ព័ត៌មានជាតិ
បញ្ហាតម្លៃម្ហូបអាហារនៅកែប៖ អភិបាលខេត្តថាធ្លាប់ណែនាំកុំឱ្យលក់ថ្លៃ តែមួយក្ដាប់តូចមិនស្ដាប់នៅតែលួចលក់ថ្លៃ
បន្ទាប់ពីខេត្តកែបកំពុងតែល្បីព្រោះរឿងអាស្រូវតម្លៃបាយឆា និងម្ហូបអាហារថ្លៃ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ចេញមុខអះអាងថា ជារឿយៗអាជ្ញាធរ តែងតែហៅអាជីវករមកណែនាំកុំឱ្យលក់ម្ហូបអាហារថ្លៃ ក៏ប៉ុន្តែអាជីវករមួយក្ដាប់តូចនៅតែរឹងរូស មិនស្ដាប់ លួចលក់ថ្លៃ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់អាជីវករត្រឹមត្រូវដែលលក់ក្នុងតម្លៃសមរម្យ។

តាមសំណេរលើទំព័រហ្វេសប៊ុក លោក សោម ពិសិដ្ឋ សរសេរអះអាងដូច្នេះ៖«ប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្ញុំបានឃើញបងប្អូនមានលេីកឡេីងជាមតិយោបល់ ជជែកវែកញែកអំពីរឿងថ្លៃម្ហូបអាហារនៅខេត្តកែប ។ ជាក់ស្ដែងខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា កន្លងមកខ្ញុំក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើការណែនាំជាប្រចាំដល់បងប្អូនអាជីវករអំពីបញ្ហានេះ ប៉ុន្តែមានអាជីវករមួយចំនួនតូច បានឆ្លៀតឱកាសលក់តម្លើងថ្លៃ ហេីយធ្វើឲ្យប៉ះពាល់ដល់អាជីវករមួយចំនួនធំ ដែលបានគោរព និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។»។
ក្រៅពីនេះ លោក សោម ពិសិដ្ឋ ក៏បាន ណែនាំអាជីវករ ដែលលក់ដូរម្ហូបអាហារនៅតាមបណ្ដោយឆ្នេរក្នុងភូមិសាស្ត្រក្រុងកែប ត្រូវលក់ដូរម្ហូបអាហារ ដែលមានគុណភាព អនាម័យ និងតម្លៃសមរម្យ ដោយមិនត្រូវឆ្លៀតឱកាសតម្លេីងថ្លៃឡើយ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិផ្សេងៗ។ លោកអភិបាលខេត្ត តម្រូវអាជីវករមានបញ្ជីរាយមុខម្ហូប និងវិក្កយបត្រ ឈ្មោះហាង លេខទូរសព្ទទំនាក់ទំនងឲ្យបានត្រឹមត្រូវ

ហាមបក់ដៃហៅភ្ញៀវ ក្រាលកន្ទេល តុ កៅអី និងការតាំងអាហារ និងលក់សម្ភារៈផ្សេងៗតាមផ្លូវសាធារណៈ,ត្រូវមានសុជីវធម៌ល្អ ជាមួយភ្ញៀវ និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថានឲ្យបានស្អាតជាប្រចាំ។ ទាំងនេះជាចំណុចដែលលោក អភិបាលខេត្តណែនាំដល់អាជីវករ បន្ទាប់ពីខេត្តដែលតូចជាងគេនៅកម្ពុជាមួយនេះ តែងតែមានបញ្ហារកាំរកូសកើតឡើងរវាងអាជីវករ និងភ្ញៀវទេសចរ លើបញ្ហាតម្លៃម្ហូបអាហារថ្លៃ យកថ្លៃកន្លែងអង្គុយតាមទីសាធារណៈ និងបញ្ហាជម្លោះរវាងអាជីវករ និងភ្ញៀវ។
លោកអភិបាលខេត្ត ក៏ស្នើអាជីវករបន្តចូលរួម សហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភាតរភាពខ្មែរនិងខ្មែរ ដេីម្បីមុខមាត់ និងកិត្តិយសរបស់ខេត្ត ពិសេសលេីកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត សំដៅស្រូបទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យចូលមកសម្រាកលម្ហែកម្សាន្ត និងលេីកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ៕
ដោយ៖ ង៉ិល ណារ៉ាត់




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


