកអភិបាលរងខេត្ត ក៏បានបង្ហាញក្តីរំពឹងថា ការចូលរួមរបស់វិស័យឯកជននេះ នឹងជួយរួមចំណែកធំដល់ការផ្សព្វទេសចរណ៍កីឡា ដែលអាចទាក់ទាញកីឡាករមកពីគ្រប់ទិសទីចូលមកកាន់ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី លោកអភិបាលរងក៏បានជំរុញដល់ភាគីក្រុមហ៊ុនត្រូវគោរពនូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានារបស់កម្ពុជាផងដែរ៕

ដោយ៖គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម