ព័ត៌មានជាតិ
ផ្លូវកៅស៊ូសិរីកា ប្រវែងប្រមាណ ២ គីឡូម៉ែត្រ កំពុងរងការខូចខាត រំខានដល់ការធ្វើដំណើររបស់ពលរដ្ឋនៅក្រុងខេមរភូមិន្ទ
រដូវវស្សាឆ្នាំនេះ ខុសពីឆ្នាំមុន ដោយកំណាត់ផ្លូវសិរីកា ប្រវែងប្រមាណ ២ គីឡូម៉ែត្រ កំពុងរងការខូចខាត ដាច់ដុំដោយកន្លែង បង្កផលលំបាកដល់ការចរាចរណ៍ធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងអ្នកទេសចរ ខណៈផ្លូវ ១ ខ្សែ នេះ ជាសក្ដានុពលខាងផ្នែកទេសចរណ៍។

ផ្លូវកៅស៊ូសិរីកា ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលកំពុងរងការខូចខាត បានបង្កការរំខានដល់ការធ្វើដំណើរដឹកជញ្ជូនទិន្នផលនេសាទ និងទៅលេងកម្សាន្តនៅតំបន់អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាងពាមក្រសោប ជាប់នឹងស្រុកមណ្ឌលសីមា។
តំណាងប្រជាពលរដ្ឋតែងតែអាស្រ័យការបើកបរទៅមកលើកំណាត់ផ្លូវកៅស៊ូនេះ បានត្អូញត្អែរកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ថា ពួកគាត់ពិតជាពិបាកធ្វើដំណើរដោយមានជង្រុកធំជ្រៅៗ ងាយគ្រោះថ្នាក់ផ្សេងៗ។ ដូច្នេះ ពួកគាត់ក៏ស្នើសុំជាថ្មីម្តងទៀតដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ មេត្តាជួយពិនិត្យជួសជុលកែលម្អផ្លូវកៅស៊ូ ១ ខ្សែនេះ ឲ្យបានល្អប្រសើរ ងាយស្រួលចរាចរណ៍ឡើងវិញផង។

ពាក់ព័ន្ធបញ្ហាចង់បានផ្លូវល្អងាយស្រួលធ្វើដំណើរ ត្រូវបាន លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង អះអាងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ថា រដ្ឋបាលខេត្តកោះកុង ទទួលយកសំណើរបស់ពលរដ្ឋ ហើយដឹងពីការលំបាកធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចជាអ្នកទេសចរ មិនថាតែរដូវវស្សា ឬប្រាំង។
លោកអភិបាលរងខេត្តកោះកុង បន្តទៀតថា មិនយូរនោះទេ ឲ្យតែមេឃរាំង ភ្លៀងដាច់គ្រាប់ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នឹងដាក់គ្រឿងចក្រចុះជួសជុលឲ្យល្អ មានសុវត្ថិភាពវិញហើយ ក្រោមគម្រោងអភិវឌ្ឍន៍មូលនិធិកញ្ចប់ថវិការបស់រដ្ឋបាលខេត្ត តាមរយៈការអ៊ុតកៅស៊ូប្រភេទ AC។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ក៏បានឲ្យដឹងដែរថា ក្រុមការងាររបស់លោក នឹងអ៊ុតកៅស៊ូលើកំណាត់ផ្លូវសិរីកាដែលរងខូចខាតមានប្រវែងជិត ២ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ និងកម្រាស់ ៧ ហ៊ុន បន្ទាប់ពីទទួលសហការកិច្ចសន្យាជាមួយរដ្ឋបាលខេត្ត ដើម្បីលើកកម្ពស់គុណភាពផ្លូវខាងលើ។ ប៉ុន្តែទោះយ៉ាងណា លោកក៏សូមអធ្យាស្រ័យពីប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់ កំពុងជួបការលំបាកធ្វើដំណើរទៅមកលើកំណាត់ផ្លូវ ១ ខ្សែ អំឡុងរដូវវស្សា ដោយសង្ឃឹមថា អ្នកពាក់ព័ន្ធនឹងយោគយល់ពីបញ្ហាប្រឈមដោយសារអាកាសធាតុនេះ។
នៅពេលដែលដឹងដំណឹងថា នឹងមានការជួសជុលផ្លូវជាង ២ គីឡូម៉ែត្រនេះ ពលរដ្ឋបង្ហាញការរីករាយ ដោយជឿជាក់ថា ពេលជួសជុលហើយ នឹងមានសុវត្ថិភាពសម្រាប់ការធ្វើចរាចរណ៍ ពិសេសបង្កើនភាពទាក់ទាញអ្នកទេសចរមកលេងកម្សាន្តនៅខេត្តកោះកុងកាន់តែច្រើន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


