ព័ត៌មានជាតិ
សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន
សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ព្រមានថា កម្ពុជា បានរៀបចំសំណាញ់មេឃ ដែលជាប្រព័ន្ធការពារដែនអាកាសដ៏ប្រសើរមួយរួចរាល់ ដើម្បីបាញ់យន្តហោះចម្បាំងដែលឈ្លានពានកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបបែបនេះ គឺតបទៅនឹងមតិរបស់ពលរដ្ឋមួយចំនួន ដែលចូលទៅបញ្ចេញមតិចោទសួរក្នុងទំព័រហ្វេសប៊ុកផ្លូវការសម្ដេចថា «ថៃត្រៀមយន្តហោះចម្បាំងរួចហើយ ចុះកម្ពុជាត្រៀមរួចឬនៅ? » បន្ទាប់ពីថៃបាញ់ប្រហាលើលេណដ្ឋានកម្ពុជា បណ្ដាលឱ្យព្រិន្ទបាលឯក សួន រ៉ោន បាត់បង់ជីវិត។

ក្នុងពេលថ្លែងសារពិសេសជុំវិញការឈ្លានពានពីសំណាក់ថៃមកលើកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែឧសភា នេះ សម្ដេចតេជោ ហ៊ុន សែន ពន្យល់ពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងរឿងថៃត្រៀមយន្តហោះចម្បាំង ចំណែកកម្ពុជាបានត្រៀមអ្វីឬនៅ ដូច្នេះ ៖«កម្ពុជា ជាពិសេសតេជោសែន ស្គាល់ច្បាស់ណាស់អំពីយុទ្ធសាស្ត្រសង្គ្រាម! ខ្ញុំធ្លាប់យន្តហោះអាមេរិក វៀតណាមខាងត្បូងដេញបាញ់ តែធ្វើខ្ញុំអត់បានទេ »។
សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាកាន់តំណែងប្រមាណ៤០ឆ្នាំ រម្លឹកថា ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធ្លាប់បញ្ជាលើកម្លាំងប្រដាប់អាវុធកម្ពុជា ហើយអតីតកាលកម្ពុជា អំឡុងឆ្នាំ១៩៨០ ក៏មានយន្តហោះចម្បាំងប្រភេទ Mig-21 bis និងMiG-21 um ជាង២០គ្រឿង ប៉ុន្តែសម្ដេចមិនដែលបញ្ជាឱ្យប្រើយន្តហោះចម្បាំងប្រភេទនេះ ទៅវាយប្រហារឈ្លានពានប្រទេសណាមួយទេ។ សម្ដេច រម្លឹកថា កាលណោះ កម្ពុជា ត្រូវចំណាយប្រេងឥន្ធនៈជិត៤រយ លើយន្តហោះចម្បាំង១គ្រឿង ដើម្បីហ្វឹកហាត់ ប៉ុន្តែក្រោយមកក៏កាត់បន្ថយមកនៅជិត៣រយតោន ក្នុង១គ្រឿងវិញ។

សម្ដេចតេជោ ហ៊ុន សែន អះអាងថា ត្បិតបច្ចុប្បន្នកម្ពុជា គ្មានយន្តហោះចម្បាំងដូចអតីតកាល ប៉ុន្តែកម្ពុជា មានសំណាញ់មេឃ ដែលជាគ្រាប់រ៉ុកែត បាញ់ពីក្រោមឡើងលើ អាចបាញ់ទម្លាក់យន្តហោះចម្បាំងដែលឈ្លានពានបានដោយចំណាយថវិកាតិច ជាងការចំណាយទៅលើយន្តហោះចម្បាំងដែលត្រូវចាយរាប់លានដុល្លារ។

