ព័ត៌មានជាតិ
អ្នកជំនាញ៖ ការដកការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញដោយសារកម្ពុជាបានដើរផុតពីភាពក្រីក្រ
អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា មូលហេតុដែលប្រទេសស៊ុយអែត បិតការិយាល័យស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ គឺជាការកែសម្រួលយុទ្ធសាស្ត្រការទូតផ្ទាល់របស់ប្រទេសនេះ ស្របនឹងសភាពការណ៍វិវត្តនៅក្នុងតំបន់និងពិភពលោក ជាពិសេសសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយ។ អ្នកជំនាញមើលឃើញទៀតថា ការដកការិយាល័យនេះដោយសង្កេតឃើញថាកម្ពុជាបានដើរផុតពីភាពក្រីក្រខ្លាំងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា បានប្រកាសអំពីដំណឹងនៃការបិទទ្វាស្ថានទូតនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤ រួមទាំងការបិទគេហទំព័រហ្វេសប៊ុកផងដែរ។ទោះបីជាមានការដកស្ថានទូតក៏ដោយ ប៉ុន្តែស្ថានកុងស៊ុលរបស់ស៊ុយអែតនៅរាជធានីភ្នំពេញ នឹងនៅតែបើកទ្វារជាធម្មតា ដើម្បីបន្តផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា។

ជុំវិញការរឿងនេះ លោកបណ្ឌិត អេង កុកថាយ អ្នកជំនាញភូមិសាស្រ្តនយោបាយ មានប្រសាសន៍ថា តាមពិតទៅស្ថានទូតស៊ុយអែត មានបំណងកាត់បន្ថយបេសកកម្ម ឬក៏ជំនួយអភិវឌ្ឍមកកាន់ប្រទេសកម្ពុជាជាង ១០ ឆ្នាំហើយ តាមរយៈអង្គការដៃគូរបស់ខ្លួន ដោយកាត់បន្ថយតាំងពីឆ្នាំ ២០១៣មក ហើយបង្វែទិសដៅជំនួយនេះទៅប្រទេសផ្សេងៗដែលត្រូវការចាំបាច់ជាងកម្ពុជា។ ការកាត់បន្ថយនេះដោយសារស៊ុយអែត សង្កេតឃើញថាកម្ពុជាបានដើរផុតពីភាពក្រីក្រខ្លាំងមែនទែន ជាពិសេសទៅលើជំនួយមនុស្សធម៌ ខណៈប្រទេសផ្សេងៗដូចជានៅអាហ្រ្វិកដែលត្រូវការជំនួយច្រើន។ លោកថ្លែងថា៖«អ៊ីចឹង! ការកាត់បន្ថយនេះសម្រាប់ខ្ញុំគ្មានការភ្ញាក់ផ្អើល ឬមានការព្រួយបារម្ភអ្វីទេ ហើយស៊ុយអែតខ្លួនឯងផ្ទាល់ នៅក្នុងប្រទេសក៏ត្រូវការឱ្យមានការជួយប្រជាជនគាត់ដែរ ព្រោះស៊ុយអែតជាប្រទេសសេរី ប៉ុន្តែបែបសង្គមនិយម ចឹងគាត់កាត់ពន្ធច្រើនពីប្រជាជនហើយចំណាយច្រើនទៅលើសុខភាព និងការងារសង្គមកិច្ចក្នុងប្រទេសក៏ច្រើន ដែលមានត្រូវការច្រើន។ មួយទៀតដោយសារគាត់សង្កេតឃើញថា កម្ពុជាកំពុងដែលរៀបចំដំណើរការចាកចេញពីប្រទេសក្រីក្រ ដែលមានចំណូលមធ្យមកម្រិតទាបក្នុងរង្វង់ឆ្នាំ ២០៣០ ដូច្នេះនៅពេលដែលយើងចាកចេញពីប្រទេសក្រីក្រជំនួយអភិវឌ្ឍមួយចំនួនធំកាត់បន្ថយបន្តិចម្តងៗ មិនត្រឹមតែប្រទេសស៊ុយអែតទេ ប្រទេសផ្សេងក៏គេកាត់បន្ថយពីកម្ពុជាដែរ។
បើតាមលោកបណ្ឌិត អេង កុកថាយ ក្រៅពីកាត់បន្ថយជំនួយមកកាន់កម្ពុជា ស៊ុយអែត ក៏បានកាត់បន្ថយបេសកកម្មមួយចំនួនធំនៅប្រទេសថៃផងដែរ ប៉ុន្តែប្រទេសដែលសជាសមាជិកអឺរ៉ុបមួយនេះ នៅតែរក្សាទំនាក់ទំនងល្អជាមួយអាស៊ាន។

ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ការបិទស្ថានទូតស៊ុយអែតនាពេលនេះមិនមែនជារឿងថ្មីនោះទេ ព្រោះបានប្រកាសតាំងពីឆ្នាំ ២០២០មក និងមិនប៉ះពាល់ដល់ការថមថយនយោបាយការបរទេសកម្ពុជានោះឡើយ ដោយសារទន្ទឹមការបិទនេះ ក៏មានការបើកការិយាល័យតំណាងប្រទេសផ្សេងនៅទឹកដីកម្ពុជាផងដែរ។ ផ្ទុយមកវិញលោកមើលឃើញថា ការបិទការិយាល័យរបស់ស៊ុតអែតនៅភ្នំពេញ ដោយសារមានតម្រូវការចាំបាច់ផ្សេងៗ ការកែសម្រួលកិច្ចការផ្ទៃក្នុង ឬការសើរើស្ថានទូតរបស់ខ្លួនឡើងវិញ ស្របពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងបន្ត។
