ព័ត៌មានជាតិ
ខេត្តហឺណាន មានប្រជាជន១០០លាននាក់ នឹងជំរុញភ្ញៀវទេសចរមកលេងកម្ពុជា១លាននាក់ក្នុងមួយឆ្នាំ
ខេត្តហឺណាន ស្ថិតនៅភាគកណ្តាលនៃប្រទេសចិន ដែលមានប្រជាជនប្រមាណ១០០លាននាក់ សន្យានឹងខិតខំជំរុញភ្ញៀវទេសចរឱ្យមកទស្សនានៅកម្ពុជាឱ្យបាន ១លាននាក់ ក្នុងមួយឆ្នាំ ព្រមទាំងជួយជំរុញក្នុងការបង្កើនជើងហោះហើរត្រង់ផងដែរ។
រដ្ឋបាលខេត្តហឺណាន បានអះអាងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ហួត ហាក់ ដែលបានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែតុលាឆ្នាំ២០២៤។ ក្រៅពីចូលរួមព្រឹត្តិការណ៍លោក ហួត ហាក់ ឆ្លៀតទទួលជួបជាមួយសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន អភិបាលរងខេត្តហឺណាន មន្រ្តីជាន់ខ្ពស់ និងប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ និងទេសចរណ៍។

សេចក្តីប្រកាសព័ត៌មានក្រសួងទេសចរណ៍ បានឱ្យដឹងថា ឆ្លៀតឱកាសនោះ លោក ហួត ហាក់ បានអំពាវនាវដល់ថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយចិនទាំងអស់ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា កៀរគរភ្ញៀវទេសចរឱ្យបានកាន់តែច្រើនថែមទៀត និងរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនមកកម្ពុជា ដោយក្រសួងទេសចរណ៍ នឹងផ្ដល់ការសម្របសម្រួលឱ្យអស់ពីលទ្ធភាព។
លោក ហួត ហាក់ បញ្ជាក់ថា៖«ជំនួបពិភាក្សាការងារខាងលើ ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីកត់សម្គាល់ ដោយខេត្តហឺណាន ស្ថិតនៅភាគកណ្តាលនៃប្រទេសចិន មានប្រជាជនប្រមាណ១០០លាននាក់ ដែលមានសក្ដានុពលដ៏ធំធេងសម្រាប់កម្ពុជាចាប់យកឱកាសក្នុងការជំរុញភ្ញៀវទេសចរមកពីខេត្តហឺណាន»។

សេចក្តីប្រកាសបានឱ្យដឹងថា៖«ដូច្នេះតបតាមការស្នើសុំរបស់ភាគីកម្ពុជា រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ នឹងខិតខំជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយ ដើម្បីកៀរគរទេសចរមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូងឱ្យបាន ១លាននាក់ ក្នុង ១ឆ្នាំ។
បន្ថែមលើនេះ ភាគីចិន នឹងពិនិត្យលទ្ធភាពក្នុងការជំរុញវិនិយោគិនចិនមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រមទាំងជួយជំរុញ ក្នុងការបង្កើនជើងហោះហើរត្រង់ និងបង្កើតជើងហោះហើរថ្មីតភ្ជាប់ពីក្រុងសំខាន់ៗរបស់ខេត្តហឺនណានមកកម្ពុជា។

ពាក់ព័ន្ធព្រឹត្តិការណ៍ខាងលើវិញលោក ហួត ហាក់ បានបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ដែលឆ្លុះបញ្ចាំងពីការយកចិត្ត ទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងខេត្តហឺណាន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី “មិត្តដែកថែប” និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែងៗ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសម្តែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុណសៅលីញនេះ ត្រូវបានរៀបចំយ៉ាងអធិកអធម និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយបាននាំយកក្បាច់គុនល្បុក្កតោកម្ពុជា មកសម្ដែងជាលើកដំបូងនៅបរិវេណមុខខ្លោងទ្វារព្រះវិហារវត្តសៅលីញដ៏ល្បីល្បាញ ហើយត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសារពត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមចិនយ៉ាងទូលំទូលាយ ដែលមានអ្នកចូលទស្សនាតាមបណ្ដាញសារព័ត៌មាននានាប្រមាណ ១០០លាននាក់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


