ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ជំរុញអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងផ្តល់ព័ត៌មានពិត
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងផ្តល់ព័ត៌មានពិត ដើម្បីផ្តល់ទំនុកចិត្តដល់សាធារណជន ចៀសវាងផលិតព័ត៌ក្លែងក្លាយដែលអាចនាំឱ្យគ្រោះថ្នាក់ដល់សង្គម។
ការជំរុញ និងផ្តល់អនុសាសន៍ទាំងនេះ ធ្វើឡើងឱកាសលោកបានអញ្ជើញជាអធិបតីចូលរួមសន្និសីទថ្នាក់ជាតិ ក្រោមប្រធានបទ «ទំនុកចិត្តលើសារព័ត៌មានកម្ពុជា៖ សារព័ត៌មានប្រកដបដោយក្រមសីលធម៌សម្រាប់ប្រយោជន៍សាធារណៈ»នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ។ សន្និសីទនេះ ត្រូវបានសហការរៀបចំឡើងដោយ អង្គការយូណេស្កូ ស្ថាប័នសារព័ត៌មានខេបូចា រួមជាមួយដៃគូក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ដោយមានការចូលរួមពីអ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធសរុបប្រមាណ ១៥០នាក់។

នាពិធីនោះ លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ប្រធានបទក្នុងសន្និសីទនេះ សមស្របនឹងកាលៈទេសៈដែលក្រសួងព័ត៌មានជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន ដើម្បីលើកកម្ពស់គុណភាព និងតម្លៃវិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ លោកបញ្ជាក់ថា៖« ព្រោះអ្នកសារព័ត៌មានជាដៃគូមួយដ៏សំខាន់ក្នុងការរួមចំណែកលើកស្ទួយការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងជាភ្នាក់ងារសកម្មក្នុងការពាំនាំនូវព័ត៌មាន ចំណេះដឹង ការអប់រំ និងការកំសាន្ត ដោយផ្សព្វផ្សាយព័ត៌មានពិត ដោយការទទួលខុសត្រូវ ដើម្បីទទួលបាននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ»។
ជាងនេះទៀត អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គមឌីជីថល ព្រោះការផ្សាយពិតរបស់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណៈជនទូទៅ ខណៈព័ត៌មានក្លែងក្លាយបាននិងកំពុងរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ បានផ្តល់អនុសាសន៍មួយចំនួនដល់អ្នកសារព័ត៌មាន ត្រូវមានកាតព្វកិច្ចផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន។ អ្នកសារព័ត៌មានត្រូវប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានាភាពថ្លៃថ្នូរ លើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន ដោយមនសិកាការពារផលប្រយោជន៍សាធារណៈ។
លោកសង្កត់ធ្ងន់ថា៖«អ្នកសារព័ត៌មានត្រូវប្រើប្រាស់បណ្ណសម្គាល់អ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ដោយការទទួលខុសត្រូវ សូមកុំដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមានក្នុងនាមអ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានមិនមែនជាសមត្ថកិច្ច ឬតុលាការឡើយ»។ លោកក៏បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបំភ្លៃ ការក្រឡៃព័ត៌មានដោយចេតនាអាក្រក់បង្កឱ្យមានការរើសអើង ស្អប់ខ្ពើម ភាពចលាចល ឬការបែកបាក់ក្នុងសង្គម ដែលជាការដើរហួសគន្លងវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ជាធរមាន។

បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ បច្ចុប្បន្ន មានប្រជាពលរដ្ឋច្រើនឡើងបានចាប់យកមធ្យោបាយឌីជីថលដើម្បីទទួលព័ត៌មានប្រចាំថ្ងៃ ដែលនិន្នាការនេះបានបង្ហាញថាកម្ពុជាមានសិទ្ធិនិងសេរីភាពពេញលេញ ក្នុងការទទួលបានអ៊ិនធឺណិតប្រើប្រាស់នៅទូទាំងប្រទេស។
ពិតណាស់ វាបានផ្តល់នូវភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា ប៉ុន្តែវាក៏បាននាំមកនូវផលវិបាកជាច្រើនផងដែរ ក្នុងនោះការសាយភាយយ៉ាងរហ័សនូវព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាចម្បង ដែលបង្កគ្រោះថ្នាក់ដល់សង្គម ព្រោះការចែកចាយនូវព័ត៌មាននានា រាប់ទាំងព័ត៌មាន មិនពិតផង មានភាពលឿនឆាប់ដល់ដៃប្រជាពលរដ្ឋតាមបណ្តាញទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុក តិកតុក យូធូប និងមធ្យោបាយអនឡាញផ្សេងទៀត ជាជាងតាមកាសែត ទូរទស្សន៍ វិទ្យុជាដើម ឬតាមប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈផ្សេងទៀត។

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា៖«លើសពីនេះ ការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួនដោយខ្វះក្រមសីលធម៌បានធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តលើសារព័ត៌មាន ជះឥទ្ធិពលអវិជ្ជមានលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងអ្នកដែលអនុវត្តការងារតាមវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