លោកថា៖«ដោយសារតែសណ្ដាប់ធ្នាប់ពិភពលោកមានការប្រែប្រួល ជាពិសេសយុទ្ធសាស្ត្រសំខាន់បំផុតសម្រាប់បណ្ដាប្រទេសសហគមន៍អឺរ៉ុប គឺផ្ដោតទៅលើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយខណៈដែលប្រទេសស៊ុយអែតក៏ជាសមាជិកនៃសហគមន៍នេះផងដែរនោះ ដូច្នេះហើយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាបញ្ហាដែលមានទម្ងន់យុទ្ធសាស្ត្រសំខាន់របស់សហគមន៍អឺរ៉ុបទាំងមូល បានជះឥទ្ធិពលនិងប៉ះពាល់ដល់បណ្ដាប្រទេសទាំងអស់នៃសហគមន៍នេះ។ ប្រការនេះ បានតម្រូវឱ្យមានការពិនិត្យ និងកែសម្រួលយុទ្ធសាស្ត្ររបស់ខ្លួន ដោយត្រូវតែមានការកែសម្រួលជំហរនៅក្នុងទំនាក់ទំនងអន្តរជាតិ កែសម្រួលនូវយុទ្ធសាស្ត្រផ្សេងៗនៅក្នុងភូមិសាស្ត្រនយោបាយថ្មី រាប់ចាប់តាំងពីការកែសម្រួលស្ថានទូត និងទីកន្លែងបេសកកម្មការទូតរបស់ខ្លួនជាដើម»។
លោក យង់ ពៅ បន្តថា ការលើកឡើងរបស់ស្ថានទូតស៊ុយអែត អាចឱ្យគេយល់បានច្បាស់គ្រប់គ្រាន់សម្រាប់មហាជន ដោយមិនគួរត្រូវបានគេយកទៅបកស្រាយដើម្បីកេងចំណេញនយោបាយ ឬដាក់បន្ទុកទៅលើរាជរដ្ឋាភិបាលកម្ពុជា ឬភាគីណាមួយនោះទេ។
បើទោះបីស៊ុយអែតបិទការិយាល័យស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែស្ថានទូតស៊ុយអែតនៅទីក្រុងបាងកកនៃប្រទេសថៃ នឹងបន្តតំណាងឱ្យស៊ុយអែតក្នុងការទំនាក់ទំនងជាមួយកម្ពុជា។ នេះបើតាមការបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា។
ការចេញមកបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បន្ទាប់ពីមានការប៉ុនប៉ងធ្វើការបកស្រាយលើករណីនៃការបិទការិយាល័យស្ថានទូតស៊ុយអែតនៅរាជធានីភ្នំពេញ ក្នុងគោលដៅនយោបាយ ដែលធ្វើឱ្យមានការភាន់ច្រឡំ។ អ្នកនាំពាក្យក្រសួងការបរទេស បានបំភ្លឺថា រដ្ឋាភិបាលស៊ុយអែតបានសម្រេចបិទការិយាល័យស្ថានទូតប្រចាំកម្ពុជា នៅក្រោមហេតុផលនៃការរៀបចំឡើងវិញនៅចំណុចអាទិភាព ដោយសារត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ថ្វីត្បិតមានការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងមកនេះ ក៏មានការបើកបន្ថែមនូវការិយាល័យនានារបស់ស្ថានទូតមួយចំនួន ជាអាទិ៍ ការបើកការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី ក្នុងខែមេសា ឆ្នាំ២០២៣ ការបើកការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ស្ថានទូត
អូស្ត្រាលី ក្នុងខែមករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណាដានៅខេត្តសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
គួររំឭកថា កម្ពុជា និងស៊ុយអែត មានទំនាក់ទំនងការទូតជាផ្លូវការចាប់តាំងពីឆ្នាំ១៩៦១ មក ប៉ុន្តែនៅពេលកម្ពុជាធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ស៊ុយអ៊ែតក៏បានបញ្ចប់ទំនាក់ទំនងនេះ។ លុះមកដល់ឆ្នាំ២០១០ ទើបស៊ុយអែតបើកស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជាឡើយវិញ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C