ពីព្រឹទ្ធសភា សម្ដេច ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បន្តឆ្លើយតបទៅនឹងពលរដ្ឋដែលចូលទៅបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុកសម្ដេចដូចច្នេះ៖«ឥឡូវនេះ កម្ពុជាមាន(សព្វាវុធ)ប្រភេទការពារអាកាសយ៉ាងល្អប្រសើរ ដែលយើងអាចបាញ់សាកល្បងបាញ់៤០គីឡូ(ម៉ែត្រ)ទៅម្ខាង យើងអាចបាញ់ទៅរួច។(…) អ៊ីចឹងអ្នកចូលមកComment ថាខាងថៃ បានរៀបចំយន្តហោះចម្បាំងហើយ នេះគ្រាន់តែជាពាក្យអុចអាលទេ ប៉ុន្តែបើសិនជារឿងពិត កម្ពុជា ក៏សូមប្រាប់ទៅវិញថា កម្ពុជាបានត្រៀមអាវុធបាញ់ទៅវិញរួចអស់ហើយ។ តែប៉ុណ្ណឹងទេ ប្រាប់ទៅអ្នកចូល Comment។ »។

គួរឱ្យដឹងថា កាលពីឆ្នាំ២០២៣ កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការយោធាទ្វេរភាគីជាមួយមហាអំណាចចិន បានដំឡើងខែលការពារមីស៊ីល KS-1C ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវិស័យការពារជាតិ។KS-1C ជាប្រព័ន្ធការពារមីស៊ីលទាំងរយៈចម្ងាយធម្យម និងចម្ងាយឆ្ងាយ មានសមត្ថភាពបាញ់គោលដៅក្នុងចម្ងាយរហូតដល់ ៥០គីឡូម៉ែត្រ និង ២៥គីឡូម៉ែត្រទៅលើអាកាស ជាមួយល្បឿន ១,២គីឡូម៉ែត្រក្នុងមួយវិនាទី។ សម្រាប់ប្រព័ន្ធ Battery ទាំងមូលរបស់ KS-1C គឺមានរថយន្តបំពាក់រ៉ាដាចំនួនមួយដ៏ទំនើបប្រភេទ Phased Array Radar ដែលមានលទ្ធភាពចាប់គោលដៅបានច្រើនដំណាក់កាល។ KS-1C គឺប្រើប្រព័ន្ធបាញ់ចេញពីបំពង់មីស៊ីល ជាមួយរថយន្តបំពាក់ប្រព័ន្ធបាញ់មីស៊ីលចំនួន៤គ្រឿង ក្នុងមួយគ្រឿងមានបំពង់បាញ់២គ្រាប់ និងមានមីស៊ីលបម្រុងសរុប១៦គ្រាប់ក្នុងរថយន្តមួយគ្រឿង។ យោងតាមទីភ្នាក់ងារវាយតម្លៃសមត្ថភាពសព្វាយោធាជុំវិញពិភពលោក សមត្ថភាពរបស់ KS-1C ត្រូវគេអះអាងស្មើទៅនឹងខែលការពាររបស់សហរដ្ឋអាមេរិកម៉ូដែល MIM-23 Hawk។

នៅក្នុង“ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក” កាលពីខែមករា ឆ្នាំ២០២៤ កម្ពុជា បានបង្ហាញជាចំហរ ក្បួនកាំជ្រួចធុនធ្ងន់ PHL-03 300 mm ជាច្រើនគ្រឿង។ PHL-03 មាន១២កាណុង មានសមត្ថភាព បាញ់កម្ទេចទីបញ្ជាការកងទ័ពសត្រូវ ប្រព័ន្ធលេនដ្ឋាន រថពាសដែក រថក្រោះ វារីអគ្គីសនី អាកាសយានដ្ឋាន និងគោលដៅសំខាន់ៗផ្សេងៗទៀត។ ក្រៅពីនេះ កម្ពុជា ក៏មានសព្វាវុធពិសេសផ្សេងៗទៀត តួយ៉ាងដូចជា BM21 ដែលប្រើប្រាស់ក្នុងសង្គ្រាមចន្លោះឆ្នាំ២០០៨ ដល់២០១១ ដែលធ្វើឱ្យសត្រូវឈ្លានពានបាក់ស្បាតសុំចូលតុចចារ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក