ព័ត៌មានជាតិ
ស៊ុយអ៊ែត សន្យាបង្កើតមជ្ឈមណ្ឌលការងារគ្រប់រាជធានី-ខេត្ត ដើម្បីលើកកម្ពស់ទីផ្សារការងារនៅកម្ពុជា
លោក Magnus Saemundssonលេខាទី១ស្ថានទូតស៊ុយអ៊ែត ប្រចាំកម្ពុជាបានសន្យាថា នឹងបន្តខិតខំជួយគាំទ្រថែមទៀតដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារថែមទៀតឱ្យបានគ្រប់រាជធានី-ខេត្ត សំដៅជួយលើកកម្ពស់ទីផ្សារការងារនៅកម្ពុជា ពិសេសយុវជន ស្ត្រី និងអ្នកមានពិការភាព។
ការសន្យានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅទីស្តីការក្រសួងការងារ។

លោក Magnus Saemundssonបានបន្តថា ស៊ុយអ៊ែតនឹងបន្តខិតខំធ្វើយ៉ាងណាសហការជាមួយក្រសួងការងារបង្កើតមជ្ឈមណ្ឌលការងារថែមទៀតឱ្យបានគ្រប់រាជធានី-ខេត្ត ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារមួយក្នុងមួយរាជធានី-ខេត្ត ខណៈបច្ចុបន្ននេះមាន១៣មជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៣ផងដែររួចហើយ។
លោកបណ្ឌិត អ៊ិត សំហេង បានអរគុណចំពោះរាជរដ្ឋាភិបាល ស៊ុយអ៊ែត ដែលតែងតែផ្តល់ការជួយឧបត្ថម្ភគាំទ្រ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសពាក់ព័ន្ធទៅនឹងការផលិតនូវរបាយការណ៍អង្កេតអំពីកង្វះ និងគម្លាតជំនាញក្នុងទីផ្សារការងារនៅកម្ពុជា និងរបាយការណ៍ព្យាករណ៍អំពីឱកាសការងារក្នុងទីផ្សារការ ងារនៅកម្ពុជាជាដើម មកដល់មន្រី្តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈក្នុងការប្រើប្រាស់ស្របទៅនឹងភាពទំនើបនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ស្ថិតនៅក្នុងបរិបទកូវីដ-១៩នេះដែរ ការរៀបចំដំណើរការស្វែងរកការងារ បាន រៀបចំតាមប្រព័ន្ធបច្ចេកវិទ្យា ដោយកាត់បន្ថយនូវការប្រមូលផ្តុំ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ហើយសេវារបស់យើងនៅតែមានដំណើរការ អ្នកដែលបាត់បង់ការងារអាចសម្ភាសរកការងារថ្មី។

លោករដ្ឋមន្ត្រីបានបន្តថា ទីភ្នាក់ងារជាតិមុខរបរ និងការងារអាចចាត់ទុកថា ជាសេវាថ្មីតែទទួលបានជោគជ័យ ក្នុងនោះដែរក៏មានការផ្តល់ការឧបត្ថម្ភគាំទ្រជាដរាបរៀងមក ពីរដ្ឋាភិបាល ស៊ុយអ៊ែត ផ្តល់បទពិសោធន៍ និងចំណេះដឹងជាច្រើនមកដល់មន្ត្រីរបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារដោយឲ្យមានដំណើរទស្សនកិច្ចទៅសិក្សាស្វែងយល់បន្ថែមពីមជ្ឈមណ្ឌលការងារ ទៅកាន់ប្រទេសស៊ុយអ៊ែត។
ជាមួយគ្នានោះ កម្ពុជាក៏ទទួលបានជំនួយហិរញ្ញវត្ថុរៀបចំមជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត និងមជ្ឈមណ្ឌលការងារចល័តផងដែរ។ ទាក់ទងទៅនឹងការងារជនពិការនេះដែរ កម្ពុជាក៏មានច្បាប់ការពារជនពិការដែលច្បាប់នេះពិតជាមានសារសំខាន់ណាស់ ដើម្បីគាំពារដល់ពួកគាត់។ ហើយមានបញ្ហាជាច្រើនទៀតដែលទាមទារឲ្យយើងត្រូវចូលរួមធ្វើការដោះស្រាយក្នុងការធ្វើសមារហណកម្មជនពិការទៅក្នុងសហគមន៍ គឺផ្តល់ឱកាសការងារជូនដល់ពួកគាត់ឲ្យបានកាន់តែប្រសើរ។ ចំពោះច្បាប់ជនពិការនេះ ក៏បានធ្វើការកំណត់ផងដែរថា ក្នុងការជ្រើសរើសជនពិការក្នុងការចូលបម្រើកិច្ចការងារនៅក្នុងសង្គមដោយរដ្ឋាភិបាលត្រូវបានកំណត់ចំនួន២ភាគរយ ចំណែក១ភាគរយនៅក្នុងសហគ្រាសឯកជន។

នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមក និងបានបង្ហាញនូវជំនឿជឿជាក់ថា គម្រោងទាំងនោះ ពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ភាពងាយស្រួល និងពង្រីកនូវវិសាលភាពទៅដល់ប្រជាពលរដ្ឋក្នុងការស្វែងរកឱកាសការងារ និងផ្តល់កម្លាំងពលកម្មដើម្បីបំពេញនូវតម្រូវការដល់ស្ថាប័ន ក្រុមហ៊ុន រោងចក្រសហគ្រាស ដែលកំពុងត្រូវការជាចាំបាច់បម្រើឲ្យខ្សែច្រវ៉ាក់ផលិតកម្មខ្លួន។
គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ុយ អ៊ែត, រាជរដ្ឋាភិបាលកម្ពុជា អង្គការក្រៅរដ្ឋាភិបាលមួយចំនួននិងអង្គការសហប្រជាជាតិ នឹងរួមសហការគ្នាបង្កើតគម្រោងមួយឈ្មោះថា “ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជាការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព” ដែលគម្រោងនេះមានរយៈពេល២ឆ្នាំ ៣ខែ ដោយចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ -៣១ ធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងាសម្រាប់ជនគ្រប់រូបដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាពក្នុងការស្វែងរកការងារធ្វើដោយផ្តោតជាពិសេសលើយុវជន និងស្ត្រី៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


